ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?
17, Apr 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ម្សិលមិញ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អាហារ​មួយចំនួន​ដែល​អាច​បំបាត់​អាកា​រៈ​ក្តៅ​ក្នុង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​មិនអាច​ធ្វើ​នៅពេលដែល​អ្នក​ក្តៅ​ក្នុង​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​មិនត្រូវ​បញ្ចុះ​កម្តៅ​ភ្លាម​
​ការ​ក្តៅ​ក្នុងនេះ​ចែកចេញជា​ពីរ​ប្រភេទ ការ​ក្តៅ​ក្នុង​ខ្សោយ និង​ខ្លាំង នៅពេលដែល​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុង​ខ្សោយ អ្នក​មិនត្រូវ​ប្រើ​អាហារ​ដែល​បំបាត់​ការ​ក្តៅ​ក្នុង​ខ្លាំង​មក​បំបាត់​នោះទេ ដូចជា​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ហើយ​ប្រសិនជា​អ្នក​ក្តៅ​ក្នុង​ខ្លាំង អ្នក​អាច​ផឹកទឹក​សណ្តែកខៀវ​បាន វា​នឹង​ជួយ​អ្នក​បញ្ចុះ​កម្តៅ​បាន ប៉ុន្តែ​មិនត្រូវ​បរិភោគ​ច្រើន​ដូចគ្នា បរិមាណ​ល្មមទៅ​បាន​ហើយ​។​
 
​មិនត្រូវ​បរិភោគ​ម្រះ​
​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា​នៅក្នុង​ម្រះ​មាន​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ត្រជាក់​ក្នុង​បាន ប៉ុន្តែ​វា​មិន​ស័ក្តិសម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​អត្រា​រលូត​កូន​ខ្ពស់​ណាស់​។​
 
​មិនត្រូវ​ញ៉ាំ​ម្ទេស​
​នៅពេលដែល​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុង អ្នក​មិនត្រូវ​ពិសារ​ម្ទេស​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ថែមទាំង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ទារក​មិនអាច​លូតលាស់​បានល្អ​ឡើយ​។​
 
​មិនត្រូវ​បរិភោគ​អាហារ​បំពង​ខ្លាញ់​
​អាហារ​បំពង​ខ្លាញ់ គឺជា​អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បំផុត ដូចនេះ​ប្រសិនជា​អ្នកមាន​អាកា​រៈ​នេះ​រួចមកហើយ អ្នក​មិនត្រូវ​ពិសារ​ទេ ហើយក៏​មិនត្រូវ​បរិភោគ​ឆា​ខ្វៃ សាច់​ពពែ សាច់​ឆ្កែ និង​ដំឡូងបារាំង​ចៀន​នោះទេ​។​
 
​មិនត្រូវ​ខឹង​
​ការខឹង​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុងនេះ​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ដូចនេះ​អ្នក​ត្រូវតែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ មិនត្រូវ​ឆាប់​ខឹង និង​មួល​ម៉ៅ​នោះទេ ទើប​វា​ល្អ​ចំពោះ​សុខភាព​អ្នក​។​
​មិនត្រូវ​ចូល​គេង​យប់​ជ្រៅ​
 
​អ្នក​ត្រូវតែមាន​ទម្លាប់​ចូល​គេង​ពី​ព្រលឹម​ពេលដែល​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុង ព្រោះ​បើ​អ្នក​ចូល​គេង​យប់​ពេក វា​នឹងធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៕
 
​ផ្តល់សិទ្ធិដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com