អន្តរជាតិ
សភា​ប្រេ​ស៊ី​ល​គាំទ្រការ​បណ្ដេញ​ប្រធានាធិបតី រ៉ូ​សេ​ហ្វ ចេញពី​តំណែង​
18, Apr 2016 , 9:59 pm        
រូបភាព
​សមាជិកសភា​ប្រេ​ស៊ី​ល​បាន​បោះឆ្នោត​គាំទ្រ​បណ្ដេញ​លោកស្រី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ (Dilma Rouseff ) ចេញពី​តំណែង​ប្រធានាធិបតី ដែល​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​ទូទាំង​ទឹកដី​ប្រេ​ស៊ី​ល​នៅ​ថ្ងៃទី​១៧ ខែមេសា​។ បន្ទាប់​ពីនេះ ព្រឹទ្ធសភា​ប្រេ​ស៊ី​ល​នឹង​បោះឆ្នោត​សម្រេច​ថា គួរតែ​បើកសវនាការ​ដើម្បី​សម្រេច​អនាគត​លោកស្រី រ៉ូ​សេ​ហ្វ​ឬ​យ៉ាងណា ខណៈ​ការបោះឆ្នោត​ទំនងជា​ធ្វើ​នៅ​ខែឧសភា​ខាងមុខ​។​



​ក្រុម​សមាជិកសភា​ប្រឆាំង​បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​បណ្ដេញ​លោកស្រី​ប្រធានាធិបតី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ ចេញពី​តំណែង​ក្រោយ​សភា​ប្រទេស​នេះ​បោះឆ្នោត​គាំទ្រ​ដាក់ពាក្យ​ប្រឆាំងនឹង​លោកស្រី​។ លទ្ធផល​នេះ​បាន​ជាន់ពន្លិច​ក្ដីសង្ឃឹម​របស់​ប្រធានាធិបតី​ស្ត្រី​ទីមួយ​ដែល​កំពុង​រង​សម្ពាធ​ឲ្យ​ចាក​ចេញពី​តំណែង​លើ​សំណុំរឿង​ពុករលួយ​។ ជំហាន​បន្ទាប់​ទៀត ព្រឹទ្ធសភា​ប្រេ​ស៊ី​ល​នឹង​វិនិច្ឆ័យ​លើ​ករណីនេះ ដោយ​យល់ព្រម​ឲ្យ​មានការ​បើកសវនាការ​ប្រឆាំង​លើ​លោកស្រី រ៉ូ​សេ​ហ្វ ឬ​អត់​។​

​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១៧ ខែមេសា សមាជិកសភា​ប្រេ​ស៊ី​ល​ពីរភាគបី​បានផ្ដល់​ភ្លើង​ខៀវ​សម្រាប់​ដំណើរការ​ប្រឆាំង​លោកស្រី រ៉ូ​សេ​ហ្វ បន្ទាប់ពី​ពួកគេ​មានមតិ​រួចរាល់​។ នេះ​មានន័យថា ប្រធានាធិបតី​ស្ត្រី​រូបនេះ​ត្រូវ​ស្វែងរក​ការគាំទ្រ​ឲ្យ​លើសលប់​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា ដែល​នឹងត្រូវ​បោះឆ្នោត​ចំពោះ​ករណី​ដកតំណែង​លោកស្រី​នៅពេល​ខាងមុខ​។ ប្រសិនបើ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ធម្មតា​លើ​បណ្ដឹង​នេះ លោកស្រី រ៉ូ​សេ​ហ្វ នឹងត្រូវ​ព្យួរ​តំណែង​បណ្ដោះអាសន្ន ដើម្បី​បើកផ្លូវ​ដល់​សវនាការ​លើ​ករណីនេះ ហើយ​អនុ​ប្រធានាធិបតី​លោក Michel Temer នឹង​កាន់តំណែង​ជំនួស​។

​ស្របពេល​នឹង​ការបោះឆ្នោត​នេះ អ្នក​តវ៉ា​រាប់ពាន់នាក់​ដែលមាន​ទាំង​ក្រុមគាំទ្រ​លោកស្រី រ៉ូ​សេ​ហ្វ​និង​ក្រុមប្រឆាំង​ផង​នោះ បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​តាមដាន​ដំណើរការ​ខាងលើ​។ បាតុករ​ទាំងពីរ​ក្រុម​ត្រូវដាក់​ខណ្ឌ​ដាច់ពីគ្នា​ដើម្បី​ចៀស​ការប៉ះទង្គិច​។ ជាមួយគ្នានេះ នៅពេល​សភា​ប្រកាស​លទ្ធផល ក្រុមប្រឆាំង​លោកស្រី រ៉ូ​សេ​ហ្វ បាន​ស្រែក​អរ​រីករាយ ខណៈ​ក្រុមគាំទ្រ​លោកស្រី​យំ​មិន​សប្បាយចិត្ត​។

​យ៉ាងណាមិញ គណបក្ស​ពលករ​របស់​លោកស្រី រ៉ូ​សេ​ហ្វ បាន​ចេញមក​ការពារ​លោកស្រី និង​ប្រកាស​តស៊ូ​ទៅមុខ​ដើម្បី​ការពារ​តំណែង​លោកស្រី​។ មេដឹកនាំ​គណបក្ស​ពលករ​នៅ​សភា​លោក Jose Guimaraes និយាយថា ការតស៊ូ​កំពុង​ធ្វើ​នៅតាម​ដងផ្លូវ​និង​នៅ​ព្រឹទ្ធសភា​សហព័ន្ធ​។ លោក​ថា​៖«​យើង​ចាញ់ ព្រោះ​ក្រុម​រដ្ឋប្រហារ​ខ្លាំង​ជាង​»​។

​សូមបញ្ជាក់ថា ប្រធានាធិបតី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៤​។ លើសពីនេះ លោកស្រី រ៉ូ​សេ​ហ្វ ក៏ត្រូវ​ទទួលខុសត្រូវ​លើ​ការធ្លាក់ចុះ​សេដ្ឋកិច្ច និង​អំពើពុករលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petrobras ផងដែរ​។ ឆ្លើយតប​នឹង​រឿងនេះ​លោកស្រី រ៉ូ​សេ​ហ្វ បាន​ចោទប្រកាន់​លោក Michel Temer និង​ប្រធានសភា ថា រៀបចំ​ផែនការ​ទម្លាក់​លោកស្រី​ពី​អំណាច និង​ប្រកាស​បំបែក​ការប៉ុនប៉ង​ដែល​លោកស្រី​ហៅថា ជា​រដ្ឋប្រហារ​៕ 


Tag:
 Dilma Rouseff
 ​ ប្រេ​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com