អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Dilma Rousseff អាច​អស់តំណែង​ក្រោយ​សភា​ចោទប្រកាន់​រឿង​ពុករលួយ​
18, Apr 2016 , 4:22 pm        
រូបភាព
​សមាជិកសភា​ប្រេ​ស៊ី​ល​ភាគច្រើន​បានសម្រេច​បោះឆ្នោត​ចោទប្រកាន់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោកស្រី Dilma Rousseff  ជា​ផ្លូវការ​ពីបទ​ពុករលួយ​និង​រំលោភ​បទបញ្ញត្តិ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ នៅ​ថ្ងៃអាទិត្យ​ទី ១៧ ខែមេសា​ម្សិលមិញ​នេះ​។ ព្រឹទ្ធសភា​នឹង​សម្រេច​សំណុំ​រឿងនេះ​ចុងក្រោយ​ក្នុង​រយៈពេល ១០ ថ្ងៃ​ទៀត​។

 
​ថ្ងៃអាទិត្យ​ទី ១៧ មេសា​ម្សិលមិញ​នេះ សមាជិកសភា​ប្រេ​ស៊ី​ល​ចំនួន ២​ភាគ ៣​បានសម្រេច​បោះឆ្នោត​គាំទ្រ​ការចោទប្រកាន់​លោកស្រី Dilma Rousseff ប្រធានាធិបតី​ប្រេ​ស៊ី​ល​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​និង​បំពាន​បញ្ញត្តិ​ហិរញ្ញវត្ថុ​ដោយ​បំប៉ោង​គណនី​ក្នុង​ធនាគារ​រដ្ឋ​ជាដើម​។ 
 
​ក្រោយ​ចំណាយពេល​ជជែក​ដេញដោល​គ្នា​អស់​ពេល ៣​ថ្ងៃ សមាជិកសភា​ចំនួន ៣៤២ ក្នុងចំណោម​សមាជិក​សរុប ៥១៣ នោះបាន​លើកដៃ​គាំទ្រ​ការចោទប្រកាន់​ប្រធានាធិបតី​ស្រី​ដំបូង​បំផុត​របស់​ប្រេ​ស៊ី​ល​ជា​ផ្លូវការ​។ 
 
​ក្នុង​រយៈពេល ១០​ថ្ងៃក្រោយ ព្រឹទ្ធសភា​ដែលមាន​សមាជិក​សរុប ៨១​នាក់​នោះ​នឹង​សម្រេច​ជា​ផ្លូវការ​ថា​គួរ​ទទួលយក​សំណុំរឿង​ដែល​ចោទប្រកាន់​លោកស្រី​ថា​បាន​ប្រើប្រាស់​លុយ​រដ្ឋ​ដោយ​ខុសច្បាប់​ដើម្បី​បិទបាំង​បញ្ហា​ឱនភាព​ថវិការដ្ឋ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​កន្លងមក​ឬ​អត់​។  បើ​ព្រឹទ្ធសភា​ទទួលយក​នោះ លោកស្រី ត្រូវ​ចុះ​ចេញពី​តំណែង​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ការសម្រេច​ចុង​ក្រោយពី​ព្រឹទ្ធសភា​។ តែបើ​យោងតាម​សារព័ត៌មាន The New York Times ព្រឹទ្ធសភា​ប្រេ​ស៊ី​លអាច​នឹង​ដកតំណែង​លោកស្រី​ជា​ផ្លូវការ ដោយ​ប្រើប្រាស់​សំឡេង​ចំនួន ២​ភាគ ៣​។​
 
​យ៉ាងណាមិញ​មជ្ឈដ្ឋាន​មួយចំនួន​ហាក់​មិន​សប្បាយចិត្ត​ឡើយ​នៅពេលដែល​សភា​ជាន់​ទាប​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់​លោកស្រី Dilma Rousseff និង​អាច​ឈានទៅ​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី​ទៀត​នោះ​។ គេ​ខ្លាច​ថា ការសម្រេច​នេះ​នឹង​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​នៅ​ប្រេ​ស៊ី​ល​ដែល​ទើប​ផុស​ឡើង​ឆ្នាំ ១៩៨៥ ក្រោយ​របប​យោធា​រលំរលាយ​ទៅក្រោយ​ក្តោប​ក្តាប់​ប្រទេស​អស់​២​ទសវត្សរ៍​មក​នោះ​។​
 
 វា​បញ្ហា​ត្រង់​ថា មិនមែន​មានតែ​លោកស្រី Rousseff ម្នាក់​ទេ ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ដូច​ការចោទប្រកាន់​ខាង​លើ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព សូម្បី​មន្ត្រីជាន់ខ្ពស់​ប្រេ​ស៊ី​ល​ដែល​ទទួលបាន​តំណែង​ដោយ​ការបោះឆ្នោត​នោះ​ក៏​ប្រើប្រាស់​ដូចគ្នា​។ នេះ​បញ្ជាក់ថា ការចោទប្រកាន់​និង​ឈានទៅ​ដកហូត​តំណែង​លោកស្រី ជា​រឿងចម្រូងចម្រាស​បំផុត ហើយ​មានការ​បែកខ្ញែក​គ្នា​នៅឡើយ​ជុំវិញ​បញ្ហា​នេះ​។​
 
​សូមបញ្ជាក់ថា លោកស្រី Dilma Rousseff  ប្រឈមមុខ​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ក្រោយ​លោក​ជាប់ឆ្នោត​ជាថ្មី​ក្នុង​ឆ្នាំ ២០១៤ ក្នុងនោះ​មាន វិបត្តិ​សេដ្ឋកិច្ច បញ្ហា​ពុករលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង  និង​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​និង​គ្រប់គ្រង​សេដ្ឋកិច្ច​របស់លោក​ស្រី​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​៕
 
 

Tag:
 ​ប្រេ​ស៊ី​ល​
  Dilma Rousseff
 ​ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com