អន្តរជាតិ
លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ យកលុយ​រដ្ឋ​បង់​ឲ្យ​ជាងកាត់សក់​ខ្លួន​ក្នុង​១​ខែ​៨០០០​អឺរ៉ូ​
26, Apr 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 ​អ្នកកាសែត​ឈ្មោះ Aziz Zemmouri និង Stephanie Marteau ទើប​ចេញផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា « L'Élysée Off» ។ សៀវភៅ​នេះ ផ្តល់ព័ត៌មាន​ពី​ការចំណាយ​ផ្សេងៗ​របស់​វិមាន​ប្រធានាធិបតី Elysée ជាពិសេស​ការចាយវាយ​លើ​សេវាកម្ម​ផ្សេងៗ​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​។​

 
​នៅក្នុង​សៀវភៅ  « L'Élysée Off» ដែល​ចេញផ្សាយ​កាលពី​ខែមីនា ឆ្នាំ​២០១៦ អ្នកកាសែត​ឈ្មោះ Aziz Zemmouri និង Stephanie បានបញ្ជាក់​ឲ្យ​ដឹងថា លោក Olivier Benhamou ម្ចាស់​ហាង​កាត់សក់​មួយកន្លែង​នៅក្នុង​ទីក្រុង​ប៉ារីស បានទទួល​ប្រាក់ខែ​ជាប្រចាំ​ចំនួន​៨០០០​អឺរ៉ូ ចំពោះ​សេវាកម្ម​កាត់សក់​ជូន​លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​។​
 
​បណ្តាញសារព័ត៌មាន​បារាំង បាន​លើកឡើងថា ជាងកាត់សក់​ឈ្មោះ Olivier Benhamou ប្រហែលជា​ត្រូវ​ជ្រើសរើស​ដោយ​លោកស្រី Valerie Trierweiler អតីត​ភរិយា​របស់លោក នៅពេលដែល​ពួកគាត់​ស្គាល់គ្នា​នា​អំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ឆ្នាំ​២០១២ ។​
 
​មិន​មានការ​អះអាងថា បើ​គិត​ចាប់តាំងពី​ការចែក​ផ្លូវ​គ្នា​រវាង​លោក ហូ​ឡង់ និង​លោកស្រី Trierweiler នា​ឆ្នាំ​២០១៤ មក លោក Olivier Benhamou នៅ​បន្តការងារ​កាត់សក់​ជូន​លោក​ប្រធានាធិបតី ឬ​យ៉ាងណា​នោះឡើយ​។​
 
​ក្រុមអ្នកកាសែត​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ការចាយ​ថវិការដ្ឋ​ច្រើនសន្ធឹក​សន្ធាប់ និង​ខ្ជះខ្ជាយ​របស់លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បើ​គិត​ចាប់តាំងពី​ការចូល​កាន់តំណែង​កាលពី​ខែឧសភា ឆ្នាំ​២០១២ មក ដែល​ក្នុងនោះ​មានដូចជា ប្រាក់ខែ​សម្រាប់​អ្នកបើកបរ​រថយន្ត ការចំណាយ​លើ​កាហ្វេ​ថ្លៃៗ ការជួសជុល​ទីតាំង​ផ្សេងៗ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​របស់លោក ហូ​ឡង់​៕
 

Tag:
 ប្លែក
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com