អន្តរជាតិ
មី​ស៊ី​លបាញ់​ពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង​អាចមាន​សមត្ថភាព​វាយប្រហារ​ក្រោម​ទឹកបាន​ហើយ​
24, Apr 2016 , 3:30 pm        
រូបភាព
ដោយ:
​បើទោះបីជា​សហគមន៍​អន្តរជាតិ​បាន​និង​កំពុងតែបន្ត​អនុវត្តន៍​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​កូរ៉េខាងជើង​លើ​ការគំរាមកំហែង​សន្តិសុខ​យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិនបាន​ថមថយ​សកម្មភាព​និង​មហិច្ឆតា​របស់ខ្លួន​ឡើយ​។​ចុងក្រោយ​នេះ​ក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រកាស​ពី​ជោគជ័យ​ថ្មី​មួយ​នៃ​ការបាញ់​មី​ស៊ី​លពី​នាវាមុជទឹក​ដែល​បានធ្វើ​ឲ្យ​លោក​គីម​ជុង​អ៊ុន​រីករាយ​ជាខ្លាំង​ផងដែរ​។​


 
​កូរ៉េខាងជើង​បានប្រកាស​ពី​ជោគជ័យ​មួយទៀត​នៃ​ការបាញ់​មី​ស៊ី​ល​ពីក្រោម​ទឹក​ដែលជា​យុទ្ធសាស្ត្រ​មួយ​ថ្មី​នៃ​ការបាញ់​មី​ស៊ី​លពី​នាវាមុជទឹក​។​ការបាញ់​សាកល្បង​នោះ​ត្រូវបាន​បញ្ជា​និង​ណែនាំ​ដោយផ្ទាល់​ពី​ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​People’s Daily ដែល​បាន​ដកស្រង់​ចេញពី​ព័ត៌មាន​កូរ៉េខាងជើង​KCNA​នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ​។​
 
​ការបាញ់​សាកល្បង​មាន​គោលបំណង​ដើម្បី​ប​ងា្ហ​ញ​ពី​ស្ថិរភាព​នៃ​ប្រព័ន្ធ​ដំណើរការ​បាលី​ស្ទីក​ក្រោម​ទឹក​ក្នុង​ជម្រៅ​អប្បរ​មា​នៃ​ទឹក​និង​កម្លាំង​នៃ​ការ​ផុសចេញ​ពីក្រោម​ទឹក​ដោយ​ម៉ាស៊ីន​អភិវឌ្ឍន៍​ប្រភេទ​ថ្មី​របស់​កូរ៉េខាងជើង​។​នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​បន្ថែម​ដែរ​ថា​ការបាញ់​សាកល្បង​មី​ស៊ី​លពី​នាវាមុជទឹក​ក៏បាន​បង្ហាញ​ពី​ជោគជ័យ​មួយ​ដ៏​អស្ចារ្យ​ហើយ​លោក​គីម​ជុង​អ៊ុន​ក៏​ពេញ​ចិត្តនឹង​លទ្ធផល​នោះដែរ​។​
 
​ប្រភពព័ត៌មាន​នោះ​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ជោគជ័យ​នៃ​ការបាញ់​នោះ​ក៏បាន​បញ្ជាក់ថា​បច្ចេកវិទ្យា​នៃ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង​បាន​បំពេញ​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ហើយ​សម្រាប់​«​ប្រតិបត្តិ​ការវាយប្រហា​រ​ក្រោម​ទឹក​»​។​
 
​ជុំវិញ​បញ្ហា​នេះដែរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​John Kirby​បាន​អះអាងថា​ការប្រើប្រាស់​បច្ចេកវិទ្យា​នៃ​មី​ស៊ី​ល​ប៉ា​លី​ស្ទីក​របស់​កូរ៉េខាងជើង​បាន​បំពាន​យ៉ាងច្បាស់​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​ជាមួយនឹង​គ្នា​នៅ​ថ្ងៃទី​២៣​ខែមេសា​ម្សិលមិញ​បារាំង​ក៏បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​អនុម័ត​ទណ្ឌកម្ម​បន្ថែម​ជា​លក្ខណៈ​ឯកតោភាគី​លើ​កូរ៉េខាងជើង​ប្រសិនបើ​ព័ត៌មាន​នៃ​ការបាញ់​នោះ​ត្រូវបាន​បញ្ជាក់​ជាការ​ពិត​។​
 
​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​០២ ខែមីនា​កន្លងទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​បន្ថែម​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕

Tag:
 ​កូរ៉េខាងជើង​
  មី​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com