កីឡាជាតិ
ជាតិ
ក្រុម​ឈ្នះ-ឈ្នះ-ឈ្នះ បឹងកេត និង​ការពារជាតិ ប៉ះគ្នា បន្ទាប់ពី​ជំនួប​រវាង​ស៊ីម៉ាក់ និង​ថា​យ​ហ្គឺ​រ
02, Apr 2016 , 1:33 pm        
រូបភាព
ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myon-ho របស់ការពារជាតិ ត្រូវប៉ះជាមួយបឹងកេតដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា
ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myon-ho របស់ការពារជាតិ ត្រូវប៉ះជាមួយបឹងកេតដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា
ដោយ: រួបរួម
​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ក្លាយជា​ទីលាន​នៃ​ជំនួប​សប្តាហ៍​ទី​៤ ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ រវាង​ក្រុម​ស៊ីម៉ាក់​យូ​ណាយ​ធី​ត និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង​៣ និង​៣០​នាទី  និង​ការ​ប៉ះគ្នា​រវាង​ក្រុម​ឈ្នះ​រហូត​ទាំងពីរ គឺ​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២ ខែមេសា នេះ​។​



​នៅ​ម៉ោង​៦​ល្ងាច បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ បានចាប់ផ្តើម​យុទ្ធនាការ​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន ជាមួយនឹង​ជ័យជម្នះ​ទាំង​៣​ប្រកួត​លើកដំបូង​។ ក្រុម​ទាំងពីរ​សុទ្ធ​មាន​ខ្សែការពារ និង​អ្នកចាំទី​ដ៏​រឹងមាំ ដោយ​បី​ប្រកួត​កន្លងមក បឹងកេត​អង្គរ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គូប្រកួត​១៦​គ្រាប់ ហើយ​ធ្លាយ​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ ដូចគ្នា​ផងដែរ ការពារជាតិ​ទ​ម្លា​ញ​សំណាញ់​គូប្រជែង​១០​គ្រាប់ និង​ធ្លាយ​វិញ​តែ​២​គ្រាប់​។​

​នេះ​ក៏​ជាការ​ប៉ះគ្នា​ផងដែរ​រវាង​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា របស់​បឹងកេត និង​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho នៃ​ក្លិប​ក្រសួងការពារជាតិ ដោយ​ពួកគេ​សុទ្ធតែ​បាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​៦​គ្រាប់​។ ជ័យជម្នះ​របស់​ក្រុម​ណាមួយ នឹង​នាំ​ឲ្យ​ពួកគេ​ទម្លាក់​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​តំណែង​លេខ​១​វិញ​។

​កាលពី​ថ្ងៃ​សុក្រ ខ្សែប្រយុទ្ធរ​វ៉ាន់ដា Atuheire Kipson បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ លើ​ភ្ញៀវ​ណាហ្គា​វើ​ល ដែល​នាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ឡើងទៅ​ឈរ​លេខ​១​ប​ណ្ណោះ​អាសន្ន ដោយមាន​១០​ពិន្ទុ និង​លើស​បឹងកេត និង​ការពារជាតិ​១​ពិន្ទុ​។ Kipson មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​៦​គ្រាប់​ដូច វឌ្ឍនាកា និង Myong-ho ផងដែរ​។​

​សម្រាប់​ជំនួប​នា​វេលា​ម៉ោង​៣ និង​៣០​នាទី ស៊ីម៉ាក់​យូ​ណាយ​ធី​ត ត្រូវ​ប៉ះ​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​ក្រុម​ទាំង​២​ទើប​រកបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​ពី​ការប្រកួត​៣​លើក​កន្លងមក​៕



Tag:
 បាល់ទាត់
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com