អន្តរជាតិ
ដូ​ណា​ល់​ត្រាំ ទារលុយ​ថ្លៃ​ការពារ​ពី​សម្ព័ន្ធមិត្ត​ពេល​ក្លាយជា​ប្រធានាធិបតី​
28, Mar 2016 , 8:59 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​នាំមុខគេ​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) លើកឡើងថា សម្ព័ន្ធមិត្ត​អាមេរិក​ត្រូវ​ចំណាយលុយ បើសិន​ចង់បាន​ទទួល​ការការពារ​ពី​អាមេរិក​។ ទ័ព​អាមេរិក​អាច​នឹងត្រូវ​ដកចេញ​ពី​កូរ៉េខាងត្បូង​និង​ជប៉ុន​បើ​ប្រទេស​ទាំងនេះ​មិន​ចំណាយលុយ ហើយ​អា​មេ​រិ​ក៏​នឹង​ឈប់​ទិញ​ប្រេង​ពី​អា​រ៉ា​ប៊ី​សា​អូឌីត បើសិន​សេដ្ឋី​ប្រេង​នេះ​មិន​បញ្ជូន​ទ័ព​ឬ​ផ្តល់​លុយ​សម្រាប់​កម្ចាត់​ក្រុម​ដែ​ស្ហ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន New York Times  ពាក់ព័ន្ធ​នយោបាយ​ការបរទេស បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​អះអាងថា សម្ព័ន្ធមិត្ត​អាមេរិក​គួរ​ចំណាយ​ថវិកា​ប្រសិនបើ​ពួកគេ​ចង់បាន​ការការពា​រ​ពី​អាមេរិក​ដូច​បច្ចុប្បន្ននេះ​។  តែ លោក ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់ថា វា​មិនមែន​មានន័យថា នយោបាយ​ការបរទេស​របស់លោក​ជា​នយោបាយ​ឯកោរ​និយម​ឡើយ​។

១.​បើ​លោក​ជាប់ឆ្នោត អាមេរិក​ឈប់​ទិញ​ប្រេង​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​
​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​ពន្យល់ថា សហរដ្ឋអាមេរិក​នឹង​ឈប់​បន្ត​ទិញ​ប្រេង​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត បើសិន​បើ​ពួកគេ​មិន​ចំណាយលុយ​ឬ​បញ្ជូន​កងទ័ព​ទៅ​វាយប្រហារ​ក្រុម​រដ្ឋ​ភេរវជន​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh)​ទេ​។

​លោក​ថា​៖« យើង​មិន​ដែរ​បានទទួល​លុយ​សង​វិញ​ឡើយ ចំពោះ​ការចំណាយ​ច្រើនសន្ធឹក​សន្ធាប់​លើ​សេវា​ការពារ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​»​។ អ្នកនយោបាយ​រូបនេះ​យល់ថា វា​ជា​រឿង​មិន​សមរម្យ​ទាល់តែសោះ​ដែល​អាមេរិក​ត្រូវ​ចំណាយលុយ​ខ្លួនឯង​ច្រើនសន្ធឹក​ដើម្បី​ការពារ​ប្រទេស​ដទៃ ហើយ​វា​ហាក់ដូចជា​បណ្តា​ប្រទេស​ទាំងនោះ​កំពុង​ជិះសេះ​លែងដៃ​ដូច្នេះ​ដែរ​។ ហើយ​ការការពារ​ពិភពលោក​វា​ត្រូវការ​ចំណាយ​ច្រើន ហើយ​មិន​បានទទួល​អ្វី​មកវិញ​សូម្បីតែ​ការគោរព​។   លោក​សង្កត់ធ្ងន់ថា បើសិន​គ្មាន​អាមេរិក​ខ្នងបង្អែក អា​រ៉ា​ប៊ី​សា​អូឌីត ប្រហែលជា​មិន​នៅ​ស្រួល​ឡើយ​។​

២. ជំហាន​បន្ទាប់​គឺ​ដកទ័ព​ចេញពី​ជប៉ុន​និង​កូរ៉េខាងត្បូង​
​ក្រៅពី​បញ្ហា​ភេរវជន លោក ដូ​ណា​ល់ ត្រាំ ក៏​យល់ឃើញថា ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី​មាន​ជប៉ុន​និង​កូរ៉េ​ក៏​គួរ​ចូលរួម​ទទួលខុសត្រូវ​ពី​បញ្ហា​សន្តិសុខ​ខ្លួនឯង​ដែរ  មិនមែន​ឲ្យ​អាមេរិក​ចំណាយលុយ​ការពារ​ពួកគេ​ដូច​ពេលនេះ​ទេ​។ បើតាម​សម្តី​ស្រង់​ដោយ New York Times ដដែល បើ​ករណី​លោក​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ នឹង​ដក​កងទ័ព​អាមេរិក​ចេញពី​ជប៉ុន​និង​កូរ៉េ​ខាង​ត្បួ​ង បើសិនជា​ពួកគេ​មិន​ចំណាយលុយ​សម្រាប់​ដំណើរការ​មូលដ្ឋាន​យោធា និង​ចិញ្ចឹម​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​ប្រទេស​ទាំងពីរ​។​

​ប៉ុន្តែ​លោក បានបង្ហាញ​គម្រោង​ថ្មី​ផងដែរ ដោយ​អនុញ្ញាត​ឲ្យ​កូរ៉េខាងត្បូង​និង​ជប៉ុន ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន ដោយ​ឈប់​ពឹងផ្អែក​ទាំងស្រុង​លើ​សហរដ្ឋអាមេរិក​ទៀត​ដើម្បី​ការពារ​ប្រឆាំង​កូរ៉េខាងជើង​និង​ចិន​។​

​ទាក់ទិន​បញ្ហា​អឺរ៉ុប លោក ដូ​ណា​ល់ ត្រាំ ថា បក្សសម្ព័ន្ធ​យោធា ណា​តូ ជា​អង្គការ​ហួស​សម័យ​ទៅហើយ​វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឆាំង​សហភាពសូវៀត​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ១៩៤៩ ។  អង្គការ​ណា​តូ​នេះ វា​មិន​ស័ក្តិសម​ត្រូវគេ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​ភេរវកម្ម​ឡើយ​។ ហើយ​លោក​ក៏​ចង់​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះដែរ​ព្រោះ អាមេរិក​ចំណាយលុយ​ច្រើនណាស់​សម្រាប់​គាំទ្រ​បក្សសម្ព័ន្ធ​យោធា​នេះ​៕


Tag:
 ដូណាល់ត្រាំ​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ជប៉ុន​
 ​ កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com