ជាតិ
គូស​គំនូស​ចរាចរណ៍​ថ្មី​មហាវិថី​ធំៗ ដើម្បី​លើក​សោភ័ណភាព និង​សណ្តាប់ធ្នាប់​ចរាចរណ៍​
21, Apr 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​មហាវិថី​ធំៗ​ចំនួន​៥ នឹងត្រូវ​គូស​ចរាចរណ៍​ថ្មី ដើម្បី​កម្ពស់​សោភ័ណភាព​ក្រុង និង​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​។ មហាវិថី​ទាំង​៥​នោះ មាន​មហាវិថី​ម៉ៅ​សេទុង ព្រះសីហនុ សហព័ន្ធរុស្ស៊ី កម្ពុជា​ក្រោម និង​មហាវិថី​ព្រះ​នរោត្តម​។



​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចុះ​អនុវត្តន៍​ការងារ​គូស​គំនូស​ចរាចរណ៍​ថ្មី​លើ​មហាវិថី​ចំនួន​៥ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​។​

​ផ្អែក​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មហាវិថី​ទាំង​៥​នោះ​រួមមាន​៖ មហាវិថី​ម៉ៅ​សេទុង ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​នរោត្តម ដល់​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​។ មហាវិថី​ព្រះសីហនុ ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​មុនី​រ៉េត ដល់​ចំណុចប្រសព្វ​មហាវិថី​សុធារស​។ មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​នរោត្តម ដល់​រង្វង់​មូល​ចោមចៅ​។ មហាវិថី​កម្ពុជា​ក្រោម ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស ដល់​ស្ពាន​អាកាស​៧​មករា និង​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ចំណុច​វត្តភ្នំ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​។

​ការអនុវត្ត​គម្រោង​ខាងលើ នឹងត្រូវ​ដំណើរការ​ការដ្ឋាន​នៅពេល​យប់​គឺ​ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៦​ព្រឹក ដើម្បី​បញ្ចៀស​បាន​នូវ​ផលប៉ះពាល់​ជា​អតិបរមា និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​។

​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣​ខែមេសា​សម្រាប់​មហាវិថី​ម៉ៅ​សេទុង និង​ព្រះសីហនុ ខណៈ​មហាវិថី​សហព័ន្ធរុស្ស៊ី កម្ពុជា​ក្រោម និង​ព្រះ​នរោត្តម បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៩ ខែមេសា​មក​៕


Tag:
 សាលា​រាជធានី​ភ្នំពេញ​
  ​ក្រសួង​សាធារណការ​
© រក្សាសិទ្ធិដោយ thmeythmey.com