ជាតិ
អាដហុក សម្រេច​ឈប់​ផ្ដល់​មេធាវី​ដល់​ស្រីមុំ ក្រោយ​ធ្លាយ​ព័ត៌មាន​ទទួលស្គាល់​ការពិត​
22, Apr 2016 , 10:39 pm        
រូបភាព
​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បានសម្រេច​ឈប់​ផ្ដល់​មេធាវី​ដល់ក​ញ្ញា ខុម ចាន​តារា​ទី ហៅ​ស្រី មុំ ទៀតឡើយ​ក្រោយពី​រូបនាង បាន​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មេសា ជុំវិញ​បទ​ចោទ «​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ​» ដែល​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា ជាមួយ​ឯកឧត្តម កឹម សុខា ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក​ចុះ​ថ្ងៃទី​២២ មេសា​នេះ​។​



​ក្រោយពី​កញ្ញា ខុម ចាន​តារា​ទី បាន​ចូល​បំភ្លឺ​ចំពោះមុខ​ព្រះរាជអាជ្ញា និង​មាន​សេចក្ដីថ្លែងការណ៍​របស់​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​នោះ សមាគម​អាដហុក​យល់ឃើញថា ករណី​កញ្ញា ខុម ចាន់​តារា​ទី គឺ​មិន​ស្ថិតនៅក្នុង​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ និង​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​ទេ​។​

​សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា មូលហេតុ​ដែល​សមាគម​អាដហុក ឈប់​ផ្ដល់​មេធាវី​ឲ្យ​កញ្ញា ស្រីមុំ​នេះ ព្រោះ​ករណី​បណ្ដឹង​បរិហាកេរ្តិ៍ វា​គ្រាន់តែ​ជា​រឿង​វិវាទ​ធម្មតា រវាង​បុគ្គល​សាមញ្ញ​និង​បុគ្គល​សាមញ្ញ ដែល​មិន​ស្ថិតនៅក្នុង​អាណត្តិ របស់​សមាគម​អាដហុក​ឡើយ​។ ចំពោះ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ នោះ អាដហុក​យល់ថា នីតិវិធី​បន្ត កញ្ញា ស្រីមុំ អាច​គ្រាន់តែ​ជា​សាក្សី​ប៉ុណ្ណោះ ដូច្នេះ​សមាគម​អាដហុក​នឹងមិន​ចាំបាច​ត្រូវ​បន្ត​មេធាវី​ការពារ​ស្រីមុំ​ទៀតឡើយ ព្រោះ​ករណីនេះ​ឆ្លង​ផុត​អាណត្តិ​ការងារ​របស់​សមាគម​អាដហុក​។​

​បើតាម​សមាគម​អាដហុក មូល​ហ​តុ​ដែល​អាដហុក​ផ្ដល់​មេធាវី​ការពារ​ក្ដី​ជូន​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី នោះ គឺធ្វើឡើង​តាមរយៈ​ការស្នើសុំ​ពី​ស្វាមី​ខ្លួន ដែលមាន​ភាព​តក់ស្លុត ភិតភ័យ និង​ព្រួយបារម្ភ​ពី​ការគំរាមកំហែង ក្នុង​រូប​ភាពជា​លក្ខណៈ​នយោបាយ ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ខាង​ស្មារតី​នៅពេល​ចូល​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច និង​ដើម្បី​ចៀសវាង​ការកៀបសង្កត់​ណាមួយ​ប៉ុណ្ណោះ​។

​កញ្ញា ខុម ចាន​តារា​ទី ហៅ​ស្រី មុំ បាន​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មេសា ជុំវិញ​បទ​ចោទ «​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ​» ។ ក្រោយ​ចេញពី​បន្ទប់​សាកសួរ​អស់​ជាច្រើន​ម៉ោង កញ្ញា ខុម ចាន់​តារា​ទី មិនបាន​អះអាងថា ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ក្នុង​ទូរ​សព្ទ ជា​សំឡេង​របស់​នាង​និង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ពិត​ឡើយ បើទោះជា​អ្នកកាសែត​ព្យាយាម​តាម​សួរ​យ៉ាងណាក្ដី​។​

​បើទោះបីជា​គ្មាន​ចម្លើយ​ពី​សាមីខ្លួន​ផ្ទាល់​ក៏ដោយចុះ ប៉ុន្តែ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​កញ្ញា ខុម ចាន់​តារា​ទី បានទទួល​ស្គាល់​ការពិត​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​ថា ខ្សែអាត់​សំឡេង​ក្នុង​ទូរ​សព្ទ ជា​សំឡេង​របស់​នាង​និង​ឯកឧត្តម​កឹម សុខា ពិតមែន នៅក្នុង​អំឡុងពេល​សាកសួរ​។​


Tag:
 ​អាដហុក​
 ​ ស្រីមុំ​
 ​ កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com