អន្តរជាតិ
រញ្ជួយ​ដី​ជប៉ុន​៖ ប្រជាជន​ដ​ង្ហើ​យ​រក​ជំនួយ​ស្បៀង ខណៈ​រោងចក្រ​ធំៗ​បិទទ្វារ
18, Apr 2016 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងហោចណាស់ ៤២ នាក់​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​បន្តបន្ទាប់​គ្នា​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​នោះ​។ មនុស្ស​ជាច្រើន​នៅ​បន្ត​បាត់​ខ្លួន ហើយ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​ក៏​ប្រឈម​ការខ្វះខាត​ជំនួយ​និង​ស្បៀងអាហារ​ថែមទៀត​។  ចំណែក​រោងចក្រ​ឧស្សាហកម្ម​ជាច្រើន​ត្រូវបាន​បិទ តែ​សំណាងល្អ​រោងចក្រ​នុយក្លេអ៊ែរ​មិន​រង​ការខូចខាត​ឡើយ​។​



​អាជ្ញាធរ​ជប៉ុន​កំពុង​ដុតដៃដុតជើង​ជួយសង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​ដែល​កើតមាន​ជា​បន្តបន្ទាប់ ដែល​កើត​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ យោងតាម ទីភ្នាក់ងារ​ព័ត៌មាន Reuters មនុស្ស​ជាច្រើន​នៅ​បាត់​ខ្លួន​នៅឡើយ ហើយ​មនុស្ស​យ៉ាងហោចណាស់ ៤២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ​។

​ថ្ងៃ​ចន្ទ​ទី​១៨ មេសា​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) បាន​ថ្លែងប្រាប់ សភា​ថា មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន ហើយ​លោក​ចង់​បង្កើន​ការរុករក​និង​សង្គ្រោះ​ប្រជាជន​ទាំងនោះ​។ ស្របពេល​ជាមួយគ្នា​នោះ​លោក​ក៏​ចង់​ប្រកាស​ដាក់​តំបន់​ដែល​រងគ្រោះ​នោះ​ថា​ជា​តំបន់​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​ដដែល ក្រុម​សង្គ្រោះ​ប្រហែល ៣​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ ហើយ​និង​ចែកចាយ​ស្បៀងអាហារ​ដល់​ប្រជាជន​ដែល​រងគ្រោះថ្នាក់​។ ប៉ុន្តែ​ប្រជាជន​ច្រើន​ដែរ កំពុងដ​ង្ហើ​យ​រក​ជំនួយ​ជា​ស្បៀងអាហារ ព្រោះ​ផ្លូវថ្នល់​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ ហើយ​ក្រុម​សង្គ្រោះ​មិនអាច​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅដល់​។​

​ប្រជាជន​នៅក្នុង​តំបន់​ដែល​រងគ្រោះ​នៅ​ក្រុង Kumamoto នោះ​ថ្លែងថា អ្វីដែល​ពួកគាត់​ព្រួយបារម្ភ​ខ្លាំង​បំផុត​នោះ​គឺ​ចំណីអាហារ ព្រោះ​ពួកគេ​កំពុង​ប្រឈម​ការខ្វះខាត​ស្រាប់​នោះ​។ ហើយ​គ្មាន​អគ្គិសនី និង​ទឹក​សម្រាប់​ប្រើប្រាស់​ដែរ​។

​តំបន់​Kumamoto​ជា តំបន់​ប្រមូលផ្តុំ​រោងចក្រ​ឧស្សាហកម្ម​សំខាន់បំផុត​មួយ​របស់​ជប៉ុន ហើយ​ការកើត​មាននូវ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នេះ​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ហើយ​វា​ក៏​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ជប៉ុន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ការខូចខាត​ដោយ​គ្រោះ​រញ្ជួយ​ដី​នេះ​អាចមាន​តម្លៃ​រហូតដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

​ក្រុមហ៊ុន រថយន្ត​តូ​យូ​តា បានប្រកាស​បិទ​រោងចក្រ​បណ្តោះអាសន្ន​សិន ហើយ​ក្រុមហ៊ុន ហុងដា ក៏​ប្រកាស​ផ្អាក​ដំណើរការ​រោងចក្រ​ខ្លួន​នៅ​ភាគខាងត្បូង​បណ្តោះអាសន្ន​ផងដែរ​តាំងពី​ថ្ងៃ​សុក្រ​មក​នោះ​។​

​ប៉ុន្តែ​យ៉ាងណាមិញ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​បី​កន្លែង​ដែល​ស្ថិតក្នុង​តំបន់​ខាងលើ​នោះ​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ ។ តែ​អាជ្ញាធរ​គ្រប់គ្រង​ថាមពលនុយក្លេអ៊ែរ​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​គ្រោះមហន្តរាយ​នេះ និង​ចាត់វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១១ ជប៉ុន​រងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ ដោយ​គ្រោះមហន្តរាយ​នេះ​សម្លាប់​ប្រជាជន​ជប៉ុន​អស់​ប្រហែល​ជិត ២​ម៉ឺន​នាក់​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រលក​យក្ស​ស៊ូណាមិ​កាលនោះ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ​បំផុត​មួយ​មិន​ធ្លាប់មាន រាប់​ចាប់ពី​វិបត្តិ​នុយក្លេអ៊ែរ Chernobyl នៅ​អ៊ុយ​ក្រែ​ន ឆ្នាំ ១៩៨៦៕


Tag:
 ​រញ្ជួយ​ដី​ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com