អន្តរជាតិ
មេដឹកនាំ​អឺរ៉ុប​ណាខ្លះ​ដែល​ផុងខ្លួន​ក្នុង​ឯកសារ​បែកធ្លាយ Panama Papers
08, Apr 2016 , 9:19 pm        
រូបភាព
​ការ​បែកធ្លាយ​ឯកសារ Panama Papers កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​រញ្ជួយ​យ៉ាងខ្លាំង ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ប្រទេស អ្នកនយោបាយ តារា​ល្បី និង​កីឡាករ​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។ នៅ​ទ្វីបអឺរ៉ុប​ឯណោះ​វិញ ក៏មាន​មេដឹកនាំ​ប្រទេស​មួយចំនួន​កំពុងតែ​ក្រពុលមុខ​ខ្លាំង​នឹង​បញ្ហា​បែកធ្លាយ​នេះដែរ​។ នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ បាន​លាលែង​ពី​តំណែង ដើម្បី​ចៀសផុត​ការរិះគន់ តែ​ពលរដ្ឋ​នៅតែ​ទាមទារ​ឲ្យ​បោះឆ្នោត​ជាបន្ទាន់​។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន ក៏​សារភាពថា ធ្លាប់​ទទួលផល​ប្រយោជន៍​ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​របស់​ឪពុក​លោក​ផងដែរ​។​



​ឯកសារ​ចំនួន​១១.៥​លាន​ច្បាប់​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា Mossack Fonseca កំពុងតែ​ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​វា​បានបង្ហាញ​ពី​វិធី​លាង​លុយ និង​លាក់​លុយ​ទាំងនោះ​ដើម្បី​ចៀស​ផុតពី​ការបង់ពន្ធ​តាមច្បាប់​។ ប្រទេស​ជាច្រើន​ក៏​បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែង​ការ​ការពិត​នៅ​ពីក្រោយ​ការ​បែកធ្លាយ​នេះ​។ ព្រមជាមួយ​គ្នា មាន​មេដឹកនាំ​មួយចំនួន​ហើយ ដែល​រងគ្រោះ​ដោយសារ​ឯកសារ​លេច​ធ្លាយ​នេះ​។​

​ដោយឡែក​នៅ​ទ្វីបអឺរ៉ុប​វិញ គេ​សង្កេតឃើញ​មាន​មេដឹកនាំ​ចំនួន​ក៏​ស្ថិតក្នុង​បញ្ជី​របស់​ក្រុមហ៊ុន Mossack Fonseca ដែរ​។ បុគ្គល​ទាំងនោះ​រាប់ទាំង​ខ្សែ​រាជវង្ស ប្រមុខ​រដ្ឋាភិបាល សាច់ញាតិ​ថ្នាក់ដឹកនាំ​ជាដើម​។ មេដឹកនាំ​មួយចំនួនទៀត​ក៏​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​ពលរដ្ឋ​របស់ខ្លួន​ដូចជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន ហើយ​ខ្លះទៀត​ក៏​លាលែង​ពី​តំណែង​រួចហើយ​ដែរ​។​

១. ចុងក្រោយ​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន បាន​សារភាព
​បន្ទាប់ពី​រង​សម្ពាធ​ប៉ុន្មាន​ថ្ងៃ​ដោយសារ​ការ​បែកធ្លាយ Panama Papers នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន បាន​សារភាពថា លោក​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​មួយ ដែល​បង្កើត​ដោយ​ឪពុក​របស់លោក​។ នៅ​ថ្ងៃទី​៧ ខែមេសា លោក ខេ​មេ​រ៉ូ​ន​និយាយថា លោក​មាន​ហ៊ុន​នៅក្នុង​ក្រុមហ៊ុន Baltimore តែ​លោក​បាន​លក់​វិញ​នៅ​ឆ្នាំ​២០១០ គឺ​បួន​ខែ​មុន​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។   

​ក្រោយ​មានការ​បង្ហាញ​ពី​លុយ​របស់​ឪពុក​លោក​នៅ​បរទេស​នោះ  លោក ខេ​មេ​រ៉ូ​ន បាន​ចេញមុខ​ប្រកាសថា ទាំង​លោក ភរិយា និង​កូនលោក​ផ្ទាល់​មិនដែល​បានទទួល​ប្រយោជន៍​អ្វី​ពី​ទ្រព្យសម្បត្តិ​របស់​ឪពុក​លោក​ដែល​នៅ​បរទេស​ឡើយ​។ ហើយ​ទ្រព្យសម្បត្តិ​របស់​លោកមា​ន​បច្ចុប្បន្ន​មាន​ប្រាក់ខែ​របស់លោក​ផ្ទាល់​ផង លុយ​លោក​សន្សំ​ខ្លះ ហើយ​ក្រៅពីនោះ​មានផ្ទះ​មួយ​ខ្នង​ប៉ុណ្ណោះ​។ លោក​សង្កត់ធ្ងន់ថា លោក​ពិតជា​គ្មាន​ភាគហ៊ុន និង​គ្មាន​លុយ​លាក់​នៅ​បរទេស​ឡើយ​។​

