អន្តរជាតិ
លោក អូ​បា​ម៉ា ទៅ​អង់គ្លេស​និង​អាល្លឺម៉ង់​ពេល​អឺរ៉ុប​ជួប​វិបត្តិ​
18, Apr 2016 , 7:39 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចេញដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​នៅក្នុង​សប្តាហ៍​នេះ មុនពេល​លោក​ចាក​ចេញពី​តំណែង​។ លោក​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​អង់គ្លេស​និង​អាល្លឺម៉ង់​ផងដែរ ខណៈពេល​អឺរ៉ុប​កំពុង​ប្រឈម​បញ្ហា​ច្រើន​រួមទាំង​ផ្នែក​សន្តិសុខ វិបត្តិ​ជនភៀសខ្លួន និង​ការត្រៀម​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ផង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៦​ថ្ងៃ​ទៅកាន់​អឺរ៉ុប​ក្នុងនោះ​មាន​អង់គ្លេស​និង​អាល្លឺម៉ង់​របស់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាប់ផ្តើម​ក្នុង​សប្តាហ៍​នេះ​។ ហើយ​វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥ ទៅកាន់​ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ របស់លោក អូ​បា​ម៉ា ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។ ហើយ​លោក​នឹង​ជួប​ជជែក​ពិភាក្សា​ជុំវិញ​បញ្ហាសំខាន់ៗ​ជាច្រើន​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល (Angela Merkel)  ផងដែរ​។ 

​យោងតាម​ការលើកឡើង​របស់​មន្ត្រី​សេត​វិមាន​កន្លងមក លោក អូ​បា​ម៉ា នឹង​ឆ្លៀតឱកាស អំពាវនាវ​ឲ្យ​អឺរ៉ុប​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា ស្រប​ពេលដែល​បណ្តា​មេ​ដឹក​សហភាព​អឺរ៉ុប​ដូចជា អាល្លឺម៉ង់​កំពុង​ខ្វាយខ្វល់​ខ្លាំង​ពី​បញ្ហា​សន្តិសុខ និង​បន្ទុក​ធ្ងន់​បង្កើត​ដោយ​វិបត្តិ​ជនភៀសខ្លួន​ផង​។ ម្យ៉ាងទៀត​អឺរ៉ុប​កំពុង​ប្រឈម​ការបែកបាក់​គ្នា​ព្រោះតែ​អង់គ្លេស​ត្រៀម​ដើរ​ចេញពី​សហភាព​នយោបាយ​មួយ​នេះ តាមរយៈ​ការបោះឆ្នោត​ប្រជាមតិ​ខែមិថុនា​ខាងមុខ​ផង​។

​ប្រជាមតិ​នៅ​អង់គ្លេស​ដើម្បី​កំណត់ថា គួរ​បន្ត​ស្ថិតនៅ​ឬ​គួរ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​បញ្ហា​ចម្រូងចម្រាស​និង​រសើប​បំផុត​ដែរ​សម្រាប់​សហភាព​អឺរ៉ុប ព្រោះ​ការចាកចេញ​របស់​អង់គ្លេស​នឹងធ្វើ​ឲ្យ​អឺរ៉ុប​ចុះខ្សោយ​។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន បានបញ្ជាក់​ហើយ​ថា ទោះ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ក៏ដោយ លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ​។​

​យ៉ាងណាមិញ គេ​រំពឹងថា ប្រមុខរដ្ឋ​អាមេរិក​លោក អូ​បា​ម៉ា នឹង​ថ្លែង​សារ​នយោបាយ​ដោយ​ស្នើ​ឲ្យ​ប្រជាជន​អង់គ្លេស​បន្ត​គាំទ្រ​សមាជិកភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប ហើយ​លោក​ព្យាយាម​ដ​ង្ហើ​យ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​បន្ត​រួបរួមសាមគ្គី​គ្នា​ដើម្បី​វិបុលភាព​និង​វឌ្ឍនភាព​នៃ​តំបន់​អឺរ៉ុប​ទាំងមូល​ផង​។ ក្រៅពីនេះ​លោក​ក៏​នឹង​បង្ហាញ​ការគាំទ្រ​ផ្នែក​នយោបាយ​របស់​រដ្ឋបាល​លោក ចំពោះ​របប​ដឹកនាំ​ក្រុង​ប៊ែ​កឡាំង​ជាពិសេស​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល ដែល​បាន​ដាក់ចេញ​គោលនយោបាយ​មាន​ប្រសិទ្ធភាព​និង​ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​វិបត្តិ​ជនភៀសខ្លួន​ដែល​រួមរឹត​អឺរ៉ុប​នោះ​។​

​ដោយឡែក ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​យល់ថា អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ងាក​ចេញពី​អឺរ៉ុប​ទៅ​អាស៊ី​វិញ​។ លោក អូ​បា​ម៉ា ប្រើប្រាស់​ទស្សនកិច្ច​នេះ​ដើម្បី​បង្ហាញ​សមាជិក​អឺរ៉ុប​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​យូរ​ឆ្នាំ​មកហើយ​នោះ​ថា ទោះបី​គោលនយោបាយ​ការបរទេស​អាទិភាពរ​បស់​អាមេរិក​ផ្តោតលើ​តំបន់​អាស៊ី​ក៏ដោយ អឺរ៉ុប​នៅតែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ខ្វះ​មិនបាន​ឡើយ​។

​កាលពី​ថ្មីៗ​នេះ រដ្ឋ​អឺរ៉ុប​ភ្ងា​ក់​ផ្អើល​និង​ទំនងជា​អន់ចិត្ត​ផងដែរ នៅពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន មាន​អង់គ្លេស​និង​បារាំង​ជុំវិញ​ការអន្តរាគមន៍​យោធា​តាមផ្លូវ​អាកាស​នៅ​លី​ប៊ី ក្នុង​បទសម្ភាសន៍​កន្លងមក​ជាមួយ​ទស្សនា​វ​ដ្តី Atlantic ។ លោក អូ​បា​ម៉ា ព្រលះ​បារាំង​និង​អង់គ្លេស​ថា ប្រទេស​ទាំងពីរ​ដែលជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​នេះ ជិះសេះ​លែងដៃ ហើយ​រុញ​បន្ទុក​ទាំងអស់​ក្នុង​អន្តរាគមន៍​នៅ​លី​ប៊ី​មកលើ​សហរដ្ឋអាមេរិក​ម្នាក់ឯង​៕


Tag:
 សហភាព​អឺរ៉ុប​
 ​អង់គ្លេស​
  អាល្លឺម៉ង់​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com