ពីនេះ ពីនោះ
ជឿ​លើ​សាសនា តែ​កុំ​ធ្វើជា​ទាសក​សាសនា
03, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សាសនា គឺជា​កម្លាំង​ជំនួស​ផ្នែក​ស្មារតី នៅពេលដែល​មនុស្ស​មិនអាច​យល​ដល់ នៅ​រឿង​រាវ​នៅក្នុង​លោក និង​មាគ៌ា​ជីវិត​របស់ខ្លួន​ដែល​ខ្លួន​មិនអាច​មើលឃើញ​ក្នុងពេល​បច្ចុប្បន្ន អនាគត និង​ក្រោយពេល​ដែ​លែងមាន​អត្ថិភាព​ជីវិត​នៅលើ​សកលលោក​នេះ​។ ព្រោះតែ​មិនអាច​យល់​បែបនេះហើយ ទើប​មនុស្ស​បង្កើត​សាសនា និង​អាទិទេព​តំណាង​នូវ​ទីតាំង​នៃ​សេចក្ដីសុខ កន្លែង​ជោគជ័យ អ្នកផ្ដល់​ពរ​គ្រប់បែបយ៉ាង និង​ចាត់ទុកថា សាសនា​មាន​អាទិទេព ចាំ​ជួយ​ខ្លួន​គ្រប់ពេលវេលា​។​



នៅក្នុង​មាគ៌ា ឬ ច្បាប់ វិន័យ របស់​សាសនា​នីមួយៗ សុទ្ធតែ​មានចែង​ពី ហេតុ​និង​ផល នៃ​ការគោរព​ប្រណិប័តន៍​ចំពោះ​សាសនា​នោះ​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ដែលមាន​ជំនឿ​ទៅលើ​សាសនា​ទៅហើយ ត្រូវ​ដឹង​ខ្លួនឯង​ថា ខ្លួន​ត្រូវតែ​ជឿ​ប្រកបដោយ​បញ្ញា​។ សាសនា​ចង្អុល​បង្ហាញផ្លូវ​ត្រូវ ផ្លូវ​ល្អ មាគ៌ា​សន្តិភាព អហិង្សា ចេះ​ជួយ ចេះ​គោរព ស្គាល់​បុណ្យ ស្គា​ល់បាប ស្គាល់​គុណ ស្គាល់​ទោស អំពើ​ល្អ អំពើអាក្រក់ និង​ស្គា​ល់ពី​តម្លៃ​របស់​មនុស្ស​។ ប៉ុន្តែ​នៅពេលដែល​សាវក​ដែលមាន​ជំនឿ​លើ​សាសនា​មាន​បញ្ហា អាទិទេព​នៅក្នុង​សាសនា​មិនដែល​ចេញមុខ​មក​ដោះស្រាយ​ជូន​ឡើយ នោះ​គឺ​មានន័យថា អ្នក​ខ្លួនឯង​ជា​អ្នកធ្វើ​សេចក្ដីសម្រេច​លើ​វាសនា ដោយ​ខ្លួនឯង​។​

មនុស្ស​គ្រប់រូប​ត្រូវ​ចាំ​ថា គ្មាន​អាទិទេព​ណាមួយ​ឲ្យ​អាហារ​អ្នក​បរិភោគ​ឡើយ នៅពេលដែល​អ្នក​ឃ្លាន​។ នៅពេល​អ្នក​ឈឺ​គ្មាន​អាទិទេព ឬ​បុគ្គល​សំខាន់​ណាមួយ​នៅក្នុង​សាសនា​ណាមួយ មកជួយ​ព្យាបាល​ជំងឺ​របស់​អ្នក​ឲ្យ​ជាសះស្បើយ​ឡើយ​។ ប៉ុន្តែ មានតែ​អ្នក​ខ្លួនឯង​ទេ ដែល​ត្រូវ​តស៊ូ​ក្នុង​ជីវិត​ខ្លួនឯង​ដើម្បី​ព្យាបាល​ថែរក្សា​សុខភាព​របស់ខ្លួន​ដោយ​ខ្លួនឯង​។ នៅពេលដែល​អ្នកធ្វើ​អំពើ​អាក្រក់ សាសនា​មិនអាច​ជួយ​អ្នក​បាន​នោះទេ ព្រោះ​នោះ​គឺជា​អំពើ​អសីលធម៌​មួយ​ដែល​អ្នក​បាន​ប្រព្រឹត្ត ហើយ​វា​នឹង​តាម​អន្ទោល​វិញាណ​របស់​អ្នក តាម​លងបន្លាច​វិញាណ និង​ស្មារតី​របស់​អ្នកជា​ប្រចាំ​។ ប៉ុន្តែ​អាទិទេព​មិន​អាចមក​បញ្ចប់​ការ​លងបន្លាច​ទាំងនោះ​បានទេ ព្រោះ​អាទិទេព​គ្រាន់តែ​ជា​អ្នក​ជួយ​ខាង​ផ្នែក​សីលធម៌ និង​បំពេញ​ភាពកកក្ដៅ​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ដែល​អ្នក​បាន​សាង​ល្អ​ប៉ុណ្ណោះ ។​

ដូច្នេះ សូមកុំ​មាន​ជំនឿ​សប់ គ្មាន​មូលដ្ឋាន​ហេតុ​និង​ផល ច្បាស់លាស់ និង​ប្រកបដោយ​បែបផែន​នៃ​វិចារណញ្ញាណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com