ពីនេះ ពីនោះ
លោក ជា សុផារ៉ា សូមជួយ​ដោះស្រាយ​ការចត​រថយន្ត​រំលោភ​លើ​ចំណីផ្លូវ​មុខក្រសួង​ផង​!
06, Apr 2016 , 9:40 am        
រូបភាព
នេះជារូបដែល google map ថតតាំងពីឆ្នាំ​២០១៤ ប៉ុន្តែមកដល់ពេលនេះ មិនសូវមានការខុសប្លែកប៉ុន្មានឡើយ
នេះជារូបដែល google map ថតតាំងពីឆ្នាំ​២០១៤ ប៉ុន្តែមកដល់ពេលនេះ មិនសូវមានការខុសប្លែកប៉ុន្មានឡើយ
ដោយ: ថ្មីៗ
 

​វា​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត ដែល​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​គេ​ហៅ​សាមញ្ញ​ថា ក្រសួង​គ្រប់គ្រង​ដែនដី​នោះ បែរជា​គ្មាន​ដី​គ្រប់គ្រាន់​ឲ្យ​បុគ្គលិក​ចត​រថយន្ត​។ មនុស្ស​មិនតិច​ទេ​ដែល​ធុញទ្រាន់​នឹង​ការកកស្ទះ​ចរាចរណ៍​នៅមុខ​ក្រសួង​មួយ​នេះ​។​

 
​លោក ជា សុផារ៉ា ដែលជា​មន្ត្រី​ដ៏​ល្បីល្បាញ និង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ក្នុង​ការរៀបចំ​រាជធានី​ភ្នំពេញ នៅពេលដែល​ធ្វើជា​អភិបាល​នោះ ទើបតែ​ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ត​ពី​លោក អ៊ឹម ឈុនលឹម កាលពី​ថ្ងៃទី​៥ ខែមេសា​។ 
 
​កន្លងមក អ្នកដំណើរ​តែងតែ​ត្អូញត្អែរ​ចំពោះ​ការកកស្ទះ​ចរាចរណ៍​នៅមុខ​ក្រសួង ដោយសារ​មាន​រថយន្ត​ចត​ពេញ​ផ្លូវ ពោលគឺ​លើផ្លូវ​ថ្មើរជើង បើទោះបីជា​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មានការ​ដាក់​សញ្ញា «​ហាម​ចត​» ក៏ដោយ​។​
 
​ផ្លាកសញ្ញា «​ហាម​ចត​» អាចមាន​ប្រសិទ្ធភាព​ខ្លះ​នៅមុខ​ក្រសួង តែ​នៅលើ​ផ្លូវ​ម្ខាង​ទៀត គេ​សង្កេតឃើញ​រថយន្ត​នៅតែមាន​ការចត​ពាសពេញ​ផ្លូវ​ដដែល ហើយ​មួយចំនួន​ជា​រថយន្ត​របស់​មន្ត្រី​ដែល​ធ្វើការ​នៅ​ទីនោះ​។ រឿង​តូចតាច​បែបនេះ ប្រហែលជា​មិន​ពិបាក​ខ្លាំង​នោះឡើយ​សម្រាប់​លោក ជា សុផារ៉ា​។​
 
​គេ​សង្ឃឹមថា លោក ជា សុផារ៉ា ដែលជា​មន្ត្រី​ដ៏​គំរូ​ម្នាក់​នឹង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​មានការ​រិះគន់ ក្រសួង​ដែល​ទទួលបន្ទុក​រៀបចំ​ដែនដី បែរជា​មិនអាច​មាន​គ្រប់គ្រង​សណ្តាប់ធ្នាប់​នៅមុខ​ក្រសួង​ខ្លួន​។ មន្ត្រី​ខ្មែរ​ក៏​គួរ​ឲ្យ​ប្រើប្រាស់​សេវា​រថយន្ត​សាធារណៈ​ផងដែរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​លើក​កម្ពស់​សេវា​រថយន្ត​សាធារណៈ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com