​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ប្រតិកម្ម​ខ្លាំង ក្រោយ​យន្តហោះ​យោធា​ចិន ចុះចត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
19, Apr 2016 , 4:32 pm        
រូបភាព
ដោយ:
 
​ខណៈ​ស្ថានភាព​កំពុង​តានតឹង​ស្រាប់ យន្តហោះ​យោធា​ចិន បាន​ចុះចត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​។ វត្តមាន​នេះ បានធ្វើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​ថែមទាំង​ទទូច​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធានា​ឲ្យ​នូវ​ការ​មិនមែន​វត្តមាន​យោធា​នៅក្នុង​តំបន់​ជម្លោះ​នោះ​។​


​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​១៨ ខែមេសា ម្សិលមិញ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​វត្ត​មាននៃ យន្តហោះ​យោធា​របស់​ចិន​ដែល​ចុះចត​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែលជា​កោះ​សិប្បនិម្មិត​របស់​ចិន​ក្នុង​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ថា​ជា​ប្រតិបត្តិការ​មនុស្សធម៌​នោះ​។​
 
« យើង​បានដឹងថា​យន្តហោះ​យោធា​ចិន បាន​ចុះចត​នៅឯ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross Reef នៅ​ថ្ងៃអាទិត្យ ដែល​ចិន បាន​ពណ៌នា​ថា​ជា​ប្រតិបត្តិការ​មនុស្សធម៌​ដើម្បី​ជម្លៀស​កម្មករ​ដែលមាន​ជំងឺ​បីនាក់​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក​លោក Jeff Davis ទៅកាន់​សារព័ត៌មាន CNN ដែល​បាន​ចោទ​សំណួរ​ដែរ​ថា វា​ហាក់ដូចជា​នៅ​មិនទាន់​ច្បាស់​នោះទេ​ចំពោះ​ប្រតិបត្តិការ​នោះ ដ្បិត ចិន​បាន​ប្រើប្រាស់​យន្តហោះ​យោធា​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​។ 
 
​នៅ​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់​ដែលថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទទូច​ឲ្យ​ចិន​ត្រូវ ធានា​ឲ្យ​បាន​ថា​មិនមាន​យន្តហោះ​ដើម្បី​ពង្រាយ ឬ​អាកាសយាន​យោធា​នៅឯ​សំណង់​ក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី (Spratly Islands) ដូច​ទៅនឹង​ការសន្យារ​របស់​ចិន​កន្លងមក​។ 
 
​សូមបញ្ជាក់​ផងដែរ ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​រដ្ឋ​ទាមទារ​ដូចជា​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន បាននិងកំពុង​តែ​ឡើងក​ម្តៅ ដ្បិត​ខណៈពេលដែល​អវត្តមាន​នៃ​ដំណោះស្រាយ​រួម​នោះ សកម្ម​ភា​ដែលជា​ពិសេស​ធ្វើឡើង​ដោយ​ចិន បាននិងកំពុង​តែ​កើនឡើង​ផងដែរ​។ ចិន​, ភាគី​តែមួយគត់​ដែល​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ បាន​ចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​ជាច្រើន​ហិច​តា និង​ចុងក្រោយ​មាន​របាយការណ៍​រូបភាព ផ្កាយរណប​ដែល​ទទួលស្គាល់​ដោយ​អាមេរិក​ផងដែរ​នោះ បានបង្ហាញ​ថា​ចិន កំពុងតែបន្ត​សកម្មភាព​ដាក់ពង្រាយ​យោធា​នៅក្នុង​តំបន់​ជម្លោះ​នោះ​ទៀតផង​។​
 
​គោលនយោបាយ​វាតទី​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​នេះ បានធ្វើ​ឲ្យ​អាមេរិក​ដែល​មិនមាន​តំបន់​ទាមទារ​បន្តិច​សោះ​ក្នុង​តំបន់​ជម្លោះ នៅ​មិន​សុខ​ឡើយ​។ ក្នុងនោះ​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន​អាមេរិក បាន​ប្រតិបត្តិការ​នាវា​ល្បាត និង​ប្រភេទ​យន្តហោះ​ចម្បាំង​មក​ក្បែរ​តំបន់​ចិន​កំពុងតែ​គ្រប់គ្រង​ក្នុង តំបន់​ជម្លោះ​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការប្រើប្រាស់​ដែនអាកាស​អន្តរជាតិ​ដែល​ស្រប​នឹង​ច្បាប់​អន្តរជាតិ​នោះ​៕ 

Tag:
 ​អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com