ជាតិ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​អែបអប​
24, Apr 2016 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​បទ​៖​កាកគតិ​

​កំណាព្យ​៖ ថ្មីៗ (​គ​ង្គ ប៊ុន​ឈឿន​)
 
​ជាតិ​អ្នក​អែបអប ចាក់ខ្សែ​វាយ​ស្រប ឡែបឡប​ឡេមឡឺម​
​ចាក់​ចេក​ចាក់​ស្ករ ពព្រើត​ពព្រើម ញញើតញញើម​
​តេ​ម​តើ​ម​សុំ​បុណ្យ​។​
 
​គ្មាន​ជំនាញ​អ្វី ក្រៅពី​យកដៃ ឱប​ពង​ជា​ទុន​
​លុតក្រាប​ដើរទា វារ​លូន​តត្រុន លំឱន​ផ្គាប់ផ្គន់​
​សុំ​បុណ្យ​ចៅហ្វាយ​។​
 
​ត្រេះ​ឆ្វែ​ង​ត្រេះ​ស្តាំ លាភ​ចូល​ប្រចាំ ផឹកស៊ី​សប្បាយ​
​ពេលណា​មិន​ស្រួល ដកថយ​ចេញ​ឆ្ងាយ លើកដៃ Bye! bye!
​ចៅហ្វាយ​ចិត្តជា​។​
 
​ជំងឺ​អែបអប ជំងឺ​រណប ជំងឺ​ផ្លែ​ល្វា​
​ជំងឺ​នេះ​កប់ ក្នុង​សួត​កម្ពុជា ក្អក​ក្អួត​គ្រាំគ្រា​
​ដូចជា​របេង​។​
 
​សម័យ​ប៉ុលពត សម័យ​ផ្លោះ​លោត មហា​ចិញ្ចែង​
​ព្រោះ​រឿង​អែបអប វាយ​ស្រប​ស្តាំ​ឆ្វេង សម្លាប់​គ្នាឯង​
​ជិត​ពីរលាន​នាក់​!​។ 
 
​គួរ​ប្រុងប្រយ័ត្ន រួមគ្នា​កំចាត់ ជំងឺ​គ្រោះថ្នាក់ 
​ព្រោះ​សម័យនេះ ជា​សម័យ​បក្ស ងាយ​នឹង​មរណៈ 
​បើ​បក្ស​ឃ្លេងឃ្លោង​!​។

​០៧.០៣.០២
​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន​(​កវី​ដងស្ទឹង​សង្កែ​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com