កីឡាជាតិ
ជាតិ
វិស័យ​កីឡា​យានយន្ត​កម្ពុជា​ទទួលបាន​ជំនួយ​ពី​ថៃ​ក្នុងការ​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​
06, Apr 2016 , 7:39 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​ទទួលបាន​ការបណ្តុះបណ្តាល​កីឡាករ​កីឡាការិនី មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​យានយន្ត ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រកួត​ផ្សេងៗ និង​ជួយ​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែខ្លាំង​។ នេះ​បើ​យោងតាម​ការចុះ​អនុសារណៈ​នៃ​ការយោគយល់​រវាង លោក មៀ​ច សុផាន់​ណា និង​ភាគី​ថៃ លោក Banphot Hongthong កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមេសា នៅ NOCC​។​



​លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​លោក Banphot Hongthong ប្រធាន​សមាគម​រាជយាន​យន្ត​នៃ​ប្រទេស​ថៃ បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​នៃ​ការយោគយល់​(MOU)​មួយ ក្នុង​គោលបំណង  ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​សហព័ន្ធ​ទាំងពីរ លើ​កិច្ចសហប្រតិបត្តិការ​ណ៍​នានា ទាក់ទង​ទៅនឹង​វិស័យ​កីឡា​យានយន្ត និង​វិស័យ​ទេសចរណ៍​យានយន្ត ដែល​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​សហព័ន្ធ​យានយន្ត​អន្តរជាតិ​(FIA)​។​

​លោក មៀ​ច សុផាន់​ណា បាន​បញ្ជាក់ថា តាមរយៈ​ការចុះ​អនុសារណៈ​នេះ​សហព័ន្ធ​ទាំងពីរ​នឹងធ្វើ​ការដោះដូរ​បទពិសោធ​ន៍​ផ្នែក មន្ត្រី​បច្ចេកទេស អ្នកជំនាញ​ត្រួតពិនិត្យ​យានយន្ត ការបណ្តុះបណ្តាល​កីឡាករ​កីឡាការិនី​ប្រណាំង​យានយន្ត​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត ចរាចរណ៍​យានយន្ត និង​ទេសចរណ៍ ឲ្យ​កាន់​តែមាន​សុវត្ថិភាព និង​ការការពារ​បិ​រ​ស្ថាន​ប្រកបដោយ​ស្មារតី​មិត្តភាព និង​ការយោគយល់​។   


​លោក​បន្តថា វិស័យ​កីឡា​យានយន្ត​មិន​ត្រឹមតែ​ជួយ​ជំរុញ​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ព្រមទាំង​ជួយ​ជំរុញ​ដល់​វិស័យ​នានា​ថែម​ទៀតផង ដូចជា​វិស័យ​ទេសចរណ៍ ទំនៀម​ទំលាប និង​ប្រពៃណី តាមរយៈ​ការចូលរួម​ប្រកួត ក៏ដូចជា​ទស្សនា​របស់​បណ្តា​ប្រទេស​ផ្សេងៗ​។

​លោក​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្តថា សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ភាគី​ថៃ ធ្លាប់បាន​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ព្រឹត្តិការណ៍ មុន​ការចុះ​អនុសារណៈ​នៃ​ការយោគយល់​នេះ​ទៅទៀត គឺ​តាមរយៈ​កា​រប​ញ្ចូ​ន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត និង​ការបង្កើត​ព្រឹត្តិការណ៍​ប្រកួត​នៅ​កម្ពុជា ថៃ​។ ហើយ​ក្រៅពី​ប្រទេស​ថៃ កម្ពុជា នឹងធ្វើ​សហប្រតិបត្តិ​ការណ៍​ជាមួយ​ប្រទេស​ដែលមាន​បទពិសោធន៍ និង​បាន​ដើរ​មុន​ក្នុង​វិស័យនេះ ដូចជា វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ជប៉ុន​៕ 



Tag:
 ​យានយន្ត​
  មៀ​ច សុផាន់​ណា​
  MOU
© រក្សាសិទ្ធិដោយ thmeythmey.com