កីឡាជាតិ
ជាតិ
ផែ​ស្វយ័ត​ព្រះសីហនុ​បាន​៣​ពិន្ទុ ការពារជាតិ​ជោគជ័យ​ធំ រីឯ​កំពង់ធំ​ដើរចេញ​មុន​ចប់​ការប្រកួត​
31, Mar 2016 , 2:41 pm        
រូបភាព
កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ
កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ
ដោយ:
 
​ជំនួប​តាម​ពូ​ល​នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣០ ខែមីនា ម្សិលមិញ មានការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រប់​ការប្រកួត​។ នៅក្នុង​ពូ​ល A កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ រកបាន​៣​ពិន្ទុ​មុនគេ ខណៈ​ពូ​ល B ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី សុទ្ធតែ​បានទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​។ ស្របពេល​ជាមួយគ្នា ក្រុម​កងរាជអាវុធហត្ថ​កំពង់ធំ​ដើរ​ចេញពី​ទីលាន​នៅ​២​នាទី​មុន​បញ្ចប់​ការប្រកួត​សម្រាប់​ជំនួប​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង​។​

 
​ក្រៅពី​បង្ហាញ​ភាពខ្លាំង​នៅក្នុង​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រសួងការពារជាតិ ចង់​បញ្ជាក់​ឲ្យ​ដឹងថា ពួកគេ​ក៏​ជា​ក្រុម​រឹងមាំ​មួយ​ផងដែរ​នៅក្នុង​ក្របខណ្ឌ​កំពូល បើទោះបីជា​គ្មាន​កីឡាករ​បរទេស​ក៏ដោយ​។ នា​ជំនួប​នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃ​ពុធ ការពារជាតិ​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១០ បានផ្តល់​មេរៀន ៨-០ ដល់​ខេត្តព្រៃវែង ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​។​
 
​ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​របស់​ការពារជាតិ​នេះ ៣​គ្រាប់​សម្រេចបាន​ដោយ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ខណៈ​កីឡាករ សុក ច័ន្ទ​រស្មី រកបាន​២​គ្រាប់ និង​ចូលរួមចំណែក​ដោយ​កីឡាករ ទូច រ៉ូ​ម៉ា ច្រឹង ពលរដ្ឋ និង ភួង សុខ​សា​ណា ម្នាក់​មួយគ្រា​ប់​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល B ជា​បណ្តោះ​អាស​ន្ត​។ 
 
​នា​ការប្រកួត​នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង ក្រុម​ភ្ញៀវ​លេខ​២​ពូ​ល C វគ្គ​ជម្រុះ​បឋម កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ដើរ​ចេញពី​ការប្រកួត​អំឡុងពេល​សល់​២​នាទីចុងក្រោយ​។ ការចេញ​នេះ បន្ទាប់ពី​មាន​លទ្ធផល​ជ័យជម្នះ ៥-២ របស់​ក្រុម​ម្ចាស់ផ្ទះ​។ 
 
​ពាក់ព័ន្ធ​នឹង​ការដើរ​ចេញពី​ការប្រកួត​នេះ លោក ជា ប៊ុន​តៃ ស្នងការ​ប្រកួត​មិន​ធ្វើការ​អធិប្បាយ​ប្រាប់​មូលហេតុ​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា​៖«​ខ្ញុំ​មិនអាច​ប្រាប់​អ្នកសារព័ត៌មាន​មុន​បានទេ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ព្រោះ​ខ្ញុំ​ត្រូវ​ប្រជុំ​ផ្ទៃក្នុង​ជាមុនសិន​»​។  
 
​នៅក្នុង​ពូ​ល B ដដែល ក្រុម​ខ្លាំង​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ដែល​មកពី​ក្របខណ្ឌ​កំពូល​ដូចគ្នា​ក្នុង ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ អតីត​កីឡាករ​ណាហ្គា​វើ​ល​ពីររូប គឺ ទៀប វឌ្ឍនៈ និង​ជិន ជុំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ថ្មី​រៀងៗ​ខ្លួន​។ 
 
​ការប្រកួត​ដំណើរការបាន​៧​នាទី ខ្សែប្រយុទ្ធ ទៀប វឌ្ឍនៈ រក​គ្រាប់​បើកឆាក​ឲ្យ​បឹងកេត មុនពេល​ខ្សែការពារ​អាស៊ី​អឺរ៉ុប យ៉ោ​ម វណ្ណា ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ក្នុង​នាទី ទី​២៣ ។ នៅពេលដែល​ការប្រកួត​ដំណើរការបាន​ជាង​១​ម៉ោង ជិន ជុំ បាន​វាយបក​វិញ​សម្រាប់​អាស៊ី​អឺរ៉ុប ប៉ុន្តែ​លទ្ធផល ២-១ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​
 
​សម្រាប់​ជំនួប​នៅក្នុង​ពូ​ល A ក្រុម កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​យកឈ្នះ​ក្រុម យុវជន​បឹងកេត ១-០ នៅ​កីឡដ្ឋាន​នៃ​សាកលវិទ្យាល័យ​ឡាយ​ហ្វ ខេត្ត​ព្រះសីហនុ ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រដែ​លលេង​នៅ​ក្របខណ្ឌ​កំពូល បាន​ត្រឹម​បញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​ម្ចាស់ផ្ទះ​កំពង់ឆ្នាំង​៕
 
​លទ្ធផល​ការប្រកួត​ថ្ងៃទី​៣០ ខែមីនា ៖
​ពូ​ល A៖
- ខេត្តកំពង់ឆ្នាំង ២-២ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
- កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ១-០ យុវជន​បឹងកេត​អង្គរ នៅ​សាកលវិទ្យាល័យ​ឡាយ​ហ្វ ខេត្ត​ព្រះសីហនុ​
​ពូ​ល B៖
- ខេត្តស្ទឹងត្រែង ៥-២ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​
- ក្រសួងការពារជាតិ ៨-០ ខេត្តព្រៃវែង នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
- អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១-២ បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

Tag:
 ​បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com