អន្តរជាតិ
កម្រាលព្រំ​ក្រហមឆ្អៅ​ស្វាគមន៍ លោក ស៊ី ជិន​ពីង ក្នុង​ទស្សនកិច្ច​នៅ ឆែក​
28, Mar 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ឆែក​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពង្រឹង​ចំណង​ការទូត ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​ប្រមុខរដ្ឋ​ចិន​នឹង​បញ្ចប់ទៅ​ដោយមាន​ការចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ច្រើន​ផងដែរ​។​



​រដ្ឋាភិបាល​ក្រុង​ប្រាក បានរៀបចំ​ទទួល​ស្វាគមន៍​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង យ៉ាង​កក់ក្តៅ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ កម្រាលព្រំ​ក្រហមឆ្អៅ​ត្រូវបាន​គេ​ក្រាល​សម្រាប់​ប្រមុខរដ្ឋ​ចិន ហើយ​លោក ស៊ី ជិន​ពីង នេះ​ក៏​ក្លាយជា​ឥស្សរជន​បរទេស​ដំបូង​គេ​បំផុត​ដែល​ត្រូវបាន​រដ្ឋាភិបាល​ឆែក​អញ្ជើញ​ឲ្យ​ទៅ​និវេសនដ្ឋាន​ពិសេស​មួយកន្លែង​នៅក្រៅ​រដ្ឋធានី​ប្រាក​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​ចិន នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ចំណង​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ប្រ​ទស​ឆែក​។ លោក ស៊ី នឹង​ជួប​ជជែក​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​ឆែក​លោក Milos Zeman ផងដែរ ហើយ​មេដឹកនាំ​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​មួយចំនួន​រួមគ្នា​ផង​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​។

​មុន​ទស្សនកិច្ច​ចាប់ផ្តើម​លោក ស៊ី ជិន​ពីង បាន​ថ្លែ​ថា​៖« ភាគី​ចិន​និង​ឆែក​គួរតែ​បង្កើន​ទំនាក់ទំនង​រួមគ្នា និង​ត្រូវ​មើល​ទំនាក់ទំនង​នេះ ក្នុង​ទស្សនវិស័យ​យុទ្ធសាស្ត្រ និង​វែងឆ្ងាយ​»​។ 

​មហា​យក្ស​អាស៊ី​ចិន​នេះ ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​រដ្ឋ​អឺរ៉ុប ឆែក  ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់​២១ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​បច្ចុប្បន្ននេះ​។​

​តាមពិតទៅ ប្រធានាធិបតី​ឆែក​លោក Milos Zeman ចង់​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​តាំងពី​ពេល​លោក​ឡើងកាន់តំណែង​ឆ្នាំ ២០១៣​ម្ល៉េះ ថ្វីបើ​លោក​មាន​តួនាទី​មិនសូវ​សំខាន់​ក្នុងការ​បង្កើត​នយោបាយ​ការបរទេស​ក៏ដោយ​។  លោក​មាន​ទំនោរ​ទៅរក​ការបង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន ហើយ​លោ​ក៏​ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​រៀនសូត្រ​ពី​ការរក្សា​ស្ថិរភាព​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​

​លោក Milos Zeman បាន​ថ្លែង ក្នុង​ឆ្នាំ ២០១៤ លោក​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន ហើយ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​ចិន​ជុំវិញ​ការបង្កើត​គោលនយោបាយ​រក្សា​ស្ថិរភាព​ប្រទេសជាតិ​និង​រក្សា​កំណើនសេដ្ឋកិច្ច ជាជាង​ផ្តោតលើ​សេដ្ឋកិច្ច​ទីផ្សារ និង​បញ្ហា​សិទ្ធិមនុស្ស​។

​កន្លងមក​លោក Milos Zeman បាន​ក្លាយជា​មេដឹកនាំ​អឺរ៉ុប​ដំបូង​បំផុត​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​រលឹក​ខួប​លើក​ទី ៧០ នៃ​ជ័យជម្នះ​សង្គ្រាមលោក​លើក ទី ២ ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​ចិន កាលពី​ខែកញ្ញា​ឆ្នាំមុន​។

​ប៉ុន្តែ​និន្នាការ​របស់លោក ហាក់បីដូចជា​ផ្ទុយស្រឡះ​ពី​អតីត​មេដឹកនាំ​ឆែក​លោក Vaclav Havel ដែលជា​ប្រធាន​ធិបតី​ឆែក​ក្រោយ​សម័យ​កុម្មុយនីស្ត​។ លោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ឬ​អាច​ថា​ជា​មិត្ត​របស់​មេដឹកនាំ​សាសនា​នៃ​តំបន់​ទី​បេ សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា (Dalai Lama)៕


Tag:
 ​ស៊ី ជិន​ពីង​
  Milos Zeman
  ចិន​
  ឆែក​
© រក្សាសិទ្ធិដោយ thmeythmey.com