ជាតិ
សង្គមជាតិ
និស្សិត​២​រូប មានគំនិត​សុទិដ្ឋិនិយម​បង្កើត​អាជីវកម្ម​លក់​អាហារ Fast Food កូរ៉េ​
24, Apr 2016 , 9:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវ​និស្សិត​ពីររូប គឺ​កញ្ញា ទី សុខ​ម៉ី និង​កញ្ញា រស្មី ដា​ណែ​ត បានរួម​គ្នា​បង្កើត​អាជីវកម្ម លក់​អាហារ Fast Food រសជាតិ​បែប​កូរ៉េ​ផ្ទាល់ខ្លួន ក្នុង​គោលបំណង​ផ្សារភ្ជាប់​នឹង​ទ្រឹស្តី​ដែល​អ្នក​ទាំងពីរ​សិក្សា នៅក្នុង​សាលា និង​ការអនុវត្ត​ជាក់ស្តែង​ក្នុងសង្គម​។ ក្រៅពីនេះ អ្នក​ទាំងពីរ ចង់​បំផុសគំនិត​យុវជន​ដទៃ​រៀន​បង្កើត​អាជីវកម្ម​ថ្មីៗ​ដោយ​ខ្លួនឯង ព្រោះ​វា​នឹង​ជួយ​ឲ្យ​ពួកគេ មាន​ទំនួល​ខុសត្រូវ​ការងារ​ខ្ពស់​ប្រសើរ​ជាង​ការបម្រើ​ការងារ​ឲ្យ​អ្នកដទៃ​។​


 
​យុវនារី​ពីររូប ជា​និស្សិត​កំពុង​សិក្សា​ជំនាញ​សិក្សា​អន្តរជាតិ និង​សហគ្រិនភាព​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បាន​បង្កើត​ការងារ​ពួកគេ​ផ្ទាល់ ផ្ទុយ​ពី​យុវជន​មួយចំនួន ចាំតែ​ដាក់​ពាក្យសុំ​ធ្វើការ​ឲ្យ​គេ ដើម្បី​ទទួល​ប្រាក់ចំណូល និង​បទពិសោធន៍​ការងារ ផ្សារភ្ជាប់​នឹង​ទ្រឹស្តី​សិក្សា​របស់​ពួកគេ​។​
 
​កញ្ញា ទី សុខ​ម៉ី ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ សិក្សា​អន្តរជាតិ នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) បានសម្រេច​ចិត្ត​ចាប់ដៃ​ជាមួយ​កញ្ញា រស្មី ដា​ណែ​ត អាយុ ២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី ៤ ជំនាញ​សហគ្រិន ភាព នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) បង្កើត​អាវ​ជី​កម្ម​លក់​អាហារ Fast Food មាន់​បំពង​រសជាតិ​កូរ៉េ ដើម្បី​រក​ចំណូល និង​ដក​ពិសោធន៍​ការងារ​ជាក់ស្តែង​។​
 

​មុន​ឈានដល់​ការចាប់ផ្តើម​អាជីវកម្ម សហគ្រិន​ក្មេងខ្ចី​ទាំងពីរ បាន​តាំងចិត្ត​រួចហើយ​ប្រឈមមុខ​នឹង​ឧបសគ្គ​អាជីវកម្ម​ដំបូង​របស់​ពួកគេ​។ យុវនារី​សម្បុរ​សរ អាយុ ២១​ឆ្នាំ និយាយ​ពី​មូលហេតុ នាំ​ឲ្យ​នាង​បង្កើត​របរ​ផ្ទាល់ខ្លួន​ថា នាង​មានបំណង​បង្កើត​សហគ្រិន​ថ្មី ដោយ​ខ្លួន​នាង​ផ្ទាល់ ក្រោយពី​នាង​បាន​សង្កេតឃើញ​ពី​អាជីវកម្ម​លក់​ម្ហូបអាហារ​ដ៏​ពេញនិយម​មួយ​នេះ តាម​ដងផ្លូវ នៅ​ប្រទេស​កូរ៉េខាងត្បូង អំឡុងពេល​នាង​បាន​ទៅ​ផ្លាស់ប្តូរ​ការសិក្សា រយៈពេល​មួយឆ្នាំ នៅ​ទីនោះ ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ​។​
 
​យុវតី​កូន​អាជីវករ​នៅ​រាជធានី​ភ្នំពេញ​រូបនេះ និយាយ​ទាំង​ទឹកមុខ​ញញឹម​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​រកស៊ី​ជា​សហគ្រិន​ថ្មី ដែល​បង្កើត​អ្វី​ថ្មី ជូន​ប្រជាជន ព្រោះ​ឪពុកម្តាយ​ជា​អាជីវករ ក្នុង​រាជធានី​ភ្នំពេញ​ដែរ​ហើយ ស្របពេល​ប្រទេស​យើង​កំពុង​អភិវឌ្ឍ ខ្ញុំ​គិតថា យើង​រកស៊ី​អ្វី​ក៏​ដុះ តែ​យើង​ត្រូវ​សិក្សា​មើលថា តើ​ប្រជាជន​យើង​ត្រូវការ​អ្វី​? គេ​ចូលចិត្ត​អ្វី​»?
 

