ពីនេះ ពីនោះ
ហេតុអ្វី​ស្ថាប័ន​កំពូល​រដ្ឋ​មួយចំនួន​បាត់់បង់​ទំនុកចិត្ត​ពី​មហាជន​?
03, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន សុខ ចំណាន ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ​៖ នៅក្នុង​ប្រទេស​ណាក៏ដោយ ក៏​តែងតែមាន​ប្រព័ន្ធ​វាយតម្លៃ​និង​វិនិច្ឆ័យ ដើម្បី​កំណត់​គុណភាព សម្របសម្រួល និង កាត់សេចក្ដី​ទៅលើ​រឿងក្ដី​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​សង្គម​។ ស្ថាប័ន​សម្រាប់​វាយតម្លៃ​និង​វិនិច្ឆ័យ រួមមាន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ អង្គភាព​ដែល​រដ្ឋ​ប្រគល់​តួនាទី​ឱ្យ​វាយតម្លៃ និង តុលាការ ជាដើម​។ ដោយឡែក​នៅ​កម្ពុជា ឆ្លងកាត់​ការដឹកនាំ​និង​ការគ្រប់គ្រង​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៩៣​រហូតមកដល់​ឆ្នាំ​២០១៦​នេះ សង្គម​ខ្មែរ​ទាំងមូល​ត្រូវបាន​គេ​មើលឃើញថា មានរឿង​អ​យុ​ត្តិ​ធ៌ អ​សមភាព និ​ទណ្ឌ​ភាព និង ភាពមិន​សម​ហេតុផល​ជាច្រើន​បាននិងកំពុង​កើតឡើង​។ មូល​ហេតុដែល​នាំឱ្យមាន​បញ្ហា​ទាំងនេះ ត្រូវបាន​គេ​គិតថា អាច​បណ្ដាលមកពី  ប្រព័ន្ធ​វាយតម្លៃ​និង​វិនិច្ឆ័យ​នៅ​កម្ពុជា មិនទាន់​ឯករាជ្យ និង មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។



នៅ​កម្ពុជា ស្ថាប័ន​និង​អង្គភាព​ដែល​អាច​ចាត់ទុកថា​ជា​ប្រព័ន្ធ​វាយតម្លៃ​និង​វិនិច្ឆ័យ​សំខាន់ៗ រួមមាន ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ សវនកម្ម​ជាតិ និង អង្គភាព​ដែល​ប្រើប្រាស់​មន្ទីរ​ពិសោធ​បែប​វិទ្យាសាស្ត្រ និង ការធ្វើ​រោគវិនិច្ឆ័យ ជាដើម​។ 

1.​    ​ក្នុងការ​ណី​មួយចំនួន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែលជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​មូលដ្ឋាន​និង​ស្ថាប័ន​, អ្នកផ្ដល់​សេវ​រដ្ឋបាល​និង​សេវា​ផ្សេងៗ​, អ្នករក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​, អ្នកធ្វើ​សេចក្ដីសម្រេចចិត្ត​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​និង​ស្ថាប័ន​ក្នុង​វិស័យ​ផ្សេងៗ​, អ្នកស្វែងរក​ការណ៍​ពិត សម្របសម្រួល និង ដោះស្រាយ​បញ្ហា​ផ្សេងៗ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ពេញលេញ ត្រឹមត្រូវ ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព យុត្តិធម៌ សមធម៌ និង សមភាព ឡើយ​។ ក្នុង​ករណីខ្លះ ពួកគេ​ត្រូវបាន​គេ​ចោទថា បាន​បំពេញការងារ ដោយ​លម្អៀង​ទៅរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន សាច់ញាតិ បក្សពួក អ្នកមានអំណាច និង អ្នកមាន​ទ្រព្យ​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ការប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​មិន​ចំ​គោលដៅ និង មិនមាន​ប្រសិទ្ធភាព​។​

