ជាតិ
សង្គមជាតិ
មេ​សហជីព មិន​ស្នើ​ឲ្យ​ព្រឹទ្ធសភា​កែប្រែ​ច្បាប់​សហជីព តែ​សុំ​ឲ្យ​ពន្យារការអនុវត្ត​រយៈពេល២ឆ្នាំ
11, Apr 2016 , 5:02 pm        
រូបភាព
 ​ឲ្យ​តែ​រាជរដ្ឋាភិបាល​ឬ​រដ្ឋសភា បើក​កិច្ចពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព តំណាង​កម្មករ តែង​សុំ​អន្តរាគមន៍​ជានិច្ច​។ ប៉ុន្តែ ពួកគេ​បែរជា​ព្រងើយកន្តើយ​ចំពោះ​ស្ថាប័នព្រឹទ្ធសភា ខណៈពេលដែល​ស្ថាប័ន​កំពូល​មួយ​នេះ​កំពុង​ប្រជុំ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នេះ​។



នៅ​ថ្ងៃទី​១១ ខែមេសា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ លើ​របៀបវារៈ​មួយចំនួន ដោយ​ក្នុងនោះ ក៏មាន​ការពិនិត្យ​និង​ការសម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា ដើម្បី​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៨  នីតិកាល​ទី​៣ ផងដែរ​។ បើទោះបីជា​ស្ថាប័ន​នេះ បើក​កិច្ចពិភាក្សា​ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា​បាន​បញ្ជូនទៅ​ក៏ដោយ តែ​មេ​សហជីព មិនបាន​សុំ​ចំណាត់ការ​ណាមួយ​នោះទេ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ បាន​លើកឡើងថា ការមិន​សុំ​អន្តរាគមន៍​ពី​ស្ថាប័នព្រឹទ្ធសភា ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដោយសារតែ​មេ​សហជីព​ហាក់ដូចជា​អស់ជំនឿ​លើ​ស្ថាប័នរដ្ឋ​ទៅហើយ​។  លោក​ថា កន្លងមក ក្រុម​សហជីព បាន​ស្ទុះស្ទារ​ត់ទៅ​ពឹងពាក់​ស្ទើរ​គ្រប់​ស្ថាប័ន ដើម្បី​ឲ្យ​មានការ​កែប្រែ​ខ្លឹមសារ​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​នេះ តែ​ទីបំផុត​រដ្ឋសភា​នៅតែ​អនុម័ត ដោយ​ធ្វើតាម​សំណើរ​របស់​តំណាង​កម្មករ​ដ៏​តិចតួច​ប៉ុណ្ណោះ​។​
 
​មេ​សហជីព​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ការពិតទៅ ពួកយើង​ដូចជា​អស់​សង្ឃឹមលើ​ស្ថាប័នរដ្ឋ​ហើយ​។ យើង​ស្នើសុំ​ជាច្រើនលើក​ច្រើនសា​ហើយ តាំងពី​រដ្ឋាភិបាល និង​រដ្ឋសភា តែ​ស្ថាប័ន​ទាំងនោះ​នៅតែ​មិន​ធ្វើតាម​សំណើ​របស់​ពួកយើង​។ យើង ដឹងថា ច្បាប់​នេះ ប្រាកដជា​ត្រូវអនុម័ត​ហើយ ព្រោះ​មើលទៅ​រាជរដ្ឋាភិបាល  ដូច​មាន​ឆន្ទៈ​ខ្លាំង​ក្នុងការ​បង្កើត​ច្បាប់​នេះ​»​។​
 
​លោក សៀង សម្បត្តិ បន្ថែមទៀតថា បើទោះបីជា ក្រុម​សហជីព មិនបាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​ព្រឹទ្ធសភា​ក៏ដោយ ប៉ុន្តែ​ពួកគេ នៅតែ​ព្យាយាម​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​ពន្យារពេល​នេះ​ការ​អនុវត្តិ​ច្បាប់​នេះ​។ លោក ថា រដ្ឋសភា គួរតែ​ពន្យា​ពេល​រយៈពេល​២​ឆ្នាំ នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ដើម្បី​មេ​សហជីព មាន​ពេលវេលា ក្នុងការ​អប់រំ ដល់ក​ម្មករ ឲ្យ​យល់​ពី​ច្បាប់​នេះ​៕
 

Tag:
 ច្បាប់​សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com