កីឡាជាតិ
ជាតិ
កីឡាករ​កីឡាការិនី​វាយ​សី ៨​រូប ទ​ទូល​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​សហព័ន្ធ​
29, Mar 2016 , 8:39 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមីនា ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា (NOCC) បានរៀបចំ​កម្មវិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត ដល់​កីឡាករ កីឡាការិនី ចំនួន​៨​នាក់ ដែល​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Goodwill Games លើក​ទី​១២ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។​



​កីឡាករ​កីឡាការិនី​វាយ​សី ផ្នែក​វាយ​ទោល​បុរស វាយ​គូ​បុរស វាយ​ទោល​នារី វាយ​គូ​នារី និង​វាយ​គូ​បុរស​នារី​ចំនួន​៨​រូប ដែល​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Goodwill Games លើក​ទី​១២ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា កាលពី​ម្សិលមិញ​នេះ នៅ​ទីស្នាក់ការ NOCC​។ ក្នុងនោះ​មេដាយមាស​វាយ​ទោល បុរស​-​នារី ទទួលបាន ១,៥​លាន​រៀល  មេដាយមាស​វាយ​គូ បុរស​-​នារី ទទួលបាន ២​លាន​រៀល និង​មេដាយប្រាក់​វាយ​គូ បុរស​-​នារី ទទួលបាន​១,៦​លាន​រៀល​។ ជាមួយគ្នានេះ គ្រូបង្វឹក ប្រធាន​គណៈប្រតិភូ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ម្នាក់ ៥០​ម៉ឺន​រៀល​ផងដែរ​។

​សម្រាប់​ការទទួលបាន​មេដាយមាស​៤ និង​ប្រាក់​១ ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Goodwill Games លើក​ទី​១២ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ នេះ ត្រូវបាន លោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ចាត់ទុកថា វា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​ចេញទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ព្រោះ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ធ្លាប់បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​ជាច្រើនលើក​រួចមកហើយ ប៉ុន្តែ​មិន​ធ្លាប់​ទទួលលទ្ធផល​បែបនេះ​ឡើយ​។


​លោក​បាន​បញ្ជាក់ថា​៖«​ក្នុងចំណោម​ប្រទេស​ទាំង​៥ កម្ពុជា ឡាវ ថៃ មី​យ៉ាន់ និង​ចិន ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Goodwill Games នៅ​ប្រទេស​ថៃ មានតែ​ប្រទេស​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​ទទួលបាន​មេដាយមាស​ច្រើនជាងគេ ជាពិសេស​កីឡា​វាយ​សី​នេះ​តែម្តង​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mekong Goodwill Games លើក​ទី​១២ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ គណៈប្រតិភូ​របស់​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ដឹកនាំ​កីឡាករ​កីឡាការិនី​វាយ​សី​កម្ពុជា ចំនួន​៨​រូប​ចូលរួម​ប្រកួត និង​ដណ្តើមបាន​មេដាយ​គ្រប់ៗ​គ្នា​ផងដែរ​។ ក្នុងនោះ​កីឡាករ ទេព ចាន់​ម៉ា​រ៉ា ឈ្នះ​មេដាយមាស លើ​វិញ្ញាសា​វាយ​ទោល​បុរស បន្ទាប់ពី​យកឈ្នះ​ម្ចាស់ផ្ទះ​ថៃ ឬ​ឯ​កីឡាករ ចេង ភា​រុំ និង វ៉ាន់ សៅ​មុន្នី ឈ្នះ​មេដាយមាស លើ​វិញ្ញាសា​វាយ​គូ​បុរស បន្ទាប់ពី​ឈ្នះ​ម្ចាស់ផ្ទះ​ថៃ ផងដែរ​។


​ដោយឡែក វិញ្ញាសា​វាយ​ទោល​នារី កីឡាការិនី កែវ ពេជ្រ​ឆ​រ៉ាវី ទទួលបាន​មេដាយមាស បន្ទាប់ពី​យកឈ្នះ ឡាវ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ចំណែក​កីឡាការិនី លឹម គឹម​ហួយ និង ឈួន ឆ័យ​រី ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​គូ​នារី បន្ទាប់ពី​ចាញ់​ថៃ ឬ​ឯ​វិញ្ញាសា​វាយ​គូ​បុរស​-​នារី កម្ពុជា​ទទួលបាន​មេដាយមាស ដែល​សម្រេច​ដោយ​កីឡាករ យ៉ាន កុសល និង​កីឡាការិនី អ៊ុង វ​ល័​ក្ខ​ទេវី បន្ទាប់ពី​ឈ្នះ​ចិន​។ កីឡាករ​កីឡាការិនី​ទាំងនេះ​ត្រូវបាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​រៀបចំ​កម្មវិធី​ប្រគល​ប្រាក់រង្វាន់​លើកទឹកចិត្ត កាលពី​ថ្ងៃទី​២៨ ខែមីនា នៅ​ទីស្នាក់ការ NOCC ក្រោម​វត្តមាន លោក លី កុសល ប្រធាន​សហព័ន្ធ និង​លោក មាស សារិន អនុប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​៕  


Tag:
 វាយ​សី​
  Mekong Goodwill Games
© រក្សាសិទ្ធិដោយ thmeythmey.com