2.​    ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ស្ថាប័ន​ជាន់ខ្ពស់​សម្រាប់ធ្វើ​សេចក្ដីសម្រេច​លើ​ធម្មនុញ្ញ​របស់​ច្បាប់ និង ការតវ៉ា​ចុងក្រោយ​របស់​គូវិវាទ កន្លងមក​ក៏ត្រូវ​គេ​រិះគន់ថា មិន​ឯករាជ្យ និង បំពេញ​ការ​ការងារ​ល​ម្អៀ​ង​ទៅរក​បក្ស​កាន់អំណាច​ដែរ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​វិញ ក៏​មិន​ខុសគ្នា​ដែរ ពេល​បោះឆ្នោត​និង​ពេល​ប្រកាស​លទ្ធផល​ម្ដងៗ ស្ថាប័ន ឬ មន្ត្រី​របស់​ស្ថាប័ន​នេះ តែងតែ​ទទួលរង​កា​រិះគន់ថា បំពេញ​ការមិន​បានល្អ មិនមាន​តម្លាភាព មិនមាន​យុត្តិធម៌ មិន​ត្រឹមត្រូវ និង លម្អៀង​ទៅរក​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។ ហេតុនេះហើយ ក្រោយ​ការបោះឆ្នោត​តែងតែមាន​ការតវ៉ា ជា​បន្ត​បន្ទាប់ពី​ភាពមិន​ត្រូវ​របស់​ស្ថាប័ន​នេះ​។      

3.​    ​ដូចគ្នា​ដែរ ក្នុង​ករណីខ្លះ ស្ថាប័ន​តុលាការ ដែលមាន​តួនាទី​ទទួល​ពាក្យបណ្ដឹង ស៊ើបអង្កេត​រឿងក្ដី បើក​សវន​ការ និង កាត់ក្ដី ឬ ផ្ដន្ទាទោស​ចំពោះ​រាល់​ជន​ដែលមាន​គំ​ហុ​ស​, ផ្ដល់​ការបញ្ជាក់​ពី​ភាព​គ្មាន​ទោស ឬ ភាព​មានទោស​ដល់​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​សំណើ និង ផ្ដល់​ការសម្រេច​ពី​ភាពស្របច្បាប់​លើ​ករណី​មួយចំនួនទៀត​, ក៏ត្រូវ​បាន​មហាជន សារព័ត៌មាន មតិ​ជាតិ​និង​អន្តរជាតិ វាយតម្លៃថា ពុំបាន​បំពេញ​តួនាទី​របស់ខ្លួន​បាន​ត្រឹមត្រូវ ប្រកបដោយ​ដោយ​វិជ្ជាជីវៈ តម្លាភាព យុត្តិធម៌ និង សីលធម៌ ឡើយ​។ ផ្ទុយទៅវិញ ស្ថា​ប័​កាត់ក្ដី​ដ៏​សំខាន់​នេះ ក្នុង​ករណីខ្លះ ត្រូវបាន​គេ​ចោទថា បាន​បំពេញការងារ ដោយ​លម្អៀង​ទៅរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន សាច់ញាតិ បក្សពួក អ្នកមានអំណាច បម្រើឱ្យ​អំណាច​នយោបាយ និង អ្នកមាន​ទ្រព្យ​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ការប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​មិន​ចំ​គោលដៅ និង មិនមាន​ប្រសិទ្ធភាព​។ ដោយសារតែ​កត្តា​ទាំងនេះហើយ ទើប​ធ្វើឱ្យ​ប្រជាជន​ខ្មែរ ហ៊ាន​ប្រឆាំងនឹង​សាលក្រម របស់​តុលាការ និង សន្និដ្ឋានថា តុលាការ​កម្ពុជា គឺជា​អ្នកកំណត់​ការស្លាប់​រស់​របស់​គូវិវាទ និង ជា​អាទិទេព​ដែល​ចេះ​ធ្វើឱ្យ​អ្វីមួយ​ប្រែ​ពីស​ទៅ​ខ្មៅ ពី​ត្រូវ​ទៅ​ខុស និង ផ្ទុយ​មកវិញ ជាដើម​។

