ជាតិ
លោក ហោ ណាំហុង​៖ ​ការប្រើ​ពាក្យ​មិន​គួរសម​ខ្លះ​លើ​មន្ត្រី​ដោយសារ​សម្ពាធ​ការងារ​
05, Apr 2016 , 10:13 pm        
រូបភាព
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការប្រើ​ពាក្យសម្តី​មិន​គួរសម​ខ្លះ ទៅកាន់​មន្ត្រី​របស់ខ្លួន នៅពេលដែល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កន្លង​មក​។



នា​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថ្មី ទៅ​ឲ្យ​លោក ប្រាក់ សុខុន នា​រសៀល​ថ្ងៃទី​៥​ខែមេសា លោក​ហោ ណាំហុង បាន​ថ្លែងថា​៖«​ខ្ញុំ​ក៏​សូម​លោកជំទាវ ឯកឧត្តម លោក លោកស្រី នាង​កញ្ញា មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ដែល​នៅពេល​ខ្លះ​បាន​ប្រើពាក្យ​មិន​គួរសម​ខ្លះ ចំពោះ​លោកជំទាវ ឯកឧត្តម លោក លោកស្រី នាង​កញ្ញា កន្លងមក​»​។ លោក​បាន​បន្ត​ដោយ​ពន្យល់​ពី​មូលហេតុ​នៃ​ការប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ទាំងនោះ​ថា​៖«​នេះ​គឺ​ពុំមែន​ជា​ចេតនា​ខ្ញុំ​ទេ តែ​ខ្ញុំ​សង្ឃឹមថា លោកជំទាវ ឯកឧត្តម លោក លោកស្រី នាង​កញ្ញា យល់ថា​នេះ គឺ​បណ្តាលមកពី សម្ពាធ​ការងារ ដូច​លោកជំទាវ ឯកឧត្តម លោក លោកស្រី នាង​កញ្ញា​បានឃើញ​ជា​សក្ខីកម្ម​ស្រាប់​»​។​

ក្រៅពី​សុំ​ការ​អធ្យាស្រ័យ លោក​ក៏​មិន​ភ្លេច​រំ​ឮ​ក​ពី​កិច្ចការងារ​ដែល​លោក​បាន​បំពេញ​អស់​រយៈ​៣៧​ឆ្នាំ​មកហើយ​នោះ​។ លោក​បញ្ជាក់ថា ក្នុង​រយៈពេល​ជាង​៣​ទស្សវត្សរ៍​នេះ លោក​បាន​ខិតខំ​អស់ពី​កម្លាំងកាយ និង​ស្មារតី​បម្រើ​ជាតិ និង​ជាតិ បំពេញភារកិច្ច​ដែល សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រគល់​ឲ្យ ដោយ​ពុំ​បានធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​បក្ស​ឡើយ​។​

មុនពេល​បញ្ចប់​សុន្ទរកថា លោក ហោ ណាំហុង ជឿជាក់ថា លោក ប្រាក់ សុខុន នឹង​សម្រេចបាន​លទ្ធផល​ដ៏​សំខាន់ៗ​ថែមទៀត ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ជាមួយគ្នា​នោះ លោក ក៏​អំពាវនាវ​ឲ្យ​មន្ត្រី​របស់​ក្រសួងការបរទេស​ទាំង​អស់ បន្ត​ខិតខំ​បំពេញភារកិច្ច ក្រោម​ការដឹកនាំ​របស់​លោក​ប្រាក់ សុខុន រក​ផលប្រយោជន៍​ជូន​ជាតិ ការពារ​កិត្តិយស កិ​ត្យា​ន​យ​ភាព និង​ផ្សព្វផ្សាយ​ការរីកចម្រើន​ដ៏​ធំធេង​របស់​ជាតិ​យើង​លើ​គ្រប់​វិស័យ​៕


Tag:
 ហោ ណាំហុង​
 ​ប្រាក់ សុខុន​
© រក្សាសិទ្ធិដោយ thmeythmey.com