ជាតិ
នយោបាយជាតិ
LDP រៀបចំសមាជលើកទី២នៅថ្ងៃអាទិត្យ ហើយសមាជិកត្រូវបង់វិភាគទានពី៧ទៅ១០ដុល្លារ
× គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នឹងរៀបចំសមាជលើកទី២ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកចូលរួមប្រមាណជា៥០០០នាក់។ សមាជលើកទី២នេះ ពុំមានឥស្សរជននយោបាយរូបណា ឈរឈ្មោះជាប្រធានគណបក្ស ក្រៅពីលោក ខឹម វាសនា ឡើយ។
លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា អ្នកចូលរួមក្នុងសមាជលើកទី២នេះ មានប្រមាណជា៥០០០នាក់។ លោកថា អ្នកចូលរួមទាំងនោះ មានពីរប្រភេទ គឺសមាជិកសមាជ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានគណបក្ស មានប្រមាណជា១០០០នាក់ ហើយភ្ញៀវសមាជ មានប្រមាណជា៤០០០នាក់។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា គណបក្សកំណត់ឲ្យសមាជិកសមាជ បង់វិភាគទាន ១០ដុល្លារ ក្នុងមួយនាក់ ហើយភ្ញៀវសមាជបង់ ៧ដុល្លារ ក្នុងមួយនាក់ ដើម្បីទ្រទ្រង់ដំណើរការនៃការរៀបចំសមាជនេះ។ លោកបន្តទៀតថា បើទោះបីជាគណបក្សកំណត់បែបនេះមែន តែគណបក្សមិនបានកំណត់ដោយដាច់អហង្ការ ថាអ្នកចូលរួមទាំងអស់ ត្រូវតែបង់ថវិកានោះទេ។ លោកថា គណបក្សនឹងពិនិត្យមើលជីវភាព ឬស្ថានភាពជាក់ស្តែង ហើយនឹងមានការយោគយល់ ប្រសិនបើអ្នកចូលរួមរូបណា មានការខ្វះខាតផ្នែកហិរញ្ញវត្ថុ។
លោក កូវ គា លើកឡើងថា សមាជលើកទី២នេះ មានឥស្សរជននយោបាយតែមួយរូបគត់ ដែលឈរឈ្មោះជាប្រធានគណបក្ស គឺលោក ខឹម វាសនា ដែលជាប្រមុខបក្សបច្ចុប្បន្ន។ លោកថា គណបក្សបានប្រកាស ដល់សាធារណជននិងសមាជិកគ្រប់រូប ឲ្យដាក់ពាក្យចូលរួមឈរឈ្មោះជាបេក្ខជនប្រធានដែរ តែជាលទ្ធផល ពុំមានបុគ្គលណាម្នាក់ ស្ម័គ្រចិត្តនោះទេ។
យោងតាមលក្ខន្តិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សមាជ ជាស្ថាប័នកំពូលរបស់គណបក្ស ដែលត្រូវបានរៀបចំជារៀងរាល់៥ឆ្នាំម្តង។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១១ គណបក្ស បានរៀបចំសមាជលើកទី១ ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៥ ។ គណបក្សនេះ បានផុសចេញពីគំនិតផ្តួចផ្តើម របស់ លោក ខឹម វាសនា ដែលជាអតីតតំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី ។
គោលដៅតែមួយគត់ របស់គណបក្សចំណាស់មួយនេះគឺ «មាតុភូមិមួយ ដែលពលរដ្ឋរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់»។ គន្លឹះដ៏សំខាន់ ដើម្បីសម្រេចគោលដៅចុងក្រោយនេះ គឺត្រូវកាត់បន្ថយអំណាចរដ្ឋ ។ ការធ្វើយន្តការ៨ចំណុច ឲ្យទៅជាច្បាប់ គឺជាលក្ខខណ្ឌចំាបាច់បំផុត ដើម្បីឈានដល់ដំណាក់នៃការកាន់បន្ថយអំណាចរដ្ឋ ។
យន្តការទាំង ៨ ចំណុចរបស់គណបក្សនេះ គឺ ១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ, ២. មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង, ៣. តម្រូវឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសដ្ឋានរបស់រដ្ឋ, ៤. បង្កើតុលាការរដ្ឋបាល, ៥. ឋានន្តរសក្កិចាប់ពីឧត្តមសេនីយ៍ ត្រូវអនុម័តដោយរដ្ឋសភា, ៦ អព្យាក្រឹតមន្ត្រីរាជការ, ៧. ពលរដ្ឋ ត្រូវបោះឆ្នោតជ្រើសរើសនិងបោះឆ្នោតដកតំណាងនៅគ្រប់លំដាប់ថ្នាក់ ដោយខ្លួនឯងផ្ទាល់, ៨. បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមប្រព័ន្ធចម្រុះ។
ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបក្នុងសកម្មភាពនយោបាយ គឺជាកក្តាមិនអាចខ្វះបាន ដើម្បីផ្លាស់ប្តូរយន្តការ៨ចំណុច ឲ្យទៅជាច្បាប់។ ការផ្តល់ចំណេះដឹងពីប្រជាធិបតេយ្យ ព្រះធម៌ និងសីលធម៌សង្គម គឺជាគោលការណ៍អាទិភាព ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងជីវិតនយោបាយ។ គណបក្ស បានប្រកាន់យកការពន្យល់ប្រជាពលរដ្ឋ ជាចំណុចចាប់ផ្តើមនិងជាបេសកកម្មនយោបាយដ៏សំខាន់បំផុត ដើម្បីសម្រេចបានអ្វីៗគ្រប់យ៉ាង ដូចបានពោលពីខាងលើមកនេះ។
យ៉ាងណាក៏ដោយចុះ ការចំណាយពេលជាង១០ឆ្នាំ ក្នុងជីវិតនយោបាយរបស់គណបក្សចាស់ទុំមួយនេះ មិនទាន់ទទួលបានអាសនៈក្នុងរដ្ឋសភានៅឡើយទេ។ បើទោះបីជាគ្មានវត្តមាន ក្នុងរដ្ឋសភាក៏ដោយ ក៏ថ្នាក់ដឹកនាំរួមទាំងអ្នកគាំទ្រគ្រប់រូប មិនកើតទុក្ខទោមនស្សបន្តិចដែរ ព្រោះគោលបំណងធំបំផុតនៃគណបក្សនេះ មិនប្រាថ្នាបែបនេះឡើយ។ បុគ្គលដែលតាំងខ្លួនថាជាអ្នកយល់មនោគមវិទ្យានយោបាយរបស់ LDP សុទ្ធតែប្រកាន់យកឥរិយាបថ «មិនឈ្លក់វង្វេងនឹងសន្លឹកឆ្នោតឬកៅអីក្នុងរដ្ឋសភា» នោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេរំជើបរំជួលនោះ គឺប្រជាពលរដ្ឋ យល់ពីគំនិតនិងវត្ថុបំណងរបស់ LDP៕
© រក្សាសិទ្ធិដោយ thmeythmey.com