4.​    ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ស្ថាប័ន​ថ្មី​មួយ ដែលមាន​តួនាទី​ស៊ើបអង្កេត​បទល្មើស​ពុករ​លួ​យ​, កសាង​សំណុំរឿង​ពុករលួយ​និង​បញ្ជូន​ជនសង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស និង ជាពិសេស ប្រឆាំង​និង​ទប់ស្កាត់​រាល់​ទម្រង់​នៃ​អំពើពុករលួយ​, ក៏ត្រូវ​បាន​គេ​មើលឃើញថា មិនទាន់មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅឡើយ​ទេ ដោយសារតែ​ស្ថាប័ន​នេះ រង់ចាំតែ​ទទួល​ពាក្យបណ្ដឹង​ពី​បុគ្គល ឬ ស្ថាប័ន​ណាមួយ​ដែល​ប្ដឹង​មក​ខ្លួន​អំ​ពីបទ​ពុករលួយ​។ ក្នុងករណីនេះ ប្រសិនបើ អ្នក​ស៊ី​និង​អ្នក​សូក​នៅតែ​ត្រូវ​គ្នា អំពើពុករលួយ​នៅតែ​មិនអាច​បង្ក្រាប ឬ ទប់ស្កាត់​បានឡើយ​។ លើ​ពីនេះ​ទៀត អង្គភាព​នេះ ក៏​ទទួលរង​ការចោទប្រកាន់ថា បានធ្វើ​ចំណាត់ការ​តែ​ទៅលើ​បុគ្គល​ទាំងឡាយណា ដែលមាន​ទំនោរ​ទៅរក​បក្សប្រឆាំង​តែប៉ុណ្ណោះ ឯ​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​វិញ មិនទាន់មាន​អ្នកទទួល​ផលប៉ះពាល់​អំពី​ច្បាប់​នេះ​នៅឡើយ​ទេ​។   

5.​    ​សវនកម្ម​ជាតិ ដែលមាន​តួនាទី​ស្វែង​ភាពត្រឹមត្រូវ​ក្នុង​នីតិវិធី​នៃ​ការចំណាយ ខ្ទង់​នៃ​ការចំណាយ ទំហំ​សាច់ប្រាក់​នៃ​ការចំណាយ និង ការប្រើប្រាស់​ថវិកាជាតិ​នោះ ក៏ត្រូវ​បាន​គេ​មើលឃើញថា មិនទាន់បាន​បំពេញ​មុខងារ​របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់ ប្រកបដោយ​ភាពស្មោះត្រង់ តម្លាភាព និង ប្រកបដោយ​វិជ្ជាជីវៈ​នៅឡើយ​។ ក្នុង​ករណីខ្លះ បើទោះបីជា​មន្ត្រី​របស់​ស្ថាប័ន​នេះ រកឃើញ​ភាពមិនប្រក្រតី​រប​ស់បុ​គ្គល ឬ ស្ថាប័ន​ណាមួយ​ក៏ដោយ ក៏​ជនល្មើស​មិនត្រូវ​បាន​គេ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដែរ ជនល្មើស​ទាំង​នោះបាន​រួចខ្លួន​ដោយសារតែ​ពួកគេ​បានផ្ដល់​សំណូក​ឱ្យ​មន្ត្រី​សវនកម្ម ឬ ពី​ព្រោះតែ​ជនល្មើស​មាន​ខ្នងបង្អែក​ជា​អ្នកមានអំណាច​ធំ​។   

