ជាតិ
លោក ស្រី ចំរើន ដាក់​ញត្តិ​ទៅ​រដ្ឋសភា ​និង​ទូត​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​ឯកឧត្តម កឹម សុខា​
24, Apr 2016 , 5:27 pm        
រូបភាព
ដោយ:
​នា​រសៀល​ថ្ងៃទី​២៤​ខែមេសា​នេះ ក្រុម​លោក ស្រី ចំរើន ដែលមាន​យុវជន​ប្រមាណ ៣០ នាក់ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើសុំ​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ដាក់វិន័យ​លើ​ឯកឧត្តម កឹម សុខា ចំពោះ​ករណី​រឿងអាស្រូវ​ផ្លូវភេទ​។ ក្នុងថ្ងៃនេះ​ដែរ ក្រុម​របស់លោក ស្រី ចំរើន បន្ត​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការអន្តរាគមន៍​ពី​ស្ថានទូត​ឲ្យ​ជំរុញ​ឯកឧត្តម កឹម សុខា ឆ្លើយ​ការពិត​ទាក់ទង​នឹង​ខ្សែអាត់​សំឡេង​។​


 
​បើតាម​លោក ស្រី ចំរើន ការស្នើសុំ​ឲ្យ​មានការ​ដាក់វិន័យ​នេះ គឺ​យោងទៅលើ​សេចក្តីថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៩​ខែមេសា ដែល​បញ្ជាក់ថា កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី ម៉ុំ បានទទួល​ស្គាល់​ការពិត​លើ​ខ្សែអាត់​សំឡេង​រវាង​រូបនាង និង​ឯកឧត្តម កឹម សុខា​។​
 
​លោក ស្រី ចំរើន​អះអាងថា ទង្វើ​របស់​ឯកឧត្តម កឹម សុខា គឺជា​អំពើ​អ​សី​លធ​ម៍ ពេស្យាចារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋសភា​។​
 
​តែ​ទោះយ៉ាងណា​ញត្តិ​របស់​ក្រុម លោក ស្រី ចំរើន មិនមាន​អ្នកតំណាងរាស្ត្រ​រូប​ណា មក​ទទួលយក​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់សំរាក​។ ហើយ​ញត្តិ​នោះ ត្រូវ​ផ្ញើរ​ទុក​នៅ​កន្លែង​ទទួល​ពាក្យបណ្តឹង​របស់​រដ្ឋសភា​៕
 
 
 

Tag:
 ស្រី ចំរើន ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com