ជាតិ
ចៅក្រម​២​រូប ត្រូវបានតែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​
21, Apr 2016 , 10:39 pm        
រូបភាព
​អតីត​ចៅក្រម​នៃ​តុលាការ​ឧទ្ធរណ៍​ពីររូប ត្រូវបាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម តែងតាំង​ជា​អនុប្រធាន​នៃ​សាលាជំនុំ​ជម្រះក្តី​ជាន់ខ្ពស់​មួយ​នេះ​។ ការតែងតាំង​នេះ ធ្វើឡើង​តាមរយៈ​សំណើ​របស់​ប្រធាន​តុលាការ​ឧទ្ធរណ៍​។​



​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានសម្រេច​តែងតាំង លោក ញូ​ង ធុល និង​លោក ឃុន លាង​ម៉េង ជា​អនុប្រធាន​សាលាឧទ្ធរណ៍​។ លោក​ទាំងពីរ សុទ្ធតែជា​អតីត​ចៅក្រម  នៃ​សាលា​ជំនុំជម្រះ​ជាន់ខ្ពស់​មួយ​នេះ​។

​ការតែងតាំង​អនុប្រធាន​ថ្មី​ទាំងពីរ ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​ទៅ​២៧ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​នៃ​អង្គ​ព្រះមហាក្សត្រ​។ ក្រៅពី​ការតែងតាំង​អនុប្រធាន​សាលាឧទ្ធរណ៍​ខាងលើ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏បាន​សម្រេច​លើ​របៀបវារៈ​មួយចំនួន​ផ្សេង​ទៀង​ដែរ​។

​របៀបវារៈ​ដទៃ​ដែល​បានសម្រេច​នោះ មានដូចជា ១. របាយ​ណ៍​ស្តីពី​សកម្មភាព​ការងារ របស់ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​កន្លងមក​, ២. ពិនិត្យ​និង​យល់ព្រម​លើ សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រម​ប្រឹក្សា​នៃ​ចៅក្រម​, ៣. ពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពី​និមិត្តសញ្ញា ត្រា រូប​សញ្ញា សញ្ញា​សក្តិ និង​ឯកសណ្ឋាន​ផ្លូវការ​ក្នុង​ពិធីបុណ្យ​ជាតិ សម្រាប់​សម្គាល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជាដើម​៕


Tag:
 សាលាឧទ្ធរណ៍​
  ចៅក្រម
© រក្សាសិទ្ធិដោយ thmeythmey.com