អន្តរជាតិ
លោកស្រី ស៊ូ​ជី ហាម​មន្ត្រី​សារ​ធាណៈ​ទទួល​កាដូ​តម្លៃលើស​២១​ដុល្លារ​
05, Apr 2016 , 9:39 pm        
រូបភាព
​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានដាក់​ចេញ​គោលការណ៍​ប្រឆាំង​អំពើពុករលួយ​ដោយ​តម្រូវ​ឲ្យ​មន្ត្រី​សាធារណៈ​ទាំងអស់​មិនត្រូវ​ទទួល​កាដូ​ដែលមាន​តម្លៃលើស​២៥០០០​ក្យា​ត (Kyat) ស្មើនឹង​២១​ដុល្លារ​នោះទេ​។ វិធានការណ៍​នេះ​ក៏​ហាម​មន្ត្រី​សាធារណៈ​ក្នុងការ​ចុះឈ្មោះ​ជា​សមាជិក​ក្លឹប​វាយ​ហ្គោល​ផងដែរ​។ វិធានការណ៍​ថ្មី​ត្រូវដាក់​ចេញពី​ប៉ុន្មាន​ថ្ងៃក្រោយ​ការចូល​កាន់តំណែង​រប​ស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ​។



​បន្ទាប់ពី​ចូលកាន់​តំណែង​មិន​មួយ​សប្ដាហ៍​ផង លោកស្រី អ៊ុង​សាន ស៊ូ​ជី បានដាក់​ចេញពី​វិធានការណ៍​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​នេះ​ជាការ​ឆ្លើយតប​នឹង​ការសន្យា​ប្រឆាំង​អំពើពុករលួយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៥​។ ក្នុងនាម​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី លោកស្រី ស៊ូ​ជី ប្រាប់​មន្ត្រី​សាធារណៈ​ទាំងអស់​មិនត្រូវ​ទទួល​កាដូ​មានតម្លៃ​លើស​២៥០០០​ក្យា​ត ស្មើនឹង​២១​ដុល្លារ​នោះទេ​។

​ជាមួយនឹង​ការដាក់ចេញ​វិធានការណ៍​ថ្មី គេ​ក៏​មិនទាន់​ដឹង​ពី​សកម្មភាព​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​នោះទេ​។ ប៉ុន្តែ​លោកស្រី​ក៏​បញ្ជាក់​ពី​ករណី​លើកលែង​ចំពោះ​ការ​ចូលជួប​គួរសម​ឬ​ជួប​ជាមួយ​មន្ត្រី​ទូត ដែល​ពេលនោះ ពួកគេ​អាច​ទទួល​កាដូ​បានតែ​ត្រូវ​រាយការណ៍​ឲ្យ​ថ្នាក់លើ​ឬក៏​ផ្ដល់​ជា​សប្បុរសធម៌​វិញ​។ ចំណែក​កាដូ​ជា​ផ្កា​ឬ​ផ្លែឈើ​ដែល​ងាយ​រលួយ ត្រូវ​ចែករំលែក​ជាមួយ​បុគ្គលិក​។   

​សារព័ត៌មាន Myanmar Time ផ្សាយ​ដែរ​ថា វិធានការណ៍​ថ្មី​នឹង​បែងចែក​កាដូ​ដែល​ត្រូវ​បានផ្ដល់​សម្រាប់​ការងារ​និង​កាដូ​ដែលមាន​បំណង​សូកប៉ាន់​។ លុយ គ្រឿងមាស​ប្រាក់ សំបុត្រ​យន្តហោះ ការទទួល​ទាន​អាហារ​ដោយ​សេរី ព្រមទាំង​ការចូល​ជា​សមាជិក​ក្លឹប​វាយ​ហ្គោល សុទ្ធតែ​ស្ថិតក្រោម​វិធានការណ៍​ថ្មី​ទាំងអស់​។ មួយវិញទៀត មន្ត្រី​សាធារណៈ​ទាំងអស់​មិនត្រូវ​ទទួល​កាដូ​ពី​ស្ថាប័ន​ឬ​បុគ្គល​ដែល​ចង់បាន​ប្រយោជន៍​ពី​ខ្លួន​នោះទេ ទោះជា​កត្តា​ពាណិជ្ជកម្ម​ឬអ្វី​ផ្សេង​ក៏ដោយ​។ 

​ជា​កត់សម្គាល់ ការហាម​ទទួល​កាដូ​តម្លៃលើស​២៥០០០​ក្យា​ត​ឬ​២១​ដុល្លារ គឺ​សម្រាប់តែ​ការទទួល​កាដូ​មួយ​លើក​ប៉ុណ្ណោះ​។ បើតាម​វិធានការណ៍​ថ្មី ការទទួល​កាដូ​ប្រចាំឆ្នាំ​តម្លៃលើស​១​សែន​ក្យា​ត​ពី​អង្គការ​នានា​ឬ​បុគ្គល​ដទៃទៀត ក៏ត្រូវ​ហាម​ផងដែរ​។ លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ផង​នោះ ក៏បាន​កំណត់​វិធានការណ៍​ដោយឡែក​សម្រាប់​ក្រសួង​នេះ​ផងដែរ​។ មន្ត្រី​ក្រសួង​នេះ​អាច​ទទួល​កាដូ​មានតម្លៃ​៤​សែន​ក្យា​ត និង​កាដូ​ដែល​ផ្ដល់​ដោយ​មន្ត្រី​ទូត​នានា ប្រសិនបើ​ការបដិសេធ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មី​យ៉ាន់​ម៉ា​និង​ប្រទេស​ទាំងនោះ​ល្អក់កករ​។ 

​នេះ​ជា​សកម្មភាព​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​ថ្មី​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន ខណៈ​អំពើពុករលួយ​កំពុង​ក្លាយជា​មូលហេតុ​នៅ​ពីក្រោយ​កា​រាំងស្ទះ​ការអភិវឌ្ឍ និង​ការធ្វើ​វិនិយោគ​។ នៅក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​លោក ថេ​ន សេន ក៏​ធ្លាប់មាន​ការកំណត់​តម្លៃ​កាដូ​ដែល​ត្រូវ​ទទួល​ដូចគ្នា តែ​មន្ត្រី​ពេលនោះ​អាច​ទទួល​កាដូ​ដែលមាន​តម្លៃ​បី​សែន​ក្យា​ត​។ យ៉ាងណាក្ដី ស្ថានភាព​អំពើពុករលួយ​នៅតែមាន​កម្រិត​ធ្ងន់ធ្ងរ​ក្នុងប្រទេស​មួយ​នេះ ដែលមាន​ចំណាត់ថ្នាក់​១៤៧​ក្នុងចំណោម​១៦៨​ប្រទេស​នៃ​តារាង​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​៕ 


Tag:
 ​អ៊ុង​សាន​ស៊ូ​ជី​
 ​ ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com