6.​    ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដែល​ប្រើ​ការពិសោធ​បែប​វិទ្យាសាស្ត្រ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រសួង​ឧស្សាហកម្ម ក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល ជាដើម ក៏​នៅមាន​បញ្ហា​ច្រើន​ដែរ​។ កន្លងមក ថ្នាំញៀន គ្រឿងផ្សំ​ជា​ថ្នាំញៀន កាកសំណល់​គីមី បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿង​បរិភោគ​មួយចំនួន​ដែល​គ្មាន​សុវត្ថិភាព ថ្នាំពេទ្យ​ខូចគុណភាព​និង​ខ្វះ​គុណភាព​... ក៏ត្រូវ​បាន​គេ​នាំ​ចូលមកក្នុង​ទីផ្សារ​របស់​កម្ពុជា​ដែរ​។ ទាំងអស់នេះ ក៏​អាច​បង្ហាញ​ពី​លទ្ធភាព​នៃ​ការពិនិត្យ ការតាមដាន ការពិសោធ និង វិធានការ​របស់​ក្រសួង​ទាំងនេះ នៅ​មានកំ​កម្រិត​នៅឡើយ​។ ចំពោះ​វិស័យ​សុខាភិបាល​វិញ ក៏​មិន​ខុសគ្នា​ដែរ ការធ្វើ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​មួយចំនួន មិនទាន់​ច្បាស់លាស់​នៅឡើយ​។ មាន​ករណីខ្លះ មាន​អ្នកជំងឺ​មួយចំនួន​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ខ្មែរ ឃើញថា​មាន​ជំងឺ ហើយ​អ្នកជំងឺ​ដដែល​នេះ​ទៅធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​បរទេស​វិញ​បែរជា​រកឃើញថា​គ្មាន​ជំងឺ​ទៅវិញ​។ លក្ខណៈ​ទាំងអស់​នេះហើយ​ដែល​មិនអាច​ទាក់ទាញ​ការទុកចិត្ត​ពី​អ្នកជំងឺ និង សាច់ញាតិ​របស់​អ្នកជំងឺ​បាន​នៅឡើយ​។ អ៊ីចឹង​ហើយ បានជា​វិស័យនេះ ទទួលរង​កា​រិះគន់​ជា​បន្ត​បន្ទាប់ពី​មហាជន​ថា មិនទាន់​គួរ​ទុកចិត្តបាន​នៅឡើយ​។ នេះ​យើង​មិនទាន់​និយាយ​ដល់​អំពើ​អ​សីល​ធ៌​របស់​គ្រូពេទ្យ​ផង​។ ហេតុនេះហើយ​បានជា អ្នកធំ អ្នកមាន​លុយ និង សូម្បីតែ​គ្រូពេទ្យ និង សាច់ញាតិ​របស់​គ្រូពេទ្យ​ខ្លួនឯង ក៏​តែងតែ​ចេញទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​ដែរ​។​

កា​រលើ​ឡើង​នូវ​ចំណុចខ្សោយ​នៃ​ស្ថាប័ន​មួយចំនួន​ដែលមាន​មុខងារ​វាយតម្លៃ​និង​វិនិច្ឆ័យ​នេះ មិនមាន​បំណង​បន្តុះបង្អាប់​តម្លៃ​របស់​ស្ថាប័ន​ខ្មែរ​ទេ ប៉ុន្តែ គ្រាន់តែ​ចង់បង្ហាញ​ថា យើង​ពិតជា​នៅមាន​បញ្ហា​ច្រើន​មែន​ចំពោះ​ស្ថាប័ន​ទាំងនេះ​។ ហេតុនេះ រដ្ឋាភិបាល បក្សប្រឆាំង បក្សនយោបាយ​ដទៃទៀត សង្គម​ស៊ីវិល វិស័យ​ឯកជន អ្នកសារព័ត៌មាន និង ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវតែ​រួមគ្នា​កាត់បន្ថយ ឬ លុបបំបាត់​ចំណុចខ្សោយ​ទាំងអស់​ដូច​បាន​រៀបរាប់​ខាងលើ ដើម្បីឱ្យ​ស្ថាប័ន​ដ៏​សំខាន់​ទាំងនេះ បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ពេញលេញ ត្រឹមត្រូវ ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព សមភាព សមធម៌ យុត្តិធម៌ ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង ហ្មត់ចត់​៕        



© រក្សាសិទ្ធិដោយ thmeythmey.com