​កញ្ញា​បន្តទៀតថា មូលហេតុ នាំ​ឲ្យ​កញ្ញា​បើក​អាជីវកម្ម​លក់​មាន់​បំពង​ប្រលាក់​គ្រឿង ក្រោយពី​នាង​ត្រឡប់​ពី​សិក្សា​រៀនសូត្រ​នៅ​កូរ៉េ ពីព្រោះ​វា​ជា​អាហារ​ពេញនិយម​នៅ​កូរ៉េ និង​ងាយស្រួល​ចម្អិន​ហើយ វេច​ខ្ចប់​រហ័ស​។ កញ្ញា សុខ​ម៉ី បាន​រម្លឹក​កាល​នៅ​កូរ៉េ​ថា កាលនោះ កញ្ញា​ឆ្លៀត​រៀនសូត្រ និង​ស្រាវជ្រាវ​ពី​វិធី​ចម្អិន​បែបនេះ​ជាមួយ​អ្នកគ្រូ​កូរ៉េ​ម្នាក់ នៅក្នុង​ព្រះវិហារ គ្រឹ​ស្ទ​មួយ ទើប​កញ្ញា​ចេះ​ហើយ អាច​បើក​អាជីវកម្ម​មួយ នៅ​កម្ពុជា នាពេលនេះ​។​
 
​កញ្ញា សុខ​មី ប្រាប់ថា នាង​មាន​លក់​មាន់​បំពង​ប្រលាក់​គ្រឿង ឬ​អាហារ​ស៊ូ​ស៊ី (Saucy) រសជាតិ​បែប​កូរ៉េ​ឈ្ងុយឆ្ងាញ់​ដែល​កញ្ញា​ចូលចិត្ត ដូចជា រសជាតិ​ដើម ហិល និង​ទឹកឃ្មុំ​។ កញ្ញា​ប្រាកដ​ចិត្ត​ថា ប្រជាជន​ខ្មែរ​ពិតជា​ចូលចិត្ត​រសជាតិ​អាហារ​ទាំង​នេះដែរ ពីព្រោះ​រសជាតិ​វា​ស្រដៀង​នឹង​រសជាតិ​ខ្មែរ​ហើយ តម្រូវ​តាម​ចំណូលចិត្ត​ប្រជាជន​ខ្មែរ ពិសេស​គឺ​យុវជន​ដែរ ទើប​នាំ​ឲ្យ​កញ្ញា​បង្កើត​អាជីវកម្ម​នេះ​ឡើង​។​
 

​កញ្ញា សុខ​ម៉ី និង​កញ្ញា ដា​ណែ​ត បាន​ផ្តើម​អា​ជី​កម្ម​លក់​អាហារ​បែប​កូរ៉េ​ក្នុង​តូប​តូច​មួយ​មាន​រូបរាង​ដូច កុងតឺន័រ តាម​បណ្ដោយ​ផ្លូវ​មួយ កែង​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​វិទ្យាស្ថាន​ភាសាបរទេស កាលពី​ឆ្នាំមុន​។ អ្នក​ទាំងពីរ ជួល​បុគ្គលិក​ពីរ​នាក់ ឲ្យ​ចម្អិន​មាន់​បំពង និង​ផ្សំ​គ្រឿង​រសជាតិ​ដើមពី​កូរ៉េ ដើម្បី​បម្រើ​អតិថិជន ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៨​យប់​។ 
​អ្នក​ទាំងពីរ​ឲ្យ​ដឹងថា ពួកគេ​បាន​ចំណាយ​ដើមទុន​ជាង ៥​ពាន់​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​អាជីវកម្ម​នេះ​ឡើង​ហើយ គេ​ចំណាយ​ពី ៦០ ទៅ​៧០​ដុល្លារ ទិញ​សាច់មាន់ ទឹកជ្រលក់ និង​ម្ស៉ៅ​ក្នុង​មួយថ្ងៃៗ សម្រាប់​ឲ្យ​បុគ្គលិក​ពីរ​អ្នក​ទៀត ចម្អិន​លក់​ជូន​អតិថិជន គោលដៅ​គេ​។ ចំពោះ​ចំណូល​វិញ អ្នក​ទាំងពីរ អាច​រកចំណូលបាន​ពី​ជាង ១០០ ទៅ ១៥០​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃៗ​។​
 

​កញ្ញា ទី សុខ​ម៉ី និស្សិត​កំពុង​សិក្សា​ជំនាញ​សិក្សា​អន្តរជាតិ បាន​និយាយ​ទាំង​សុទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​ថា​៖«​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង យើ​ត្រូវ​ពី​រៀន​ពី​អ្នកដទៃ យើង​ត្រូវ​ដឹង​បញ្ហា បទពិសោធន៍​ការងារ​។ ពួកគេ​យើង​នៅ​ក្មេង ប្រសិនបើ​យើង​មាន​កំហុស​នោះ យើង​ពេលវេលា​ច្រើន​កែតម្រូវ​កំហុស ព្រមទាំង​រៀន​បណ្តើរ​អនុវត្ត​បណ្តើរ​»​។​
 
