កីឡាជាតិ
ចំបាប់​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ​
24, Apr 2016 , 9:00 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ពង្រឹងសមត្ថភាព​និង​បច្ចេកទេស សម្រាប់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ​ជាច្រើន​នៅក្នុង​ឆ្នាំនេះ ហើយ​អ្វីដែល​សំខាន់​គឺ​ត្រៀម​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​និង​ស៊ី​ហ្គេម នាពេលខាងមុខ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។​

 
​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បញ្ជក់​ថា បច្ចុប្បន្ន​កីឡាករ​កីឡាការិនី​ចំបាប់ បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន សម្រាប់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ ជាពិសេស​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ជើងឯក​អាស៊ីអាគ្នេយ៍​(Asian ChapionshipGames 2016)​នៅក្នុង​ខែវិច្ឆិកា ចុងឆ្នាំ​នេះ​។​
 
​លោក​អគ្គលេខា​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ព្រឹត្តិការណ៍​ដែល​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​រួមមាន ការបញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​២​រូប​ចូលរួម​ប្រកួត​ជម្រុះ​កម្រិត​ពិភពលោក​លើក​ទី​២ នៅ​ប្រទេស​ទួ​គី​, ការចូលរួម​ប្រកួត Asian Beach Games នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម និង​ការបញ្ជូន​កីឡាករ​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត National Games ក្នុង​ខែកញ្ញា​។​
 
​ដោយឡែក នៅក្នុង​ខែ​វិ​ចិ្ឆ​កា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ ដែលមាន​ប្រទេស​នៅក្នុង​តំប​ត់​អាស៊ាន​ចូលរួម​ប្រមាណ​ជា​ជិត​១០​ប្រទេស ជាពិសេស​ប្រទេស​ដែលមាន​វិញ្ញាសា​ចំបាប់​។ ហើយ​ប្រទេស​នីមួយៗ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​អាចដាក់​កីឡាករ​កីឡាការិនី​រប​ស់​ខ្លួន​តាម​លទ្ធភាពរ​បស់​ខ្លួន ពោលគឺ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ប្រទេស​ដែល​ចូលរួម​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ លោក ធិ​ន វិចិត្រ បាន​បកស្រាយ​ថា គឹ​សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វ​ជា​ម្ចាស់ផ្ទះ ម្យ៉ាងទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេក​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ជាមួយ​ប្រទេស​ដែល​បាន​ចូលរួម​។ 
 
​ទន្ទឹមនឹងនេះ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នេះ សហព័ន្ធ​នឹងធ្វើ​ការបណ្តុះបណ្តាល​ធន​ធាន​អាជ្ញាកណ្តាល និង​ចៅក្រម ជាពិសេស​អាជ្ញាកណ្តាល​នៃ​ការប្រកួត និង​ការបណ្តុះបណ្តាល​គ្រូ​កម្រិត​មួយ​បន្ត ទោះបីជា​បានបញ្ចប់​មួយ​វគ្គ​ក៏ដោយ​។​
 
​លោក ធិ​ន វិចិត្រ បានបញ្ជាក់​ទៀតថា​៖«​បច្ចុប្បន្ន​ចំនួន​អាជ្ញាកណ្តាល និង​ចៅក្រម​សម្រាប់​រៀបចំ​ការប្រកួត​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​អន្តរជាតិ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវ​នោះទេ ទោះបីជា​កីឡា​ចំបាប់​កំពុង​តែមាន​ភាព​រីកចម្រើន និង​អាច​ដណ្តើមបាន​មេដាយ​រាល់​ការចូលរួម​ប្រកួត​ក៏ដោយ​។ ការខ្វះខាត​នេះ​ដោយសារ​ចំបាប់​ជា​កីឡា​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ដោយ​តំបន់ និង​មិនសូវមាន​សកម្មភាព នេះ​ជាហេតុ​ធ្វើ​ពួកគេ​មិន​ចង់​ចូលរួម​ហ្វឹកហាត់​»​។​
 
​លោក​អគ្គលេខាធិការ​រូបនេះ​បាន​រៀបរាប់ថា មុននឹង​ធ្វើការ​ប្រកួត National Games សហព័ន្ធ​បានរៀបចំ​ផែនការ​រួចរាល់​ហើយ គឺ​នឹង​អញ្ជើញ​គណៈកម្មការ​ប្រតិបត្តិ​អាស៊ី ដែល​ទទួលបន្ទុក​អាស៊ីអាគ្នេយ៍ បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល​អន្តរជាតិរ​យៈ​ពេល​ពី​៣​ថ្ងៃ​ទៅ​៥​ថ្ងៃ ដើម្បី​ដំឡើង​កម្រិត​អាជ្ញាកណ្តាល និង​ចៅក្រម​ឲ្យ​មាន​កម្រិត​ជា​អាជ្ញាកណ្តាល​អន្តរជាតិ​។​
 
​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​សហព័ន្ធ​ពុំទាន់​មាន​អាជ្ញាកណ្តាល​ដែលមាន​កម្រិត​អន្តរជាតិ​នោះទេ ជាក់ស្តែង​សមត្ថភាព​គ្រូបង្វឹក​ក៏ដូចជា​ចៅក្រម និង​អាជ្ញាកណ្តាល​បច្ចុប្បន្ន​សុទ្ធ​សឹងតែ​អាច​ដំឡើង​កម្រិត​ជា​អាជ្ញាកណ្តាល​អន្តរជាតិ​បាន​ទាំងអស់ ប៉ុន្តែ​ដោយសារ​ពុំមាន License អន្តរជាតិ​។ ទោះបីជា​យ៉ាងនេះ​កី្ត​សហព័ន្ធ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​មាន​អាជ្ញាកណ្តាល​អន្តរជាតិ​ក​ម្រិ​ត​១ យ៉ាងតិច​៥​នាក់​ក្នុងឆ្នាំនេះ​។ 
 
​បច្ចុប្បន្ន​អ្នក​ដែលមាន License អន្តរជាតិ​គឺមាន​តែ​ពីរ​នាក់​នោះទេ គឺ ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក ហុក ឈាង​គីម តែប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំនេះ​សហព័ន្ធ​បាន​ផ្ញើ Email ទៅកាន់​សហព័ន្ធ​អន្តរជាតិ ដើម្បី​ដក License ទាំងនេះ ដោយសារតែ​សហព័ន្ធ​គិតថា ពួកគាត់​ទាំងពីរ​ពុំមាន​ពេលវេលា​នោះទេ​។​
 
​ជាមួយគ្នានេះ ការខ្វះខាត​អាជ្ញា​កណា្ត​ល​កម្រិត​អន្តរជាតិ វា​បាន​ក្លាយជា​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់​សហព័ន្ធ​ចំបាប់ ព្រោះ​រាល់​ការប្រកួត​ប្រសិនបើ​មិន​អាជ្ញាកណ្តាល​របស់ខ្លួន ក្នុង​គណៈកម្មការ​បច្ចេក​ទេស​នៃ​ការប្រកួត​នោះទេ ពោលគឺ​មានការ​ចាញ់​ប្រៀប​គេ​រួចទៅហើយ​។​
 
​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​សកម្មភាព​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​ជាតិ និង​អន្តរជាតិ​ផ្សែងៗ ជាពិសេស​ត្រៀម​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​៕ 

Tag:
 ចំបាប់​
 ​ធិ​ន វិចិត្រ
© រក្សាសិទ្ធិដោយ thmeythmey.com