ពីនេះ ពីនោះ
​​​ន​យោ​បាយ​ជាតិ​
តើន​រណា​ជា​អ្នកធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​ប្រេះឆា​? CPP ឬ CNRP?
08, Apr 2016 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ប្រវត្តិ​នយោបាយ​កម្ពុជា គឺ​ទើបតែ​នៅក្នុង​អាណត្តិ​ទី​៥​កន្លងមកនេះ​ទេ ដែល​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​បាន​បង្កើត​ទស្សនៈ​មួយ​ដែល​គេ​ហៅថា​«​វប្បធម៌​សន្ទនា​»​។ នេះ​គឺជា​ទស្សនទាន​ថ្មី​មួយ​ដែល​ត្រូវបាន​អ្នកខ្លះ​សាទរ​ផង រីឯ​អ្នក​ខ្លះទៀត រិះគន់​ទៅវិញ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​វប្បធម៌​សន្ទនា​កើតឡើង​បានតែ​ក្នុង​រយៈពេល​មួយ​ខ្លី​ប៉ុណ្ណោះ​។ តើ​ភាគី​ណា​ជា​អ្នក​ធ្វើឡើង​វប្បធម៌​សន្ទនា​ប្រេះឆា​?



​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​ជា​ភាសា​បារាំង​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Raoul-Marc Jennar បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដូចតទៅ​៖



​នេះ​គឺជា​សំណួរ​ដែល​គេ​ពិបាក​រក​ចម្លើយ​ពិតប្រាកដ​ណាស់​។ ប៉ុន្តែ​បើ​យោងតាម​លោក Raoul-Marc Jennar បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ការ​ប្រេះឆា​នៃ​វប្បធម៌​សន្ទនា​អាច​បណ្តាលមកពី​ភាគី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ជនជាតិ​បរទេស​រូបនេះ បាន​រម្លឹកថា គ្រួសារ​ឯកឧត្តម សម រង្ស៊ី បាន​អញ្ជើញ​ទៅ​ពិសា​អាហារ​ជាមួយ​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុងន័យ​មិ​ត្តិ​ភាពល្អ​បំផុត ដូចជា ថត​សែ​ល​ហ្វី​ជាមួយគ្នា​។​ល​។ នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​បន្ទាប់​ពីនេះ​ទៅ នៅក្រៅ​ប្រទេស ឯកឧត្តម សម រង្ស៊ី បាន​និយាយ​នៅ​កាន់​សារព័ត៌មាន​បរទេស​ថា សម្តេចនាយក​រដ្ឋមន្ត្រី គឺជា​ជន​ប​ផ្តាច់ការ​។

​ផ្តោតលើ​ទង្វើ​នេះ លោក Raoul-Marc Jennar អត្ថាធិប្បាយ​ថា​៖«​មិនមាន​ភក្តីភាព ហើយ​អានេះ​មិនមែន​វប្បធម៌​សន្ទនា​ទេ​»​។ លោក Raoul-Marc Jennar និយាយ​បន្តទៀតថា លោក​អាច​យល់បាន​ថា ហេតុអ្វី​បានជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​នឹង​រឿងនេះ ពីព្រោះ សម្តេច ហ៊ុន សែន បានបង្ហាញ​បំណងល្អ​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​គ្រួសារ​ឯកឧត្តម សម រង្ស៊ី តែ​បន្ទាប់មក​សម្តេច​មើល​កាសែត Liberation បារាំង បែរជា​ឯកឧត្តម​ប្រមាថ និង​បង្ខូចកេរ្តិ៍​សម្តេច​ទៅវិញ​។ លោក Raoul-Marc Jennar បាន​បន្តទៀតថា​៖«​មិនត្រូវ​មាន​ភាសា​មួយ​នៅ​ភ្នំពេញ និង​ភាសា​ផ្សេងទៀត​នៅ​ទីក្រុង​ប៉ារីស ឬ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ​។ ត្រូវ​និយាយ​ភាសា​តែមួយ​»​។ លោក Raoul-Marc Jennar បាន​រម្លឹក​ទៀតថា លោក​គឺជា​បុគ្គល​ទី​១​ដែរ ដែល​អបអរសាទរ​គំនិត​បង្កើត​វប្បធម៌​សន្ទនា ព្រោះថា បើ​ភាគី​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា ឈ្លោះ​គ្នា វា​នឹង​នាំ​ឲ្យ​មានការ​គុំកួន ការសង​សឹក ឬ​អនុស្សាវរីយ៍​មិនល្អ​។ «​វប្បធម៌​សន្ទនា គឺជា​គំនិតល្អ​។ ប៉ុន្តែ វប្បធម៌​ស​ន្ទា​នា​ត្រូវតែ​គោរព​គោលការណ៍​មួយចំនួន​»​។ នេះ​គឺជា​អ្វីដែល​លោក Raoul-Marc Jennar លើកឡើង​បន្ថែមទៀត​។



​ឆ្លើយតប​ទៅនឹង​អ្វីដែល​លោក Raoul-Marc Jennar លើកឡើង​នោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អត្ថាធិប្បាយ​ជា​លក្ខណៈ​ទូទៅ​ថា លោក​មិន​ចង់​ស្វែងរក​ថា តើន​រណា​ជា​អ្នកបង្ក​ឲ្យ​ប្រេះឆា​វប្បធម៌​សន្ទនា​នោះទេ​។ តែ​លោក​បង្ហាញ​អារម្មណ៍​ចង់​ឲ្យ​វប្បធម៌​សន្ទនា​កើតឡើង​វិញ​។ វប្បធម៌​សន្ទនា​កើតឡើង​វិញ​, បើតាម​លោក យឹម សុវណ្ណ​, កើតឡើង​សម្រាប់​ថ្ងៃនេះ ថ្ងៃស្អែក និង​ថ្ងៃ​អនាគត​។ លោក​បញ្ជាក់ថា​៖«​យើង​ត្រូវការ​ការសន្ទនា យើង​មិន​ត្រូវការ​សង្គ្រាម​នោះទេ​។ យើង​ចង់បាន​វប្បធម៌​សន្ទនា​ដែល​ឈរលើ​គោលការណ៍​យុត្តិធម៌ ពោលគឺ​មិនមែន​វប្បធម៌​សន្ទនា​បិទ​ភ្នែក ឬ​បិទ​ត្រចៀក​បក្សប្រឆាំង​នោះទេ​»​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន តាមរយៈ​វប្បធម៌​សន្ទនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី មាន​វត្តមាន​រួមគ្នា​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នៅក្នុង​ខេត្តសៀមរាប​។ តែ​នៅ​ឆ្នាំនេះ ឯកឧត្តម សម រង្ស៊ី នឹង​អវត្តមាន​ដោយសារតែ​ឯកឧត្តម​ហ៊ុំព័ទ្ធ​ទៅដោយ​បណ្តឹង​ផ្សេងៗ​៕


Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com