ជាតិ
ពេញ​មួយថ្ងៃ ក្រុមនិស្សិត ស្រី ចំរើន ដាក់​ញត្តិ​បាន​៤​កន្លែង​
29, Mar 2016 , 10:48 pm        
រូបភាព
​ក្រុមនិស្សិត​ជាង​៥០​នាក់ ដែល​ដឹកនាំ​ដោយ​លោក ស្រី ចំរើន បាននាំគ្នា​ដាក់​ញត្តិ នៅ​៤​កន្លែង​ផ្សេងគ្នា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ។ ការដាក់​ញត្តិ​សាជាថ្មី​នេះ មាន​គោលបំណង​ដដែល គឺ​ការទាមទារ​ឲ្យ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញមុខ​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​សាសង​ស្នេហា​ជាមួយ​នារី​។ ការព្យាយាម​ចង់បាន​បែបនេះ ព្រោះ​ក្រុមនិស្សិត​ទាំងនោះ យល់ថា​ទង្វើ​របស់​ឯកឧត្តម កឹម សុខា គឺ​ប្រាសចាក​សីលធម៌ ហើយ​ខុស​នឹង​ច្បាប់​ថែមទៀត​។ យ៉ាងណា​ក៏ដោយចុះ ការតវ៉ា​របស់​ពួកគេ ចាប់ពី​ថ្ងៃត្រង់​ដល់ពេល​រសៀល មិនបាន​ប៉ះទង្គិច​អ្វី​ជាមួយនឹង​សកម្មជន​បក្សប្រឆាំង ឡើយ​។ ប៉ុន្តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​សម្តី​បែប​ផ្លែផ្កា​ឲ្យ​ក្រុមនិស្សិត​ម្តង​ម្តា​ល ដោយសារតែ​ពួកគេ​ឮ​ក្រុមនិស្សិត​ទាំងនោះ វាយប្រហារ​ធ្ងន់ៗ​លើ​ឯកឧត្តម កឹម សុខា ទាក់ទង​នឹង​ខ្សែ​អាត់​សំឡេង​។​



​ក្រុមនិស្សិត បាន​ចងក្រង​គ្នា​សាជាថ្មី ដើម្បី​ដាក់​ញត្តិ ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ចេញមុខ​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជុំវិញ​សំឡេង​សាសង​ស្នេហា​ជាមួយ​នារី​កំណាន់ចិត្ត​ក្នុង​ទូរ​សព្ទ ដែល​ពួកគេ​ចាត់ទុកថា ទំ​នង​ជា​សំឡេង​ពិត​របស់​ប្រធានស្តីទី​គណបក្សជំទាស់​រូប​នេះ​។ ពួកគេ​បាន​ចំណាយពេល​តាំងពី​ថ្ងៃត្រង់ រហូតដល់​រសៀល ដើម្បី​ហែ​ញត្តិ ទៅ​ដាក់​៤​កន្លែង​ផ្សេងគ្នា​។ ដំណាក់កាល​ដំបូង ពួកគេ​បាន​ដង្ហែ​ញត្តិ​ទៅ​ដា​ក់នៅ​វិមាន​រដ្ឋសភា បន្ទាប់មក​ក៏​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការអង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ ក្រោយពី​ដាក់​ញត្តិ​នៅ​កា​រិ​យា​ល័យឧ​ត្ត​ម​ស្នងការអង្គការ​សហប្រជាជាតិ​រួច ពួកគេ​ក៏​បន្ត​យុទ្ធនា​ការតម្រង់​ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គោលដៅ​ចុងក្រោយ គឺ​សំដៅ​ទៅកាន់​ផ្ទះ ឯកឧត្តម កឹម សុខា តែម្តង​។

​គ្រាន់តែ​ដល់​មុខ​របង​ផ្ទះ​ឯកឧ​ត្ត​ម កឹម សុខា ភ្លាម សំឡេង​កងរំពង​រប​ស់​ក្រុមនិស្សិត បាន​បន្លឺឡើង​យ៉ាងខ្លាំងៗ​។ និស្សិត​មួយរូប​បាន​កាន់​ឧគ្ឃោស​នាស​ព្ទ ហើយ​ស្រែក​ខ្លាំងៗ​បែបនេះ​ថា​៖«​កឹម សុខា​! កឹម សុខា កំសាក​ខ្លាំងណាស់​។ បើ​បុគ្គល​មិន​ខូច មិន​ខ្លាច​ទេ​! មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ តែ​បុគ្គល​ហ្នឹង (​ឯកឧត្តម កឹម សុខា​) ជា​មនុស្ស​ខូច មាន​ស្រី ហើយ​ជា​​ស្រី​យួន​ទៀត​។​ ដូរ មិនដូរ! ដូរ! ដូរអ្វី! ដូរស្រី»​។ និស្សិត​រូបនោះ បាន​ស្រែក​ពាក្យ​ចំអកឡកឡឺយ​ទាំងនោះ​ជា​ច្រើនដង​ច្រើនសា ទៅកាន់​តួអង្គ ឯកឧត្តម កឹម សុខា​។ ចំណែក​ឯ និស្សិត​ផ្សេងៗ​ទៀត បាន​ស្រែក​បន្ទរ​នូវ​អ្វីដែល​និស្សិត​រូបនេះ​បាន​លើក​ឡើង។

