កីឡាជាតិ
ជាតិ
​អ្នក​អាជីព​ពាក់ព័ន្ធ​កីឡា​៣៤០០​នាក់​នឹង​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​នាយករដ្ឋមន្ត្រី​
01, Apr 2016 , 3:12 pm        
រូបភាព
ដោយ:
​កីឡាករ កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំ​កីឡា នៅតាម​បណ្តា​ក្លិប ស្ថាប័ន និង​សហព័ន្ធ​កីឡា​ជាតិ​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​ជា ៣,៤០០​នាក់ នឹងចូលរួម​ពិសារ​ភោជនាហារ​ជា​លក្ខណៈ​មហា​គ្រួសារ​កីឡា​ខ្មែរ ក្នុង​ពិធី​ដែល​រៀបចំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។  នាឱកាស​នោះ​ក៏មាន​ការជូន​បាច់ផ្កា​ដោយ​ក្រុម​កីឡាករ​ពិកា​ឆ្នើម ព្រឹទ្ធាចារ្យ​កីឡា កីឡាករ​ឆ្នើម យុវជន​ថ្នាល និង​ក្រុម Cambodia All Stars ដល់​សម្តេច ហ៊ុន សែន ផងដែរ ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​។​



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា ក្រុម​កីឡាករ​ពិកា​ឆ្នើម កីឡាករ​ឆ្នើម ព្រឹទ្ធាចារ្យ​កីឡា យុវជន​ថ្នាល និង​ក្រុម​បាល់​បាត់ Cambodia All Stars នឹង​ឡើង​ជូន​បាច់ផ្កា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជូនពរ​ថ្ងៃកំណើត​របស់​សម្តេច ក៏ដូចជា​អបអរ​ក្នុង​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា នា​ពិធី​ពិសារ​ភោជនាហារ​ជា​លក្ខណៈ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជាមួយ​សម្តេច ហ៊ុន សែន នា​ថ្ងៃទី​៤ ខែមេសា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​



​លោក​បាន​បញ្ជាក់ថា កម្មវិធី​ទទួលទាន​ភោជនាហារ​នេះដែរ​មាន​កីឡាករ​កីឡាការិនី និង​ថ្នាក់ដឹកនាំ​កីឡា​ចូលរួម​ប្រមាណ​ជា ៣,៤០០​នាក់ ហើយ​ក្នុងចំណោម​កីឡាករ​កីឡាការិនី​ដែល​ចូលរួម​ទាំងនោះ​សុទ្ធសឹងតែ​ជា​កីឡាករ​ជំនាញ និង​ជា​កីឡាករ​ដែលមាន​ឈ្មោះ​ក្នុងការ​ប្រកួត​ជើងឯក​ផ្សេងៗ ក្រុម​កីឡាករ​ដែល​ចូលរួម​ទាំងនោះ​ត្រូវបាន​កម្រិត​ប្រភេទ​អាយុ គឺ អាយុ​ក្រោម​១៣ ក្រោយ​១៧​ឆ្នាំ និង​អាយុ​២៣​ឆ្នាំ​ឡើង​។ កីឡាករ​កីឡាការិនី​ទាំងនេះ​មកពី​សហព័ន្ធ​ជាតិ​អូឡាំពិក និង​មិន​អូឡាំពិក​ចំនួន​៤៧​សហព័ន្ធ​។​



​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​កម្មវិធី​នេះ ត្រូវបាន លោក វ៉ា​ត់ ចំរើន រៀបរាប់ថា​៖«​ការជួបជុំ​នេះ ជា​និមិត្តរូប​បញ្ជាក់​ពី​ការចាប់ផ្តើម​ការ​សំណេះសំណាល និង​ការដាក់​គោលដៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នេះ​ជា​គោលដៅ​សំខាន់​ក្នុងការ​ជួបជុំ​នេះ​។ នាឱកាស​នោះ​យើង​នឹង​ស្តាប់​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​តើ​យើង​ត្រូវ​ត្រៀមលក្ខណៈ​បែបណា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​»​។  លើសពីនោះ វា​ជាការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ទាំងអស់ ដែល​បាន​ជួយ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​កេ​រិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