​កញ្ញា​និយាយ​ទាំង​ទំនួល​ខុសត្រូវ​ថា ប្រសិនបើ​កញ្ញា​ធ្វើ​ការងារ​ឲ្យ​គេ​នោះ កញ្ញា​នឹងមិន​យល់ច្បាស់​ពី​សង្វាក់​ការងារ​លម្អិត ដូចជា ការគ្រប់គ្រង​ធនធានមនុស្ស ហិ​រញ្ញា​វត្ថុ ការដោះស្រាយ​បញ្ហា ការសិក្សា​ទីផ្សារ​សេដ្ឋកិច្ច នយោបាយ​ប្រទេស និង​គោលដៅ​ពង្រីក​អាជីវកម្ម​នោះទេ​។​
 
​បើតាម​គំនិត​សហគ្រិន​វ័យក្មេង សុខ​ម៉ី ការបើក​អាជីវកម្ម​ដំបូង គេ​ត្រូវ​សិក្សា​ចំណុច​សំខាន់ លើ​មនុស្ស តម្លៃ និង​ទីតាំង ព្រោះ​វា​ទាក់ទង​នឹង​ចំណូល​ពលរដ្ឋ វប្បធម៌​។ កញ្ញា​លើក​ជា​សំណួរ​មួយ​ឧទាហរណ៍​ថា តើ​ប្រជាជន​ប្រទេស​នោះ ចូលចិត្ត​រសជាតិ​បែបណា​?
 
​មិន​ខុស​នឹង​គំនិត​កញ្ញា សុខ​ម៉ី កញ្ញា រស្មី ដា​ណែ​ត ម្ចាស់​សហគ្រិន​វ័យក្មេង​មួយរូប​ដែរនោះ បា​និយាយថា ការបង្កើត​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន នាំ​ឲ្យ​នាង​មួយ​ទំនួល​ខុសត្រូវ​ខ្ពស់ ព្រោះ​វា​ទាក់ទង​នឹង​ហានិភ័យ​អាជីវក​ម្មនាង​ផ្ទាល់​។​
 
​យុវនារី​វ័យ ២៤​ឆ្នាំ ដែល​ធ្លាប់មាន​ពិសោធន៍​ការងារ​ស្ម័គ្រចិត្ត ការងារ​ធនាគារ និង​ការផ្លាស់ប្តូរ​ការសិក្សា​ក្រៅប្រទេស រូបនេះ បន្ត​និយាយថា ប្រសិនបើ​នាង​មិន​ចាប់ផ្តើម ពី អាជីវកម្ម​មួយ​តាម​លទ្ធភាព​ទេនោះ នាង​ក៏​ពុំ​អាច​ឈានទៅ​ពង្រីក​អាជីវកម្ម​ធំ​បានដែរ​។​
 
​យុវនារី​រាងស្តើង​រូបនេះ និយាយ​ទាំង​ទឹកមុខ​មាំ​ថា​៖«​បញ្ហា​នៅតែ​ជា​បញ្ហា តែ​យើង​ត្រូវមាន​វិធី​ដោះស្រាយ​? បញ្ហា​ទាំងអស់ សុទ្ធ​មាន​ដំណោះស្រាយ​»​។​

​យុវនារី​មានគំនិត​សុទិដ្ឋិនិយម​លើ​សហគ្រិនភាព​រូបនេះ បន្តថា អំឡុងពេល​បើក​អាជីវកម្ម នេះ នាង​អាច​សិក្សា​ពី​បញ្ហា​ទីផ្សារ និង​ការគ្រប់គ្រង​ធនធានមនុស្ស ព្រមទាំង​ទ្រឹស្តី​អា​ជីក​ម្ម មុននឹង​នាង​ឈានទៅ​ពង្រីក​អាជីវកម្ម​កាន់តែ​ធំ​បន្ថែមទៀត​។​
 
​យុវនារី​ទាំងពីរ មានគំនិត​សុទិដ្ឋិនិយម​ថា ពួកគេ​នឹង​អាច​ពង្រីក​សាខា​អាជីវកម្ម​ពេញនិយម​បែប​កូរ៉េ​នេះ ច្រើន​ទីតាំង​បន្ថែមទៀត នៅ​រាជធានី​ភ្នំពេញ អនាគត ពីព្រោះ​ពួកគេ​គិតថា វា​ជា​ម្ហូប​ពេញនិយម​សម្រាប់​អ្នក​បរិភោគ និង​ងាយស្រួល​រៀបចំ​បង្កើត ចម្អិន ព្រមទាំង​វេច​ខ្ចប់​ដែរ​៕
 

Tag:
 Saucy
  អប់រំ​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com