អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វត្តមាន​ទ័ព​អាមេរិក​នៅ​ហ្វីលីពីន ជាការ​កើនឡើង​នៃ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​
18, Apr 2016 , 9:19 pm        
រូបភាព
ដោយ:
​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​មិន​ត្រឹមតែ​ក្លាយជា​បញ្ហា​រវាង​ចិន និង​រដ្ឋ​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​វា ក៏បាន​ក្លាយជា​បញ្ហា​មួយ​ដែល​រុញច្រាន​ឲ្យ​អាមេរិក​ដែលជា​រដ្ឋ​ខាងក្រៅ​ចេញមុខ​ប្រឈម​ជាមួយនឹង​ចិន​ដែលជា​ភាគី​ទាមទារ​ធំជាងគេ​នោះ​។ ចុងក្រោយ​នេះ ចិន​និង​អាមេរិក​កំពុងតែ​ប្រទាញប្រទង់​គ្នា​ខ្លាំង​ក្រោយពី​ហ្វីលីពីន​ផ្តល់​មូលដ្ឋាន​យោធា​ឲ្យ​អាមេរិក​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។



​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃទី​១៤ ខែមេសា កន្លងទៅ បាន​ប្រតិកម្ម​ទៅនឹង​ការវិវត្ត​សន្តិសុខ​នារ​យៈ​ចុងក្រោយ​ក្នុង​តំបន់ ដោយបាន​សង្កត់ធ្ងន់ថា​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អាមេរិក និង​ហ្វីលីពីន មិនត្រូវ​ដាក់​ទិសដៅ​ទៅលើ​ភាគី​ទី​បី ឬ​បំពាន​ផលប្រយោជន​នៃ​ភាគី​ទី​បី​ឡើយ​។ ប្រតិបត្តិ​កម្មនេះ ធ្វើឡើង​ក្រោយ​តែមួយ​ថ្ងៃ​នៃ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter​ដែលថា​កងទ័ព​អាមេរិក​នឹង​បន្ថែម​សម្ភារ​ផ្សេងៗ​ទៅក្នុង​មូលដ្ឋាន​ខ្លួន​នៅក្នុង​ទឹកដី​ហ្វីលីពីន​។

​ក្រសួងការពារជាតិ​ចិន បាន​បន្ថែម​ដែរ​ថា កងទ័ព​អាមេរិក​បាននិងកំពុង​វិល​ត្រលប់​មកវិញ​, បាននិងកំពុង​ពង្រឹងសមត្ថភាព​នៅក្នុង​ទឹកដី​ហ្វីលីពីន និង​ថែមទាំង​កំពុងតែ​បង្កើន​សកម្មភាព​យោ​ធូប​នីយកម្ម នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។ នេះ​បើ​យោង​សារព័ត៌មាន People’s Daily ដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ការបន្ថែម​កម្លាំង​សម្ព័ន្ធ​យោធា គឺជា​សញ្ញា​មួយ​នៃ​ផ្នត់គំនិត​សង្គ្រាមត្រជាក់ ហើយ វា​កំពុងតែ ប្រឆាំង​ជាមួយនឹង​បរិបទ​បច្ចុប្បន្ន ដែល​រួម​សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និង​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ​។​

​បន្ថែម​ពីនេះ ក្រសួង​ការ​ពាង​ជាតិចិន ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវតែ​បំបាត់​នូវ​ផ្នត់គំនិត​សង្គ្រាមត្រជាក់​ដែល​បាន​ផុត​ទៅហើយនោះ ហើយ មិនត្រូវ​ដាក់​គោលដៅ​ទៅលើ​ភាគី​ទី​បី​ណាមួយ​, បំពាន​ផលប្រយោជន៍​ភាគី​ទី​បី ឬ​ប៉ះពាល់​ដល់​សន្តិសុខភាព និង​ស្ថិរភាព​ក្នុង​តំបន់ នៅពេល​ពួកគេ​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​។

​សូមបញ្ជាក់​ផងដែរ​ថា​ថ្មីៗ​នេះ អាមេរិក និង​ហ្វីលីពីន បានប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ​រវាង​ភាគី​ទាំងពីរ​ស្តីពី​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)​។ វត្តមាន​កងទ័ព​អាមេរិក នឹង​ឈរជើង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្នុង​មូលដ្ឋាន​ទ័ពអាកាស Antonio Bautista, Fort Magsaysay, Basa , Lumbia, និង មូលដ្ឋាន​ទ័ពអាកាស Mactan-Benito Ebuen​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង​។​

​អ្វី​គួរកត់សម្គាល់​នៅក្នុង​មូលដ្ឋាន​យោធា​អាកា​សទាំង​ប្រាំ​នោះ Antonio Bautista គឺជា​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កន្លងមក​តំបន់​នោះ ក៏​ធ្លាប់មាន​ការប្រឈមមុខ​គ្នា​រវាង​ហ្វីលីពីន និង​ចិន​ផងដែរ​។ សកម្មភាព​នេះ ត្រូវបាន​គេ​មើលឃើញថា អាមេរិក​នឹង​ឆ្លៀតឱកាស​ទាំង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ហ្វីលីពីន​ផង និង​ដើម្បី​ប្រឆាំង​សកម្មភាព​របស់​ចិន​ដែល​កំពុងតែ​ព្យាយាម​បង្កើន​អំណាច​នៅក្នុង​តំបន់​ជា​ពិ​សេ​សេ​នោះ គឺ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ប្រសិនបើ​មានការ​ប្រឈម​រវាង​ហ្វ​លី​ពី​ន​ជាមួយនឹង​ចិន អាមេរិក នឹង​អាចជួយ​ហ្វីលីពីន បាន​គ្រប់ពេលវេលា​។

​សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បាន​អូស បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ទសវត្ស​រ៍ហើយ ដ្បិត​ភាគី​នីមួយៗ មាន​អំណះអំណាង​ផ្សេង ៗ​គ្នា​ទៅលើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា ជាពិសេស​នោះ គឺ​ជាមួយនឹង​ចិន​ដែល​បានទាមទារ​ស្ទើរតែ ទាំងស្រុង​នៃ​តំបន់​ជម្លោះ​៕


Tag:
 ​ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com