​យ៉ាងណាក្ដី ចុងក្រោយ​នេះ​លោក ខេ​មេ​រ៉ូ​ន ប្រាប់​ទូរទស្សន៍ ITV ថា លោក​ពិត​ជាមាន​ហ៊ុន​ចំនួន​៥​ពាន់​នៅ​ក្រុមហ៊ុន Baltimore Investment​។ លោក​ក៏​លក់​ហ៊ុន​ទាំងនោះ​នៅ​ខែមករា ឆ្នាំ​២០១០ ដោយ​ទទួលបាន​ប្រា​ក់ជាង​៤​ម៉ឺន​ដុល្លារ​។ លោក​ថា ពេលនោះ​លោក​ជិត​ក្លាយជា​នាយករដ្ឋមន្ត្រី ដូច្នេះ​លោក​មិន​ចង់​ឲ្យ​មានការ​និយាយ​អ្វី​ពីក្រោយ​ខ្នង​ទេ​។
 
២. នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់​លាលែង​តំណែង តែ​ពលរដ្ឋ​ទាមទារ​ឲ្យ​បោះឆ្នោត​ភ្លាមៗ​
​លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្លង់ Sigmundur David Gunnlaugsson ជា​ជនរងគ្រោះ​ធ្ងន់​ជាងគេ​ក្នុង​សំណុំរឿង​បែកធ្លាយ​នេះ​។ ដោយសារ​មាន​សម្ពាធ​ខ្លាំង​ពី​ពលរដ្ឋ លោក​ក៏​សម្រេច​លាលែង​ពី​តំណែង​តែម្តងទៅ​។ ការលាលែង​នេះ​អាច​ថា​ដើម្បី​លាងមុខ​មាត់​ផង ហើយ​បើ​នៅ​ទៀត​ក៏​ពិបាក​រក្សា​តំណែង​ដែរ​ព្រោះ ប្រជាជន​រាប់ម៉ឺន​នាក់​និង​បក្សប្រឆាំង​ផង​នោះបាន​ដាក់​ញត្តិ​សុំ​ឲ្យ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ចំពោះ​លោក​ទៅហើយ​។​

​យ៉ាងណាមិញ រឿង​មិនបាន​ចប់​ត្រឹម​ការលាលែង​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី Sigmundur នោះទេ​។ ពលរដ្ឋ​អ៊ី​ស្លង់​មិន​ស្ងប់​ចិត្តនឹង​ការចាកចេញ​នេះ និង​ការសន្យា​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​ទេ​។ នៅ​ថ្ងៃទី​៧ ខែមេសា ក្រុមអ្នកតវ៉ា​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ទាំងមូល​លាលែង​ពី​តំណែង និង​ធ្វើការ​បោះឆ្នោត​ជាបន្ទាន់​។   

៣. សូម្បី UEFA ក៏​ក្លាយជា​គោលដៅ​ស៊ើបអង្កេត​ដែរ​
​រឿងរ៉ាវ​បែកធ្លាយ Panama Paper មិន​ត្រឹមតែ​ប៉ះពាល់​បុគ្គល​នយោបាយ​នោះទេ​។ ស្ថាប័ន UEFA ដែល​គ្រប់គ្រង​លើ​ការងារ​កីឡាបាល់ទាត់​នៅ​ទ្វីបអឺរ៉ុប​ក៏​រងគ្រោះ​ព្រោះ​រឿងអាស្រូវ​នេះដែរ​។

​នៅ​ថ្ងៃទី​៦ ខែមេសា ប៉ូលិស​ស្វ៊ី​សបាន​ឆ្មក់​ចូល​ទី​សា្ន​ក់​ការ​របស់ UEFA ដើម្បី​រឹបអូស​ព័ត៌មាន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​មួយ ដែល​លេច​ធ្លាយ​តាមរយៈ​ឯកសារ​Panama Paper ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក Gianni Infantino ដែលជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ។ របាយការណ៍​ជាច្រើន​ផ្សាយ​ថា កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដែល​លោក Infantino ចុះហត្ថលេខា​នៅ​ប៉ុន្មាន​ឆ្នាំមុន​ក្នុងនាម​ជាម​ន្ត្រី​FIFA ត្រូវបាន​លក់​ក្នុង​តម្លៃថោក ហើយ​ត្រូវបាន​ក្រុមហ៊ុន​លើក​បន្ត​ក្នុងតម្លៃ​ខ្ពស់​។​

​ប៉ុន្តែ​លោក Gianni Infantino បានបង្ហាញ​ពី​ការស្រងាកចិត្ត​នឹង​របា​យ​ការណ៍​ទាំងនោះ និង​អន់ចិត្ត​ចំពោះ​សារ​ព៏​ត៌មាន​ដែល​សង្ស័យ​ចំពោះ​សុច្ច​រឹត​ភាព​របស់លោក​។ លោក Infantino និយាយថា កិច្ចសន្យា​ដែល​លោក​ចុះហត្ថលេខា​នោះ​គឺ​ធ្វើតាម​បែបបទ​ត្រឹមត្រូវ​៕


Tag:
 Panama papers
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com