ជាតិ
អ្នកស្រី សុ​ត ប៉ិច ទទួល​ចំណូល​ពី​សួនផ្កា​ជាង ២០០​ដុល្លារ​ក្នុង​មួយថ្ងៃ រយៈពេល ១​សប្តាហ៍​
23, Apr 2016 , 8:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោកស្រី សុ​ត ប៉ិច មាន​អារម្មណ៍​រីករាយ​ជាខ្លាំង នៅពេល​សួនផ្កា​លោកស្រី បានក្លាយ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន ពិសេស​គឺ​យុវវ័យ នៅពេល​បច្ចុប្បន្ន​។ លោកស្រី​ទទួលបាន​ចំណូល​យ៉ាងតិច ១​លាន​រៀល​ក្នុង​មួយថ្ងៃ ពី​អ្នក​ចូល​មើល​សួនផ្កា​ចម្រុះ​របស់លោក​ស្រី​។​


 
​ពី​ដើមឡើយ លោកស្រី សុ​ត ប៉ិច និង​ស្វាមី គ្រាន់តែ​ដាំ​ផ្កា សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ តែ​ឥឡូវនេះ លោកស្រី​បានប្រែក្លាយ​សួនផ្កា​សម្រាប់តែ​ឈ្មួញកណ្តាល​នោះ ជា​កន្លែង​សួនផ្កា​សម្រាប់​សាធារណជន ពិសេស​គឺ​យុវជន ចូល​ទស្សនា​ថត​កម្សាន្ត​ផងដែរ​។​
 

​ស្ត្រី​អាយុ ៤០​ឆ្នាំ និយាយថា គ្រួសារ​លោកស្រី​អាច​ទទួល​ចំណូល​បាន​យ៉ាងតិច ១​លាន​រៀល រយៈពេល ៥​ថ្ងៃ មុន​ឱកាស​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺ​ឆ្នាំវក​នេះ​។ លោកស្រី បន្ត​និយាយ ហាក់​ហួសចិត្ត​ថា លោកស្រី​ប្រក​បរបរ​ដាំ​ផ្កា​លក់​ជាង ១០​ឆ្នាំ​មកហើយ ប៉ុន្តែ​លោកស្រី​ពុំ​ធ្លាប់​ឃើញ​មនុស្ស ចាប់អារម្មណ៍​ចូល​មើល​សួនផ្កា​ទំហំ​ជាង ១​ហិកតា​របស់​លោកស្រី ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ (​ផ្លូវ​អាស៊ាន​) ឡើយ​។​
 
​យ៉ាងណា កសិករ​សម្បុរ​ខ្មៅ​ស្រអែម​រស់នៅ​ក្នុងភូមិ​ដំបង​កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រូបនេះ សប្បាយរីករាយ​ជាខ្លាំង នៅពេល​សួនផ្កា​លោកស្រី ត្រូវបាន​គេ​ចាប់អារម្មណ៍ ព្រោះ​លោកស្រី​អា​ចរក​ចំណូល​ច្រើនជាង ការលក់​ផ្គត់ផ្គង់​សម្រាប់ ទីផ្សារ​។ បើតាម​លោកស្រី ប៉ិច ផ្កា​ពេញនិយម​ចំនួន​ជាង ១០​ប្រភេទ ត្រូវបាន​ដាំ​ដុះ​លើ​ផ្ទៃដី​សួន​ជាង មួយ​ហិកតា ក្នុងនោះ រួមមាន ផ្កាចន្ធូរ ផ្កាឈូករ័ត្ន សិរមាន់ ផ្កា​ដំណក់ទឹកភ្លៀង ផ្កា​ប៉ៃលិន និង​ផ្កា វី​យូ​ឡេ និង​ផ្កាស្បៃរឿង ជាដើម​។​
 

​លោកស្រី ប៉ិច មាឌ​ហំ​ម និយាយថា កាលពី​ដំបូង លោកស្រី​ពុំ​ប្រមូល​លុយ​ថ្លៃ​ទស្សនា​ផ្កា​ទេ ដោយសារ​លោកស្រី​គិតថា មនុស្ស​មាន​ចំនួន​តិច និង​មិន​ប៉ះពាល់​ដល់​សម្រស់​ផ្កា​លោកស្រី​។ តែ​ផ្ទុយ​ពី​ការគិត​របស់គាត់ មនុស្ស​រាប់ពាន់នាក់ បាន​សម្រុកចូល​ទស្សនា​សួនផ្កា​លោកស្រី រយៈពេល​ជាង ១​សប្តាហ៍ មុន​ឱកាស​ពេល​ចូលឆ្នាំថ្មី កន្លងមកនេះ ។​
 