​ទន្ទឹមនឹងនេះ លោក​អគ្គលេខាធិការ​រូបនេះ បានចាត់ទុក​ការរៀបចំ​កម្មវិធី​នេះ​ថា ជា​កម្មវិធី​មួយ​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​សោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​របស់​កម្ពុជា ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ផ្តល់​កិត្តិយស ក៏ដូចជា​រៀបចំ​ឲ្យ​មាន​ឲ្យ​មានការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​កីឡា​ដូច្នេះ​។​

​នា​ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​ឱវាទ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ចាត់ទុកថា ការរៀបចំ​កម្មវិធី​ការជួបជុំ​លក្ខណៈ​មហា​គ្រួសារ​កីឡា​នេះ ជាម​ហា​កិ​តិ​យស​បំផុត​សម្រាប់​វិស័យ​កីឡា​កម្ពុជា​។ លោក​បញ្ជាក់ថា​៖«​កម្មវិធី​នេះ​ជា​កម្មវិធី​មួយ​ដែល​យើង​គិតថា អាច​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​បាន​ព្រោះ​បើតាម​ការស្រាវជ្រាវ​មិន​ដែលមាន​ថ្នាក់ដឹកនាំ​ណា​ផ្តល់​កិត្តិយស​ជួបជុំ​សំណេះសំណាល និង​ពិសារ​ភោជនាហារ​ជាមួយ​កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំ​កីឡា និង​ព្រឹទ្ធាចារ្យ​កីឡា​នោះទេ នេះ​ជាម​ហា​កិត្តិយស​បំផុត​សម្រាប់​វិស័យ​កីឡា​របស់​យើង ជាពិសេស​សម្រាប់​កីឡាករ​កីឡាការិនី​»​។​


 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​បន្ថែមថា ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ត្រៀម​រថយន្តក្រុង​ចំនួន​៤០​គ្រឿង ដើម្បី​ដឹក​ក្រុម​កីឡាករ​កីឡាការិនី ថ្នាក់ដឹកនាំ​កីឡា​ទាំងអស់​ទៅ​ចូលរួម​កម្មវិធី​ទទួលទាន​ភោជនាហារ​ក្នុង​កម្មវិធី​នោះ​។ ហើយ​សម្រាប់​ការដឹកជញ្ជូន​នេះដែរ លោក បាន​បែង​ចែកជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​ចេញដំណើរ​នៅ​ម៉ោង​២:៣០​នាទី​រសៀល និង​ដំណាក់កាល​ទី​២​ចេញដំណើរ​នៅ​ម៉ោង​៣​រសៀល​។

​ក្រៅពី​ថ្នាក់ដឹកនាំ​កីឡា សហព័ន្ធ គ្រូបង្វឹក អត្ត​ព​លិ​ក អាជ្ញាកណ្តាល សមាសភាព​ផ្សេងទៀត​ដែល​ត្រូវ​ចូលរួម​បរិភោគ​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី​រួមមាន មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កីឡា​ប៉ា​រ៉ា​អូឡាំពិក ប៉េ​ស្យា​អូឡាំពិក ក្រុម​អ្នកសារព័ត៌មាន​កីឡា កីឡា​នគរបាលជាតិ កីឡា​កងទ័ព ព្រឹទ្ធាចារ្យ​កីឡា អគ្គនាយក​កីឡា អគ្គនាយក​គ្រប់គ្រង​កីឡា និង​អង្គការ​មិត្តសំឡាញ់​៕    


Tag:
 ​ហ៊ុន សែន​
  វ៉ា​ត់ ចំរើន​
  ពិសារ​ភោជនាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com