ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ឈាង វុន​៖ លោក អ៊ុំ សំអាន ត្រឡប់មក​កម្ពុជា​វិញ​ចំពេល​នះ ហាក់​គ្មាន​បំណងល្អ​ទេ​
11, Apr 2016 , 3:41 pm        
រូបភាព
លោក ឈាង វុន នៅខាងឆ្វេង លោក យឹម សុវណ្ណ នៅកណ្តាល លោក សុក សំអឿន នៅខាងស្តាំ
លោក ឈាង វុន នៅខាងឆ្វេង លោក យឹម សុវណ្ណ នៅកណ្តាល លោក សុក សំអឿន នៅខាងស្តាំ
ដោយ:
 
 
 
​អ្នកនាំពាក្យ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មួហ្មង​ក្នុង​ចិត្ត​ជុំវិញ ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ១១ ខែមេសា​។ លោក​ថា ការវិលត្រឡប់​របស់​លោក អ៊ុំ សំអាន ចំពេល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពេលនេះ ទំនងជា​មិនមាន​បំណងល្អ​នោះទេ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​សប្បាយ​ចិត្តនឹង​ការលើកឡើង​របស់លោក ឈាង វុន នោះឡើយ​។​



​ក្នុង​ចិត្ត​របស់ លោក ឈាង វុន មិនមែន​ជា​រឿង​ធម្មតា​ឡើយ ដែល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចូលមក​កម្ពុជា ហើយ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅពេលនេះ​។ លោក យល់ថា លោក អ៊ុំ សំអាន អាចមាន​បំណង​ណាមួយ​មិនល្អ​ហើយ ដែល​ត្រឡប់មក​កម្ពុជា ចំពេល​ដែល​នៅ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។  លោក ឈាង វុន បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា ៖« ខ្ញុំ​គិតថា គាត់​មក​ពេលនេះ ហាក់​មិនមាន​បំណងល្អ​នោះទេ​។ ខ្ញុំ​និយាយ​បានតែ​ប៉ុណ្ណឹង​។ ព្រោះ​យើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គាត់​មក​»​។ លោក ឈាង វុន បដិសេធ​មិន​ចោទ​ឲ្យ​ចំៗ​ថា លោក អ៊ុំ សំអាន មានបំណង​មិនល្អ​ណាមួយ​ឲ្យ​ពិតប្រាកដ​ទេ​។​
 
​ការលើកឡើង​របស់លោក ឈាង វុន ធ្វើ​ឲ្យ​លោក យឹម សុវណ្ណ មិនអាច​ទទួលយកបាន​នោះទេ​។ លោក​ថា លោក ​អ៊ុំ សំអាន ជា​ពលរដ្ឋ និង​តំណាងរាស្ត្រ​របស់​កម្ពុជា ចង់​ចូល​ប្រទេស​កម្ពុជា​ពេលណា​ក៏បាន​ដែរ ហើយ​លោក​គ្មាន​បំណង​អាក្រក់​ណាមួយ​សម្រាប់​ប្រទេសជាតិ​ខ្លួនឯង​ដូច​ការលើកឡើង​របស់​លោក ឈាង វុន ទេ​។ « ខ្ញុំ​មិន​យល់ថា គាត់​ដឹង​ពី​ណា ហើយ​ចេះតែ​ចោទប្រកាន់​គេ​។ កម្ពុជា ជា​ប្រទេស​គាត់ បើ​មិន​ឲ្យ​គាត់​ចូល ទុក​ឲ្យ​នរណា​នៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ទន្ទឹមនឹង​សោកស្តាយ​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ សំអាន ជាបន្ទាន់​។ 
 
​យ៉ាងណា ថ្វីបើ​លោក យឹម សុវណ្ណ សោកស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ចាប់ខ្លួន​តំណាងរាស្ត្រ​រួម​បក្ស​ជាមួយគ្នា​ក្តី តែ​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​មិន​សោកស្តាយ ដែល​អាជ្ញាធរ​ចាប់ខ្លួន លោក អ៊ុំ សំអាន ជា​សហការី​រួម​អាជីព​ជាមួយ​ខ្លួន​ជា​តំណាងរាស្ត្រ​ដូចគ្នា ក្នុងន័យ​ការពារ​លោក អ៊ុំ សំអាន នោះទេ តែ​ផ្ទុយទៅវិញ អ្នកនាំពាក្យ​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ សោកស្តាយ​ចំពោះ​ទង្វើ​របស់លោក អ៊ុំ សំអាន ទំនងជា​ក្នុងន័យ​ដាក់បន្ទុក​បន្ថែម​ទៅវិញ​។ លោក ឈាង វុន អះអាងថា កន្លងមក លោក អ៊ុំ សំអាន បាន​យក​ផែនទី​ក្លែងក្លាយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​លោក​ចាត់ទុកថា វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ លោក​ថា សកម្មភាព​របស់លោក អ៊ុំ សំអាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋសភាជាតិ​។ 
 
សូមបញ្ជាក់ថា​ លោក អ៊ុំ​ សំអាន ​បាន​ធ្វើ​ដំណើរ​មកដល់​​ប្រទេស​កម្ពុជាវិញ កាលពី​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ នេះ ។ តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ដែលរិះគន់​រដ្ឋាភិបាល​មិនសំចៃមាត់​រូប​នេះ មកដល់​ខេត្ត​សៀមរា​ប​ ទាំងអះអាងថា ខ្លួនមិនខ្លាច​រដ្ឋាភិបាលកម្ពុជាចាប់ខ្លួននោះទេ។ លោក អះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកមិនខ្លាចការចាប់​ខ្លួន​ ដោយសារ​លោក យល់​ថា រូប​លោក មិនបាន​ធ្វើអ្វី​ខុស​នោះទេ។
 
​ជុំវិញ​ការចាប់ខ្លួន​លោក អ៊ុំ សំអាន នេះ លោក​មេធាវី សុក សំអឿន ហាក់​ស្ទាក់ស្ទើរ​មិន​ចង់​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ ពីព្រោះ​តែ​លោក​មិនដឹង​រឿងនេះ​ឲ្យ​ស៊ី​ជំរៅ​។ តែ​មេធាវី​រូបនេះ គ្រាន់តែ​បកស្រាយ​ក្នុងន័យ​ច្បាប់​ថា ការចោទប្រកាន់ថា បុគ្គល​ណាមួយ​ប្រើប្រាស់​របស់​ក្លែងក្លាយ លុះត្រាតែ​បុគ្គល​អ្នកប្រព្រឹត្ត​បានដឹងថា វត្ថុ​ដែល​ខ្លួន​ប្រើ​ក្លែងក្លាយ​។ ជាមួយគ្នានេះ លោក​សុក សំអឿន ក៏​រិះគន់​ពី​ការបកស្រាយ​បទល្មើស​ជាក់ស្តែង​កន្លងមក​ដែរ​។ លោក​ថា កន្លងមក​បទល្មើស​នេះ ត្រូវគេ​បកស្រាយ​ក្នុងន័យ​ទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​មិនសូវមាន​យុត្តិធម៌​។ បើតាម​លោក​មេធាវី តាមច្បាប់ បទល្មើស​ជាក់ស្តែង លុះត្រាតែ នគរបាល​យុត្តិធម៌​មាន​ភស្តុតាង​ជាក់ស្តែង​ដែរ​៕
 
 
 

Tag:
 ឈាង វុន​
  អ៊ុំ សំអាន​
  យឹម សុ​វ​ន្ណ
© រក្សាសិទ្ធិដោយ thmeythmey.com