ជាតិ
យុវជន ៤០០​នាក់​នឹង​ជជែក​ពិភាក្សា​ពី «​ពរជ័យ​កំណប់​ធនធាន​» នៅ​ថ្ងៃស្អែក​
02, Apr 2016 , 8:47 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមយុវជន​មកពី​សាកលវិទ្យាល័យ​ផ្សេងគ្នា​ប្រមាណ​៤០០​នាក់ នឹង​ជជែក​ពិភាក្សាគ្នា​នៅក្នុង​វេទិកា​យុវជន​ស្តីពី «​ពរជ័យ​កំណប់​ធនធាន​» នៅ​ថ្ងៃទី​៣ មេសា​ស្អែក​នេះ​។ វេទិកា​យុវជន​ដែល​ផ្តល់ឱកាស​ឲ្យ​យុវជន​ស្វែងយល់​ពី​វិស័យ​ប្រេងកាត ឧស្ម័ន និង​រ៉ែ​នៅ​កម្ពុជា​នេះ នឹងធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE) ។​


​វេទិកា​យុវជន​ស្តីពី «​ពរជ័យ​កំណប់​ធនធាន​» រៀ​បំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) និង​យុវជន​ស្ម័គ្រចិត្ត​នៃ​អង្គការ​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​យុវជន​ទទួលបាន​ចំណេះដឹង​ពី​ការវិវត្តន៍​នៃ​វិស័យ​ប្រេងកាត ឧស្ម័ន និង​រ៉ែ​នៅ​កម្ពុជា ព្រមទាំង​យន្តការ និង​យុទ្ធសាស្ត្រ​នានា​ក្នុងការ​គ្រប់គ្រង​ចំណូល​ពី​វិស័យនេះ​ប្រកបដោយ តម្លាភាព និង​ប្រសិទ្ធិភាព​។​

​នៅក្នុង​វេទិកា​យុវជន ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​៣ មេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE) ព្រឹកស្អែក​នេះ នឹងមាន​វាគ្មិន​បី​រូប​ចូលរួម រួមមាន លោក​បណ្ឌិត នាង ស៊ី​វុត្ថា ប្រធាន​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សប្បទាន​ប្រេងកាត នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៃ​ក្រសួង​រ៉ែ និង​ថាមពល​, អ្នកស្រី គីម ណា​តា​សា នាយិកា​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន (CRRT) និង​លោក គង់ ស៊ីថា អនុប្រធាននាយកដ្ឋាន​រ៉ែ​សំណង់​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​៕


© រក្សាសិទ្ធិដោយ thmeythmey.com