​លោក​និយាយប្រាប់​ត្រង់​ថា​៖«​ដំបូង​កូនសិស្ស​ចូល​មើល ខ្ញុំ​មិន​ចង់យក​លុយ​ទេ ដោយសារ​ខ្ញុំ​គិតថា គេ​គ្រាន់តែ​ចូល​មើល ផ្កា​ធម្មតា​។ ប៉ុន្តែ​ពួកគេ​បែរជា​កាច់​ផ្កា​ខ្ញុំ​ទៀត ហេតុនេះ​ទើប​ខ្ញុំ​យកលុយ​ចូល​មើល​ផ្កា​ថ្លៃ ១​ពាន់​រៀល​ក្នុង​មួយ​នាក់ ដើម្បី​ទូទាត់​ថ្លៃ​ខូចខាត​»​។​
 

​ជាង​នេះ ប្រសិនបើ​អ្នកទស្សនា​កាច់​យក​ផ្កា​ក្នុង​សួន​នោះ លោកស្រី​លក់​ផ្កា​ក្នុង​មួយទង​តម្លៃ ពី ១​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល តាម​ប្រភេទ​ផ្កា​លើ​ទីផ្សារ​។ ហេតុនេះ លោកស្រី សុ​ត ប៉ិច អាច​រកចំណូលបាន​ច្រើនជាង បើ​ប្រៀបធៀប​នឹង​ប្រាក់ខែ​កូនស្រី​លោកស្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ជាង ៣០០​ដុល្លារ​ក្នុង​មួយខែៗ​។ ចំពោះ​ចំណូល​ដែល​លោកស្រី ប៉ិច ទទួលបាន​វិញ លោកស្រី​យក​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​សងបំណុល​ធនាគារ​តែប៉ុណ្ណោះ​។​
 
​រីឯ​ការដាំ​ផ្កា លោកស្រី​និយាយថា វា​មិន​លំបាក​ប៉ុន្មាន​នោះទេ ទោះបីជា​លោកស្រី​ពុំ​ធ្លាប់ ចូល​សិក្សា​ពី​បច្ចេកទេស​ដាំ​ដុះ​ផ្កា​ក៏ដោយ​។ លោកស្រី​ថា​៖«​ខ្ញុំ​គ្រាន់តែ​ចំណាយ​កម្លាំង និង​សាំង​ចំនួន ២​លីត្រ ក្នុង​មួយ សម្រាប់​បូមទឹក​អូរ​ក្បែរ​នេះ ស្រោចស្រព​ផ្កា​ហ្នឹង​ប៉ុណ្ណោះ​»​។​
 

​ចំពោះ​ដី​សួន​នេះ លោកស្រី ប៉ិច ថា វា​ពុំ មែន​ជា​ដី​កម្មសិទ្ធិ​របស់លោក​ស្រី​ទេ ពោលគឺ​វា​ជា​ដី​របស់​អ្នក​ដ៏​ទៃ​។ ស្ត្រី​មានកូន​ស្រី​បង្កើត​ចំនួន ២​នាក់​រូបនេះ ប្រមូល​លុយ​ពី​អ្នក​ចូល​ទស្សនា​បណ្តើ​រហើយ និយាយ​បណ្តើរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្មាន​ដីចំការ​ដូចនេះ​ទេ ខ្ញុំ​មានតែ​ដី​ក្នុងភូមិ​ឯណោះ​។ ខ្ញុំ​គ្រាន់តែ សុំ​ដីចំការ​នេះ ពី​អ្នក ភ្នំពេញ សម្រាប់​ដាំ​ផ្កា​លក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ប្រសិនបើ​ម្ចាស់​គេ​យក​វិញ ខ្ញុំ​ពុំមាន​ដី​ដាំ ផ្កា​ធំ​ទៀត​ទេ​»​។​
 

​យ៉ាងណា លោកស្រី សុ​ត ប៉ិច បាន​បន្ត​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា ប្រសិនបើ​លោកស្រី មាន​ជំនាញ​ច្បាស់លាស់​ហើយ មាន​ដី​ធំ​ទៀត​នោះ លោកស្រី​មានបំណង​ពង្រីក​ដី​ដាំ​ដុះ និង រៀបចំ​សួន​កន្លែង​អង្គុយ​ទស្សនា​ផ្កា​ឲ្យ​កាន់​តែមាន​សោភ័ណភាព​បន្ថែមទៀត​។ តែ​នេះ វា​គ្រាន់តែ​ជា​ក្តី​ស្រ​ម៉ៃ​របស់​ស្ត្រី​ខាងលើ តែប៉ុណ្ណោះ ព្រោះ​លោកស្រី ពុំមាន​ជំនាញ​បច្ចេកទេស រៀបចំ​ឡើយ​៕

Tag:
 លោកស្រី សុ​ត ប៉ិច​
  ផ្កា
© រក្សាសិទ្ធិដោយ thmeythmey.com