អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ជុង​អ៊ុន ប្រកាស​បាញ់​រុក​ក្កែ​ត​បាលី​ស្ទីក​អន្តរទ្វីប​ដោយ​ជោគជ័យ​
09, Apr 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បើទោះជា​បី​សហគមន៍​អន្តរជាតិ បន្ត​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​កូរ៉េខាងជើង​យ៉ាងណាក៏ដោយ វិធានការ​ក្តៅ​នោះ មិនបាន​ធ្វើ​ឲ្យ​មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន បញ្ឈប់​មហិច្ឆតា​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ដែរ​។ ហើយ​នេះ លោក ក៏បាន​ប្រកាស​ពី​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រភេទ​ថ្មី មួយទៀត​។​


​លោក​ប្រ​ធានា​ធីប​តី​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​ពី​ភាពជោគជ័យ​ជាថ្មី​ក្នុង​ការបាញ់​សាកល្បង​ប្រភេទ​ថ្មី​នៃ​រុក​ក្កែ​ត​បាលី​ស្ទីក​អន្តរទ្វីប នៅឯ​មូលដ្ឋាន Sohae Space ដែលមាន​ទីតាំងនៅ​ភាគ​ខាងជើង​នៃ​ខេត្ត Pyangan នៃ​ប្រទេស​កូរ៉េខាងជើង​។ ។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ចិន People’s Daily នៅ​ថ្ងៃទី​០៩ ខែមេសា​នេះ​។ 
 
​ការបាញ់​សាកល្បង​នេះ បានបង្ហាញ​ពី​ភាពជោគជ័យ និង​ជា​រឿង​គួរកត់សម្គាល់​មួយ​ក្នុង​ការពង្រឹង​ឥទ្ធិពល​យោធា និង​សមត្ថភាព​ការពារជាតិ​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល បាន​បន្ថែម​ដែលថា កម្លាំង​នៃ​រុក​ក្កែ​ត​បាលី​ស្ទីក​អន្តរទ្វីប​នោះ ក៏​ស្ថិតនៅក្នុង​ស្តង់ដារ​នៃ​ចំណាត់ថ្នាក់​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សកល​ផងដែរ​។​
 
​ជុំវិញ​ការបាញ់​សាកល្បង​នេះដែរ ប្រមុខ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ក៏បាន​សម្តែង​រីករាយ ចំពោះ​ភាពជោគជ័យ​នេះដែរ ដោយ​លោក​បាន​ថ្លែងថា ជោគជ័យ​នោះ ក៏បាន​បង្ហាញ​ពី​ភាព​រឹង​ម៉ាំ​របស់ កូរ៉េខាងជើង​ក្នុង​ទម្រង់​មួយ​ដែល​អាច​វាយប្រហារ​ចក្រពត្តិ​អាមេរិក​។ លោក ក៏បាន​បន្ថែម​ដែរ​ថា ពេលនេះ​កូរ៉េខាងជើង​អាចមាន​លទ្ធភាព​បាញ់​រុក​ក្កែ​ត​បាលី​ស្ទីក​អន្តរទ្វីប​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ និង​អាច តម្រង់​ទៅ​អាមេរិក​បាន​ហើយ​។ 
 
​សូម​ញ្ជា​ក់​ផងដែរ​ថា ក្នុង​ដើមឆ្នាំ​២០១៦​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​បរមា ណូ​របស់ខ្លួន​ម្តង​ហើយ​ម្តង​ហើយ ដែល​ផ្គើន​នឹង​បម្រាម​របស់​សហគមន៍​អន្តរជាតិ​។ ហើយ​នៅ​ថ្ងៃទី​០២ ខែមីនា​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​
 
​អ្វី​គួរកត់សម្គាល់​នោះ​សូម្បីតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ធា្ល​ប់​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ​នឹង​គ្នា ក៏បាន​ប្រកាស​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំងនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​ក្រុង​ព្យុងយ៉ាង​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៥ ខែមេសា កន្លងទៅ បានប្រកាស​រឹតត្បិត​លើ​ការ​នាំចូល​ដោយ ហាម​មិន​ឲ្យ​មាន​ការទិញ​ធ្យូងថ្ម មាស រ៉ែ និង​វត្ថុធាតុដើម​មួយចំនួន​ផ្សេងទៀត​ពី​កូរ៉េខាងជើង​។ រីឯ​ការ នាំចេញ​វិញ គឺ​មិនមាន​សាំង​យន្តហោះ នាំ​ចេញទៅ​កូរ៉េខាងជើង​ឡើយ​៕ 

Tag:
 កូរ៉េខាងជើង​
  មី​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com