អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​-​អាមេរិក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ប្រឆាំង​កូរ៉េខាងជើង
18, Apr 2016 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ការបន្ត​សកម្មភាព​ដ៏​គឃ្លើន​នៃ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាននិងកំពុង​តែ​គម្រាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​នោះ ប្រទេសជិតខាង​ដែល​រួមមាន​ជប៉ុន និង​កូរ៉េខាងត្បូង​។ ស្រប​ជាមួយ​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង​ក្រុង​វ៉ាស៊ីនតោន បាន​ព្រមព្រៀងគ្នា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ឆ្លើយតប​ទៅ​សកម្មភាព​កូរ៉េខាងជើង​ផងដែរ​។




​ជប៉ុន និង​អាមេរិក នៅ​ថ្ងៃទី​១៨ ខែមេសា​នេះ បាន​ព្រមព្រៀង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព និង​មហិច្ឆតា​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ជំនួប​ក្នុង​ក្រុង​តូ​ក្យូ​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Akitaka Saiki និង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែលជា​ជំនួប​ដែល​ស្រប​នឹង របាយការណ៍​ដែលថា​កូរ៉េខាងជើង ត្រៀម​បាញ់​អាវុធ​នុយក្លេអ៊ែរ​ទី​៥​របស់ខ្លួន​ផងដែរ​នោះ​។​
 
«​យើង​ត្រូវតែ​បន្ត​ចាត់​វិធាន​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​កូរ៉េខាងជើង និង​តែងតែ​ចងចាំ​ជានិច្ច​ថា ប្រទេស​នោះ អាច​នឹងធ្វើ​សកម្មភាព​បង្កហេតុ​គ្រប់ពេល​»​។ នេះ​ជា​អះអាង​របស់លោក Akitaka Saiki នាឱកាស​នៃ​សន្និសីទកាសែត​ក្រោយ​ជំនួប​ជាមួយ​លោក Antony Blinken ដែល​រាយការណ៍​ដោយ​ភ្នា​ក់ ងារ​ព័ត៌មាន Xinhua ដែល​បាន​បន្ថែម​ដែរ​ថា កិច្ចប្រជុំ​បី​ភាគី​ដែល​រួមមាន​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង ស្តីពី​បញ្ហា​ការពារ និង​សន្តិសុខ​ក្នុង​តំបន់ ក៏ត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃស្អែក ក្នុង​ក្រុង​សេ​អ៊ូ​ល​ផងដែរ​។ 
 
​សូមបញ្ជាក់​ផងដែរ ថ្មីៗ​នេះ មាន​របាយការណ៍​ចារកម្ម​មួយ​ដែល​ចុងក្រោយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បង្ហាញថា កូរ៉េខាងជើង កំពុងតែ​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុយ​ក្លេ អ៊ែរ​លើក​ទី​៥​មុនពេល​នៃ​សមាជជាតិ​របស់ខ្លួន​ដែល​សកម្មភាព​នេះ បាន​បំពាន​ទៅនឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​ជាថ្មី​។ ការបាញ់​លើក​ទី​៤​របស់​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៦ ខែ មករា​កន្លងទៅ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​៕ 

Tag:
 ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com