អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ មិន​ខ្វល់​នឹង​ការជំទាស់​របស់​បក្សនយោបាយ​រឿង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​
12, Apr 2016 , 5:39 pm        
រូបភាព
នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បដិសេធ​ការប្រឆាំង​របស់​គណបក្ស​នយោបាយ​ថៃ​ចំពោះ​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ លោក​ថែមទាំង​អះអាងថា លោក​មិន​ខ្វល់​នោះទេ បើទោះជា​គណបក្សនយោបាយ​ទាំងនោះ​មិន​ចូលរួម​ការបោះឆ្នោត​លើ​ក្រោយ​ក៏ដោយចុះ​។​





​ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា មិន​អើពើ​នឹង​ការតវ៉ា​របស់​បក្សនយោបាយ​ដែល​មិន​សប្បាយ​ចិត្តនឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​ពង្រាង​រួចរាល់​ហើយ​នោះទេ​។ លោក​ប្រតិកម្ម​តប​វិញ​ថា លោក​មិន​ថា​អ្វី​នោះទេ ប្រសិនបើ​ពួកគេ​មិន​ចូលរួម​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​។ លោក ប្រា​យុទ្ធ​បញ្ជាក់​ដូចនេះ បន្ទាប់ពី​លោក​ដឹកនាំ​មន្ត្រី​សំខាន់ៗ​ទាំង​យោធា ស៊ីវិល និង​ឯកជន ទៅសួរសុខទុក្ខ​លោក ព្រេ​ម ទីន​ស៊ូ​ឡា​ណុន ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដេច​ថៃ​។  

​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ និយាយ​ដែរ​ថា ក្រុមបក្សនយោបាយ​ទាំងនោះ​អាច​ប្រឆាំងនឹង​ពង្រាង​រដ្ឋធម្មនុញ្ញ​បាន ប៉ុន្តែ​ប្រជាជន​ឯណោះ​ទេ ដែលជា​អ្នកសម្រេច​លើ​រឿងនេះ​នៅ​ថ្ងៃទី​៧ ខែសីហា​ខាងមុខ​។ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព​និង​សណ្ដាប់ធ្នាប់ (NCPO) រូបនេះ​បន្តថា លោក​ជឿថា នឹងមាន​មនុស្ស​មួយចំនួន​ដែល​នៅ​ខាងលើ ដូចជា​គណបក្សនយោបាយ​មាន​អ្នកគាំទ្រ​ពួកគេ​ដូច្នោះ​ដែរ​។​

​បើតាម​កាសែត Bangkok Post នាយករដ្ឋមន្ត្រី​រូបនេះ​ឆ្លើយ​បក​វិញ​ថា ពួកគេ​បារម្ភ​ថា ពួកគេ​នឹងមិន​មានអំណាច​ដូច​មុន និង​មិន​អាចធ្វើ​អ្វី​ដូច​ពីមុន​ទេ​។ លោក​សួរថា តើ​ពួកគេ​ធ្លាប់ប្រើ​ប្រាស់​អំណាច​ត្រឹមត្រូវ​ដែរឬទេ​ពីមុនមក​។   

​គណបក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា បានទាមទារ​ឲ្យ NCPO បញ្ចេញ​ជំហាន​បន្ទាប់ ប្រសិនបើ​ប្រជាជន​បដិសេធ​លើ​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ យ៉ាងណាមិញ​លោក ប្រា​យុទ្ធ និយាយថា បើសិន​ដូច្នោះ​មែន លោក​គឺមាន​អំណាច​សម្រេច​កំណត់ថា នឹងត្រូវ​ធ្វើ​អ្វី​នៅពេល​បន្ទាប់​។ លោក​បន្ថែមថា ៖«​ហេតុអ្វី​បានជា​ពួកគេ​ចង់ដឹង​ពី​រឿង​នឹង​ម្លេះ​។ បញ្ហា​ដែល​ពួកគេ​គួរតែ​ចាប់អារម្មណ៍​គឺ​រឿង​ធ្វើ​ប្រជាមតិ​ទៅវិញ​ទេ​»​។ 

​សូមបញ្ជាក់ថា រដ្ឋាភិបាលយោធា​បានកំណត់​យក​ថ្ងៃទី​៧ ខែសីហា សម្រាប់ធ្វើ​ប្រជាមតិ​លើ​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ ប៉ុន្តែ​គណបក្សនយោបាយ​ធំៗ ដូចជា​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​ភឿ​ថៃ​របស់​ក្រុម​អាវ​ក្រហម​ជាដើម ចង់ដឹង​ពី​ផែនការ​បន្ទាប់​របស់​ក្រុម​យោធា​នៅក្រោយ​ការធ្វើប្រជាមតិ ដ្បិត​មានការ​ព្រួ​បារម្ភ​ថា យោធា​នឹង​នៅតែ​ស្ថិតក្នុង​អំណាច​នេះ​។​

​យ៉ាងណាក្ដី ក្រុម​យោធា​ដែល​ក្ដោប​អំណាច​ពេញដៃ មិនបាន​ប្រាប់​ពី​ផែនការ​ជាក់ច្បាស់​នោះទេ ខណៈ​ពួកគេ​នៅតែ​បន្ត​គាបសង្កត់​សេរីភាព​នយោបាយ​ក្នុងប្រទេស​។ ជាក់ស្ដែង​នោះ បក្សនយោបាយ​មិនមាន​សិទ្ធ​ធ្វើ​សន្និសីទកាសែត​អ្វី​ទេ ហើយ​លោក ប្រា​យុទ្ធ​ក៏​គំរាម​ដែរ​ថា ប្រសិនបើ​ពួកគេ​បន្ត​ប្រឆាំងនឹង​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ពួកគេ​អាច​នឹង​ជាប់គុក​មិន​ខាន​៕
     


Tag:
 ​ថៃ​
  ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com