កីឡាជាតិ
ជាតិ
Hun Sen Cup៖ លី​ក​៥​ក្រុម​រកបាន​សរុប​៧០​គ្រាប់ ខណៈ​កំពង់ឆ្នាំង​ឈ្នះ​យុវជន​បឹងកេត
21, Apr 2016 , 11:39 am        
រូបភាព
ដោយ:

​នា​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន លើក​ទី​១០ កាលពី​ថ្ងៃទី​២០ ខែមេសា ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ចំនួន​៥​ក្រុម បាន​លត់​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម​យ៉ាង​ចាស់ដៃ​ដោយ​គិត​សរុប​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​៧០​គ្រាប់ ខណៈ​ជំនួប​រវាង​ក្រុម​ដែល​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម​ដូចគ្នា ខេត្តកំពង់ឆ្នាំង យកឈ្នះ​យុវជន​បឹងកេត​កំពង់ចាម ១-០​។​

 
​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រុម​បឹងកេត​អង្គរ បាន​លត់​ក្រុម​លេខ​២​ពូ​ល B ឡើង​ពី​វគ្គ​ជម្រុះ ខេត្តព្រៃវែង ១២-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​យ៉ាង​ងាយស្រួល​ទាំង​១២​គ្រាប់​របស់​បឹងកេត សម្រេចបាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​៨​គ្រាប់​ម្នាក់ឯង និង​មានការ​ចូលរួមចំណែក​របស់​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី ៣​គ្រាប់ និង​កីឡាករ អ៊ុំ កុ​ម្ភះ មួយ​គ្រាប់​។​
 
៨​គ្រាប់​របស់​កីឡាករ ចាន់ វឌ្ឍនាកា សម្រេចបាន​នៅ​នាទី​ជា​បន្តបន្ទាប់ ១៧,៣០,៣៧,៣៨,៤៤ លុះដល់​នាទី​៧៣ រូបគេ​បានតែ​តបាល់​បញ្ចូល​ទីមួយ​គ្រាប់​បន្ថែម និង​ពីរ​គ្រាប់​ទៀត​រកបាន​នៅ​នាទី​៧៤ និង​៧៥​។ ចំណែក ៣​គ្រាប់​របស់​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី រកបាន​នៅ​នាទី ៥១,៦១ និង​៨៨ ខណៈ​មួយ​គ្រាប់​របស់​កីឡាករ អ៊ុំ កុ​ម្ភះ រកបាន​នៅ​នាទី​២៩​។​
 
​ចំណែក​ក្នុង​ពូ​ល B ដដែល​ក្រុម​ក្រសួងការពារជាតិ បាន​លត់​ក្រុម​លេខ​១​ពូ​ល F នៃ​វគ្គ​ជម្រុះ​បឋម ខេត្តស្ទឹងត្រែង​យ៉ាង​ចាស់ដៃ ២១-១ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។ ខ្សែប្រយុទ្ធ សុក ច័ន្ទ​រស្មី រក​បានតែ​ម្នាក់​ចំនួន​១១​គ្រាប់​សម្រាប់​ការពារជាតិ​។​
 
​ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​លត់​ក្រុម កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ៨-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​៨​គ្រាប់​របស់​អាស៊ី​អឺរ៉ុប សម្រេចបាន​ដោយ​ការទា​ត់បាល់​ជ្រុង​របស់​កីឡាករ យ៉​ម វណ្ណា មួយ​គ្រាប់​នៅ​នាទី​ទី​៨ លុះដល់​នាទី​ទី​៥០ សម្រេចបាន​មួយគ្រា​ប់​ទៀត​ដោយ​កីឡាករ ចាន់ ដា​រា នឹងមាន​ការរួមចំណែក​របស់​កីឡាករ ពិជ័យ សុភា​រា ចំនួន​៤​គ្រាប់​នៅ​នាទី​៥៦, ៥៧, ៦១ និង​៧៦​។ កីឡាករ អៀ ពី​រ៉ូ​ត បន្ទាប់ពី​ប្តូរ​ចូល​ជំនួស​កីឡា ស៊េ​ន ពុខ​រី នៅ​នាទី​ទី​៤៦ បានសម្រេច​គ្រាប់​បាល់​២​គ្រាប់​បន្ថែមទៀត​នៅ​នាទី​ទី​៦៤ និង​៨៣​។​
 
​ដោយឡែក នា​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ក្នុង​ពូ​ល A ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​លត់​ក្រុម​លេខ​២​ពូ​ល A នៃ​វគ្គ​ជម្រុះ​បឋម ខេត្តកណ្តាល ១៨-០ ដែល​សម្រេចបាន​ដោយ​កីឡាករ សួង វីរៈ ១៥​គ្រាប់​ម្នាក់ឯង និង​មានការ​ចូលរួមចំណែក​របស់​ក្រុម​ចំនួន​៣​គ្រាប់​បន្ថែមទៀត​។ 
 
​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ឯណោះ​វិញ ម្ចាស់ផ្ទះ ព្រះខ័ន​រាជ​ស្វាយរៀង បាន​បំបាក់​ក្រុម​កំពង់ផែ​ស្វា​យ័​ត​ខេត្ត​ព្រះសីហនុ ៩-០ លទ្ធផល​ដែល​នាំ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​នេះ​សម្រេចបាន​ដោយ​កីឡាករ ប្រាក់ មុន្នី ឧ​ត្ត​ម ហូ​យ ផល្លី​ន និង ផានី រដ្ឋា ម្នាក់​៣​គ្រាប់​។ ឬ​ឯ​ការប្រកួត​រវាង​ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​ដូចគ្នា ម្ចាស់ផ្ទះ​ខេត្តកំពង់ឆ្នាំង បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ យុវជន​បឹងកេត​កំពង់ចាម ក្នុង​លទ្ធផល ១-០៕  
      
 
 
 
 

Tag:
 បាលទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com