ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុ​៣​យ៉ាង​ដែល​អ្នក​គួរ​ឈប់​ប្រើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ពេលយប់​
03, Apr 2016 , 6:27 am        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយនឹង​បច្ចេកវិទ្យា​និង​សង្គម​ដ៏​ទាន់សម័យ​នាពេល​បច្ចុប្បន្ននេះ មនុស្ស​ស្ទើរតែ​គ្រប់គ្នា សុទ្ធ​តែមាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​នៅក្នុង​ដៃ​របស់​ពួកគេ ។ វា​ពិត​ជាមាន​ភាពងាយស្រួល និង​ធ្វើ​ឲ្យ​មនុស្ស​អាច​ប្រើ​នូវ​កម្មវិធី​ផ្សេងៗ​បាន មិន​ថា​លេង​ហ្វេ​ស​ប៊ុ​ក អាន​ព័ត៌មាន ស្តាប់​ចំរៀង ឬ ធ្វើ​កិច្ចការ​ផ្សេងៗ គឺ​ស្មា​ត​ហ្វូ​ន​អាច​ប្រើ​បាន​គ្រប់ពេល និង​គ្រប់​ទីកន្លែង​ណា​ដែល​អាច​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ។ មនុស្ស​ជាច្រើន ហាក់​នឹងមិន​ចាប់អារម្មណ៍​នោះទេ​ថា វា​អាច​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​របស់​យើង​បាន​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅពេលដែល​យើង​ប្រើ​វា​នៅក្នុង​ពេលយប់ មុនពេល​ចូល​គេង​នោះ​។ ពន្លឺ​ពណ៌​ខៀវ ដែល​ចេញពី​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​ទំនាក់ទំនង​ជាច្រើន​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ចំពោះ​សុខភាព​។​


​ការប្រើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ពេលយប់​នឹង​បង្ក​គ្រោះថ្នាក់​៣​យ៉ាង​ដល់​សុខភាព​របស់​មនុស្ស​៖

១.​បំផ្លាញ​ដល់​សុខភាព​ភ្នែក

​ពន្លឺ​ខៀវ ដែលមាន​នៅលើ​កញ្ចក់​អេក្រង់​របស់​វា គឺអាច​បំផ្លាញ​ដល់​រ៉េ​ទីណា និង​ម៉ា​គូ​លែ​របស់​ភ្នែក​។ វា​គឺជា​ការបំផ្លាញ​ដល់ ការមើលឃើញ​នៃ​ផ្នែក​កណ្តាល​របស់​ភ្នែក ឬ​បាត់បង់​សមត្ថភាព មើលឃើញ​នូវ​របស់​ដែល​ស្ថិតនៅ​ខាងមុខ​អ្នក ។​
​ការវិវត្ត​មាននូវ ភ្នែក​ឡើងបាយ ក៏​អាចមាន​ទំនាក់ទំនង​ទៅនឹង​ពន្លឺ​ខៀវ​នេះ​ផងដែរ​។ គ្រូពេទ្យ​ម្នាក់ បាន​ជួបនឹង​អ្នកជំងឺ​អាយុ ៣៥​ឆ្នាំ​ម្នាក់ ដែលមាន​ភ្នែក​ស្រអាប់ ដោយសារតែ​បញ្ហា​ភ្នែក​ឡើងបាយ គឺមាន​បញ្ហា​ស្រដៀង​ទៅនឹង​មនុស្ស​ដែលមាន​អាយុ​៧៥​ឆ្នាំ​។ គ្រូពេទ្យ​ជឿថា បញ្ហា​នេះ​អាច​កើតមាន​ដោយសារតែ ការប្រើ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​យើង​ក៏​ចាំបាច់​ត្រូវការ ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការ​សន្ម​ត់​មួយ​នេះ​ផងដែរ​។

២.​បាត់បង់​ការ​ងងុយគេង​

​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ​មក ពន្លឺ​ខៀវ គឺអាច​នឹង​រំខាន​ដល់​ការបង្កើត​មេ​ឡា​តូ​នី​ន ដែល​នេះ​ជា​អរ​ម៉ូ​ន​ក្នុងការ​លៃ​តម្រូវ​វដ្ត​នៃ​ការ​គេង​លក់​របស់​មនុស្ស​។ ដោយ​មិនមាន​ការ​លៃ​តម្រូវ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​នោះ​អ្នកនឹង​មិនអាច​គេង​បាន​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​របស់​រាងកាយ​ឡើយ ។ ហើយ​បញ្ហា​នេះ​ការ​គេង​មិនបាន​ស្កប់ស្កល់​នេះ នឹងធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​៖

    - ជំងឺ​បេះដូង និង​បញ្ហា​បេះដូង​ស​សៃ​ឈាម​ដទៃទៀត​
    -  មានការ​ឆ្លើយតប​ទៅនឹង​អ្វីមួយ​យឺតយ៉ាវ​
    - ខ្សោយ​ក្នុង​ការចងចាំ​
    - ជំងឺ​ធ្លាក់​ទឹកចិត្ត​
    - ស្បែក​ចាស់​មុន​អាយុ​
    - កើន​ទម្ងន់​

៣.​មាន​អត្រា​ខ្ពស់​ប្រឈម​នឹង​ជំងឺមហារីក​
ការបង្កើន​ពន្លឺ​នៅក្នុង​ពេលយប់ នឹងធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ក្នុងការ​គេង​លក់ ហើយ​វា​ក៏មាន​ទំនាក់ទំនង​ទៅនឹង​ការ​ប្រឈម​ដ៏​ខ្ពស់​ទៅនឹង​ការកើត​ជំងឺមហារីក​ប្រភេទ​ណាមួយ ។ ហើយ​ភាគច្រើន គឺ​អាចជា​ជំងឺមហារីក​ដោះ និង​ក្រពេញ​ប្រូ​ស្តា​ត ។ មេ​ឡា​តូ​នី​ន ដែល​ត្រូវបាន​ទប់ស្កាត់​ដោយ​ពន្លឺ​ពណ៌​ខៀវ  ក៏​ជា​ភ្នាក់ងារ​អង់​ទី​អុកស៊ីដ​ង់ និង​ត្រូវ​ចាត់ទុកថា​មាន​អត្ថប្រយោជន៍​ជាខ្លាំង​ចំពោះ​រាងកាយ ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​។​

​ការប្រើ​ទូរ​សព្ទ​មុន​គេង​ម្តងម្កាល ឬ​រយៈពេល​ខ្លី​មុនពេល​ចូល​គេង អាច​នឹង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​ទេ តែ​សម្រាប់​អ្នក​ដែល​តែងតែ​លេង​វា​ជាប្រចាំ និង​ប្រើពេល​ជាច្រើន​ម៉ោង​នោះ អាច​នឹង​ប្រឈម​នូវ​បញ្ហា​ណាមួយ​ខាងលើនេះ ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com