អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​ស៊ី​ល​ការពារ​អាកាស S-300 របស់​រុស្ស៊ី​ទៅដល់​អ៊ីរ៉ង់​ហើយ​
12, Apr 2016 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300  បាន​បញ្ជូន​ទៅដល់​អ៊ីរ៉ង់​ហើយ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់ ថ្ងៃ​ចន្ទ ទី ១១ ខែ មេសា នេះ​។ ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​ធ្វើឡើង​តាម​សមុទ្រ​កា​ព្យែ​ន​ដែល​នៅជាប់​ព្រំដែន​រុស្ស៊ី​និង​អ៊ីរ៉ង់ ហើយ​ការបញ្ជូន​នេះ​ធ្វើឡើង​ក្រោយ​អ៊ីរ៉ង់​និង​មហាអំណាច ៥​បូក​១ សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រួមគ្នា​។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ Jaberi Ansari ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រុស្ស៊ី RT ថា មី​ស៊ី​ល​ប្រភេទ S-300 ក្រុម​ទីមួយ​ត្រូវបាន​បញ្ជូន​មកដល់​ទឹកដី​អ៊ីរ៉ង់​ហើយ​។ នេះ​ជាការ​បញ្ជូន​សព្វាវុធរ​បស់រ​ស្ស៊ី​ដំបូង​បំផុត​រាប់​ចាប់តាំងពី​ភាគី​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​នេះ​រួមគ្នា​តាំងពី​ឆ្នាំ ២០០៧​មក​នោះ និង​ក្រោយ​មានការ​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​ការបញ្ជូន​អាវុធ​នេះ​ច្រើនដង​កន្លងមក​។ 
 
​អ្នកនាំពាក្យ​ខាងលើ​បាន​បញ្ជាក់ថា​៖«​យើង​បានប្រកាស​ហើយ​ថា ទោះបីជា​មានការ​ផ្លាស់​ប្តួ​រ​កាលបរិច្ឆេទ​ច្រើនដង​កន្លងមក​ក៏ដោយ កិច្ចព្រមព្រៀង​នឹង​ស្ថិតក្នុង​ដំណាក់កាល​អនុ​វត្ត​ដដែល ហើយ​ថ្ងៃនេះ​ខ្ញុំ​គួរ​ប្រកាស​ឲ្យ​ហើយ​ថា សព្វាវុធ​ក្រុមទី​១​បាន​មកដល់​អ៊ីរ៉ង់​ហើយ​»​។​លោក Jaberi Ansari បាន​បន្តទៀតថា ការបញ្ជូន​សព្វាវុធ​មក​អ៊ីរ៉ង់​ធ្វើដំណើរ​តាម​សមុទ្រ​កា​ព្យែ​ន ដែលជា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​រុស្ស៊ី​និង​អ៊ីរ៉ង់​នោះ​។ 
 
​តាមពិតទៅ​ការនាំ​ចូល​អាវុធ​ការពារ​អាកាស​នេះ មិនមែនជា​គម្រោង​ថ្មី​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​នោះឡើយ​។ អ៊ីរ៉ង់​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ទំហំ ៨០០​លាន​ដុល្លារ ជាមួយ​ក្រុង​ម៉ូស្គូ​តាំងពី​ឆ្នាំ ២០០៧ ដើម្បី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ទុក​គ្រាន់​ការពារ​សត្រូវ​នៅ​មជ្ឈិមបូព៌ា​។ ក្រោយមក​អ៊ីរ៉ង់​បង់លុយ​ឲ្យ​រុស្ស៊ី ១៦៦​លាន​ដុល្លារ​សម្រាប់​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​អ៊ីរ៉ង់​មិនបាន​ទទួល​អាវុធ​នេះ​សោះ ព្រោះ​ក្នុង​ឆ្នាំ ២០១០ គេ​ឃើញ​ទណ្ឌកម្ម​ថ្មី​ត្រូវដាក់​ប្រឆាំង​ក្រុង​តេ​ហេ​អ៊ីរ៉ង់ ដោយ​ហាមឃាត់​ការលក់​អាវុធ​មី​ស៊ី​ល​ដល់​ប្រទេស​នេះ​។   ក្នុងពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បានសម្រេច​ចេញ​ក្រឹត្យ​ព្រមព្រៀង​ឈប់​លក់​អាវុធ​ឲ្យ​អ៊ីរ៉ង់​ស្របតាម​ចំណុច​មានកំណត់​ក្នុង​កញ្ចប់​ទណ្ឌ​កម្មនេះ ហើយរ​ស្ស៊ី​សុខចិត្ត​បង់លុយ​១៦៦​លាន​ដុល្លារ​វិញ​ឲ្យ​អ៊ីរ៉ង់​។ 
 
​ក្រោយមក ក្នុង​ខែមេសា​ឆ្នាំមុន ស្រាប់តែ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញ​ក្រឹត្យ​ដក​រាល់​ការហាមឃាត់​ទាំងអស់​លើ​អ៊ីរ៉ង់​ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុង​តេ​ហេ​រ៉ង់​វិញ​។ សហគមន៍​អន្តរជាតិ​ភ្ងា​ក់​ផ្អើល ហើយ​អ៊ីស្រាអែល និង​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រួយបារម្ភ​កាន់តែខ្លាំង​។​
 
​ការបញ្ជូន​អាវុធ​ទៅ​អ៊ីរ៉ង់​នេះ​កើតឡើង ក្រោយ​ពេលដែល​មហាអំណាច ៦​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ក្នុង​សំណុំរឿង​កម្មវិធី​នុយក្លេអ៊ែរ ។ គេ​មិនឃើញ​មានការ​កំណត់​ឈ្មោះ​អាវុធ​ប្រភេទ​នេះ​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហាអំណាច ៦​ឡើយ​។ នេះ​មានន័យថា អ៊ីរ៉ង់​នៅមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ទទួលបាន​អាវុធ​ស៊េរី​ទំនើប​នេះ ក្នុង​រយៈពេល​ដ៏​ខ្លី​ដោយ​គ្មាន​ការ​រឹតត្បិត​ពី​រុស្ស៊ី​។ បើ​អ៊ីរ៉ង់​មាន​អាវុធ​ប្រភេទ​នេះ នឹង​បង្ក​ការលំបាក​ខ្លាំង​ដល់​ការអន្តរាគមន៍​យោធា បើសិន​ចាំបាច់​។ អាវុធ​ប្រភេទ​នេះ​មាន​ឥទ្ធិពល​ខ្លាំង ដែល​វា​អាច​កម្ទេច​យន្តហោះ​ចម្បាំង​ហើយ​វា​អាច​រារាំង​ការវាយប្រហារ​តាមផ្លូវ​អាកាស​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​៕
  


 

Tag:
 S-300
  អ៊ីរ៉ង់​
 ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com