កីឡាជាតិ
ជាតិ
លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ឆ្នាំនេះ​នឹងមាន​ការសម្តែង​ល្បុក្កតោ​ដ៏​ប្លែក​
11, Apr 2016 , 8:39 pm        
រូបភាព
ដោយ:
​កីឡា​អត្តសញ្ញាណ​ជាតិ ក្បាច់គុន​ល្បុក្កតោ និង​អុកចត្រង្គ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ដាក់​ឲ្យ​សម្តែង និង​ប្រកួត ដើម្បី​អបអរ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នា​ទឹកដី​ខេត្ត​សៀ​បរាប មុខ​ប្រាសាទអង្គរវត្ត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា​ខាងមុខនេះ​។



​ក្បាច់គុន​ល្បុក្កតោ និង​ចំបាប់​បុរាណ នឹងធ្វើ​ការសម្តែង​រួមគ្នា​នា​ទឹកដី​អង្គរ ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិកា​រា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។​

​លោក​អគ្គលេខាធិការ NOCC បាន​បន្ថែមទៀតថា ក្នុងឱកាស​បុណ្យ​ខ្មែរ​នេះដែរ​ក៏មាន​ការសម្តែង​កីឡា​ជាច្រើន​ប្រភេទ​ផងដែរ​នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ប៉ុន្តែ​មានតែ​កីឡា​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ដែលជា​បន្ទុក​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា​គឺ អុកចត្រង្គ និង​ល្បុក្កតោ​។​

​លោកតា​ព្រឹទ្ធាចារ្យ​កីឡា ហុក ឈាង​គីម បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ​២០១២ មក នេះ​ជា​លើក​ទី​៥​ហើយ សម្រាប់​ការបង្ហាញ​វត្តមាន​ក្បាច់គុន​ល្បុក្កតោ ដែល​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ដើម្បី​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។ ហើយ​សម្រាប់​ឆ្នាំនេះ​លោក​នឹងដាក់​កីឡាករ​កីឡាការិនី​ឲ្យ​ចូលរួម​សម្តែង​ចំនួន​១២០​នាក់ ដែល​មកពី​រាជធានី​ភ្នំពេញ និង​ក្លិប សមាគម​ទាំង​៩​នៅ​ខេត្តសៀមរាប​។

​ទោះបី​ឆ្នាំនេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៥​ក៏ដោយ ប៉ុន្តែ លោក​ព្រឹទ្ធាចារ្យ​រូបនេះ បានបង្ហាញ​ពី​គោលជំហរ​ថា នឹងធ្វើ​ឲ្យ​ប្លែក​ជាង​ឆ្នាំមុនៗ ជាពិសេស​នឹង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ទៀត​នៅក្នុង​នោះ ដើម្បី​បង្កើន​ការទាក់ទាញ​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ ហើយ​អ្វីដែល​សំខាន់ លោក នឹង​រៀបចំ​កម្មវិធី​ទេសនា ពន្យល់​ពី​បណ្តាំ​ដូនតា​ខ្មែរ ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​សម្តែង​ដោយ​រូបលោក​ផ្ទាល់ នាឱកាស​នោះ​ផងដែរ​៕     


Tag:
 ល្បុក្កតោ​
  លោក វ៉ា​ត់ ចំរើន​
  ហុក ឈាង​គីម​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com