ពីនេះ ពីនោះ
តាម​ក្បួនតម្រា​បុរាណ​តើ​បុរស​ល្អ​មាន​លក្ខណៈសម្បត្តិ​ប៉ុន្មាន​យ៉ាង​?
26, Apr 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ល្អ គឺ​ជាទី​ប្រាថ្នា​របស់​ស្ត្រី​គ្រប់រូប​ដែល​ប៉ងប្រាថ្នា​ចង់​បានមក​ធ្វើជា​ដៃគូរ​ជីវិត និង​កសាង​ស្ពាន​សុភមង្គល​គ្រួសារ​ជាមួយគ្នា​ក្នុងនាម​ជា​មិត្តមួយរយឆ្នាំ​។ ទោះជា​យ៉ាងណា មនុស្ស​ប្រុស​មាន​ច្រើន ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​ល្អ ពិតជា​កម្រ​មាន​ណាស់ ជាពិសេស​សង្គមមនុស្ស​បច្ចុប្បន្ន​។ ហេតុនេះ​ដើម្បី​ក្លាយខ្លួនជា​បុរស​ល្អ ត្រូវមាន​លក្ខណៈសម្បត្តិ​បែបណាខ្លះ​?



​តាម​ក្បួនតម្រា​បុរាណ​បាន​បញ្ជាក់ថា បុរស​ត្រូវ​លក្ខណៈ​ល្អ​ទាំងអស់​២៦ ដូចជា​៖ បុរស​ល្អ គឺជា​មនុស្ស​ឧស្សាហ៍​ខ្នះខ្នែង​ធ្វើការ​ងារ​រៀនសូត្រ​មិន​ប្រកាន់ខ្លួន​, មិនចេះ​លួច​ប្លន់ កេងកិប​ឆរ​បោក​, មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ​, មិន​រំភើប​ញាប់​ញ័រ ភ័យ​អរ​ផ្ដេសផ្ដាស​, មិន​និយាយ​ត្រាប់​ឲ្យ​គេ​អៀនខ្មាស់​, មិន​និយាយ​កុហក​ភូតភរ​ឲ្យ​លើសពី​ការពិត​ជាដើម​។​

​បន្ថែម​ពី​នោះ​ទៀត បុរស​ល្អ គឺជា​មនុស្ស​ធ្វើ​ការងារ​មិន​រួសរាន់​ពេក តែ​មិនយឺត​យូរពេក​, បានឮ​ដំណឹង​អ្វីមួយ​ហើយ​វិនិច្ឆ័យ​សិន ទើប​ជឿ​ក្រោយ​, មិនចេះ​និយាយ​បំ​ភ្លើ​ស​លេងសើច​, ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​លាក់​មុខ​, មាន​ថ្នាំកែរោគ​បម្រុង​ទុក​មិនចេះ​ខ្វះ​ក្នុងពេល​ត្រូវការ​, មិន​ប្រាប់​ការសម្ងាត់​ដល់​អ្នកដទៃ​, មិន​ផ្ញើ​របស់​ទុក​ជាមួយ​បុគ្គល់​មិនគួរ​ផ្ញើ​, ព្រមទាំង​មានចិត្ត​អត់ធន់ មិន​ញ៉ាក​។​

​យ៉ាងណាមិញ បុរស​ល្អ ក៏​ជាម​នុស្ស​ដែលមាន​ស្វាមី​ភ​ក្កិ​ចំពោះ​ចៅហ្វាយនាយ​, មិនចេះ​ឡឹ​ក​ឡក​ចំពោះ​ស្រី​ក្រមុំ​, ស្គាល់​ចំណេញ​ស្គាល់​ខាត​, រក​ប្រដាប់​តុបតែង​ខ្លួន​ឲ្យ​ភរិយា​, មិន​ទិញជឿ​នូវ​របស់​ប្រើប្រាស់​គ្រប់យ៉ាង​។ ជា​មនុស្ស​ដឹងគុណ តបគុណ​សរសើរ​ដល់​អ្នកមានគុណ​, គោរព​ឱវាទ​មាតាបិតា ញាតិមិត្ត និង​អ្នក​ប្រាជ្ញា​, ចេះ​អត់ទ្រាំ​នូវ​ពាក្យ​ដែល​គេ​ស្ដីបន្ទោស​ប្រដៅ​, មាន​កាយវិការ​សមរ​ម្យ មិន​ឆ្គាំឆ្គង​, ឲ្យ​ដំណឹង​ដល់​មនុស្ស​ក្នុងផ្ទះ​ហើយ​ទើប​ចាក​ចេញទៅ​, ចេះ​ទូន្មាន​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​, និង​ចុងក្រោយ គឺ​ខឹង​ឆាប់​បាត់ មិន​កំហឹង​ទុកជា​ដើម​។​

​គ្រប់​បុរស​ទាំងអស់​ត្រូវតែ​ធ្វើជា​បុគ្គល​ដែល​ប្រពៃ ឲ្យ​តម្លៃ​លើ​ស្ត្រី និង​ធ្វើជា​ជន​ដែល​រឹងមាំ​សម្រាប់​គ្រួសារ និង​សង្គម​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​,​រៀបរៀង​ដោយ ភិក្ខុ សុន​ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com