អន្តរជាតិ
លោក ឃេ​រី នឹងមិន​សុំទោស​ជប៉ុន​រឿង​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ដំណើរ​ទៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា
11, Apr 2016 , 8:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី នឹងមិន​សុំទោស​អ្វី​ឡើយ​ចំពោះ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ទៅលើ​ជប៉ុន​ក្នុ​សម័យ​សង្គ្រាមលោកលើកទី​មួយ នៅពេល​លោក​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នៅ​ថ្ងៃទី​១០ ខែមេសា​។ លោក​ក៏​នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទីមួយ ដែល​នឹង​ទៅកាន់​សារមន្ទីរ​ចងចាំ​សន្តិភាព​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ផងដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​មន្ត្រីជាន់ខ្ពស់​អាមេរិក​និយាយថា លោក ឃេ​រី ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា នឹងមិន​សុំទោស​ចំពោះ​ទង្វើ​អាមេរិក​ដែល​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​នេះ​នោះទេ​។ លោក​នឹង​ទៅ​សារមន្ទីរ​ចងចាំ​សន្តិភាព ជាទី​កន្លែង​រម្លឹក​ដល់​ជនរងគ្រោះ​ជាង​មួយ​សែន​នាក់​ដែល​បាត់​បង់ជីវិត​ដោយសារ​ការទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​នេះ​។

​មន្ត្រី​ដដែល​នោះ​បញ្ជាក់ប្រាប់​អ្នករាយការណ៍​សារព័ត៌​មាននៅ​ថ្ងៃទី​១០ ខែមេសា​ថា ប្រសិនបើ​សួរថា​រដ្ឋមន្ត្រីការបរទេស​ទៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដើម្បី​សុំទោស​នោះ ចម្លើយ​គឺ​មិនមែន​ទេ​។ លោក​បន្តទៀតថា បើ​លោកអ្នក​សួរថា លោក​រដ្ឋមន្ត្រី​គិតថា ប្រជាជន​អាមេរិក​និង​ជប៉ុន​សោកសង្រេង​នឹង​សោកនាដកម្ម​ដែល​កើតឡើង​ឬ​អត់ ចម្លើយ​គឺ​ពិតមែន​។

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ធ្វើឡើង ស្របពេល​ដែល​លោក ច​ន ឃេ​រី កំពុងតែ​ស្នាក់នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដើ​ម្បូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​មហាអំណាច​G7 ដែល​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៦​នេះ​។ នៅ​ថ្ងៃទី​១១ ខែមេសា លោក ឃេ​រី រួម​នឹង​រដ្ឋមន្ត្រីការបរទេស​នៃ​G7 នឹង​ទៅ​ដាក់​កម្រងផ្កា​នៅ​សារមន្ទីរ​ចងចាំ​សន្តិភាព ជាទី​រម្លឹក​ដល់​ជនរងគ្រោះ​ពី​ការទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥​។​

​លើសពីនេះទៅទៀត ដំណើរ​របស់លោក ឃេ​រី ក៏​ជាការ​បើកផ្លូវ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នៅ​ខែឧសភា​ខាងមុខ​ដែរ​។ លោក អូ​បា​ម៉ា ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​ក្នុង​តំណែង​ដំបូង​គេ​មកកាន់​ទីក្រុង​នេះ ខណៈ​លោក​នឹង​មក​ចូលរួម​ប្រជុំ​ប្រជុំ​កំពូល​G7 នៅ​ជប៉ុន​។

​ទាក់ទិន​នឹង​ការប្រជុំ​G7 របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​ដែល​បើក​នៅ​ថ្ងៃទី​១០ ខែមេសា​ម្សិលមិញ​នេះ មាន ការបញ្ឈប់​អាវុធ​នុយក្លេអ៊ែរ ការប្រឆាំង​ភេរវកម្ម ការបញ្ចប់​សង្គ្រាមស៊ីវិល​ស៊ី​រី និង​បញ្ហា​កូរ៉េខាងជើង​ជាដើម​។ សន្តិសុខ​ដែនសមុទ្រ ក៏​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ ក្នុងជំនួប​មហា​យក្ស​សេដ្ឋកិច្ច​នេះ ជាពិសេស​សកម្មភាពរ​បស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​ពង្រីក​កោះ និង​ធ្វើ​សកម្មភាព​យោធា​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា ជប៉ុន​គឺជា​ប្រទេស​តែមួយគត់​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែកនុយក្លេអ៊ែរ​។ ទាហាន​អាមេរិក​បាន​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​គ្រាប់​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​១៩៤៥ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១៥​ម៉ឺន​នាក់​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​នោះ​។ បី​ថ្ងៃ​បន្ទាប់ អាមេរិក​ក៏​ទម្លាប់​មួយគ្រា​ប់​ទៀត​នៅ​ណា​ហ្កា​សា​គី ដែល​ធ្វើ​មនុស្ស​ប្រមាណ​៧​ម៉ឺន​នាក់​បាត់បង់​ជីវិត ហើយ​ជប៉ុន​ក៏​ប្រកាស​ចុះចាញ់​សង្គ្រាម​នៅ​៦​ថ្ងៃ​បន្ទាប់មក​៕  
               

Tag:
 ​អាមេរិក​
 ​ ជប៉ុន​
 ​ ច​ន ឃេ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com