​តំណាង​និស្សិត លោក ស្រី ចំរើន បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខ​របង​ផ្ទះ​ឯកឧត្តម កឹម សុខា ថា ក្រុមនិស្សិត​ យល់ថា ទង្វើ​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ គឺ​ប្រាសចាក​ក្រមសីលធម៌ និង​ឆ្គាំឆ្គង​ចំពោះ​ប្រពៃណី ព្រមទាំង​ខុស​នឹង​ច្បាប់ ផងដែរ​។ លោក​បន្ថែមថា ស្ថិតនៅក្រោម​ហេតុផល​បែបនេះហើយ ទើប​ពួកគេ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ឲ្យ​ឯកឧត្តម កឹម សុខា បង្ហាញ​ភាពក្លាហាន ដើម្បី​ចេញមុខ​មក​ស្រាយ​បំភ្លឺ ចំពោះ​ខ្សែអាត់​សំឡេង​នេះ​។

​យ៉ាង​ក៏ដោយចុះ សកម្មជនបក្សសង្គ្រោះជាតិ​មួយចំនួន បាន​ស្រែក​ឌឺដង​ទៅកាន់​ក្រុមនិស្សិត​ទាំងនោះ​នូវ​ពាក្យ​អសុរោះ​ម្តងម្កាល​។ ពាក្យ​ទាំងនោះ ដូចជា​៖«​ក្រុមនិស្សិត​ពួក​ឯង​រៀន​ចេះតែ​រឿង​ឆ្កួតៗ​» ជាដើម​។ តែ​ការស្រែក​បែបនេះ​មិនបាន​បង្ក​ឲ្យ​មាន​ជម្លោះ​អ្វី​នោះទេ​។

​តាមពិតទៅ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៤​ទៅ​៥​នាក់ បាន​ដើរ​ប្រាប់​សកម្មជន​ទាំង​អម្បាលម៉ាន​ដែល​មក​ផ្ទះ​ឯកឧត្តម កឹម សុខា ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិនត្រូវ​ឆ្លើយ​តប​អ្វី​ឡើយ​។ ពួកគេ​ថា​ប្រាប់តៗ​គ្នា​ថា​៖«​អ្វីៗ​គ្រប់យ៉ាង​ទុក​ឲ្យ​អ្នកសារព័ត៌មាន​ជា​អ្នក​សួរ​និង​ឆ្លើយឆ្លង​ចុះ​។ យើង​នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​»​។

​ដោយសារតែ​ការអត់ធ្មត់​របស់​អ្នកគាំទ្រ​បក្ស​ជំនា​ស់បែប​នេះហើយ ទើប​ការតវ៉ា​របស់​ក្រុមនិស្សិត​នៅថ្ងៃនេះ មិនបាន​បង្ក​អំពើហិង្សា​ណាមួយ បើទោះបីជា​ក្រុមនិស្សិត​ទាំងនោះ បញ្ចេញវាចា​មិន​គប្បី ទៅកាន់​ឯកឧត្តម កឹម សុខា ក៏ដោយ​។

​បន្ទាប់ពី​បុរស​ម្នាក់ ដែល​អះអាងថា​ខ្លួន​ជា​សន្តិសុខ​មើល​ការខុសត្រូវ​ផ្ទះ​ឯកឧត្តម កឹម សុខា ចេញមក​ទទួល​ញត្តិ ក្រុមនិស្សិត​ទាំងនោះ ក៏​សម្រេចចិត្ត​បញ្ចប់​យុទ្ធនាការ​របស់ខ្លួន និង​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ នៅ​ម៉ោង ជាង​៥​រសៀល​៕


Tag:
 ក្រុមនិស្សិត​
  ដាក់​ញត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com