អន្តរជាតិ
​បច្ចេកវិទ្យា
អ្នកស្រាវជ្រាវ​រកឃើញ​ដោយ​ចៃដន្យ​ដែល​ថ្ម​ទូរ​សព្ទ​កាន់​យូរ​ជាង​ថ្ម​ធម្មតា​៤០០​ដង​
27, Apr 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 
​ថ្ម​ដែល​មិនសូវ​កាន់ គឺជា​សត្រូវ​របស់​ស្មា​ត​ហ្វូ​ន ដោយ​ភាគច្រើន វា​ឆាប់​ក្តៅ និង​ឆាប់​អស់​ថាមពល​។ ដំណឹង​ល្អ​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កាលី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក បាន​រកឃើញថា ថ្ម​ទូរ​សព្ទ​អាច​ដំណើរការ​យូរ​ជាង​ថ្ម​ធម្មតា​រហូតដល់​ទៅ​៤០០​ដង​ឯណោះ​។​

 
​បើតាម​កាសែត The Telegraph ការស្រាវជ្រាវ​នេះ ត្រូវបាន​រកឃើញ​ដោយ​ចៃដន្យ នា​អំឡុង​នៃ​ការសិក្សា​របស់​បេក្ខជន​បណ្ឌិត​នៃ​សកល​វិទ្យាល័យ University of California​។ Mya Le Thai ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​និយាយ​ដោយ​ជំនឿ​ថា​៖ «​ការរក​ឃើញថា ថ្ម​អាច​កាន់​ភ្លើង​យូរ​ជាង​ថ្ម​ធម្មតា​៤០០​ដង គឺជា​សញ្ញា​ថ្មី​មួយ ហើយ​វា​នឹង​អាចមាន​ថាមពល​យូរ​ជាង​នេះ​បន្ថែមទៀត​»​។​
 
​បន្ថែម​ពីលើ​នេះ អ្នកស្រាវជ្រាវ​បាន​អះអាងថា ថាមពល​ថ្ម មិនមាន​បញ្ហា​នោះឡើយ បន្ទាប់ពី​ឆ្លងកាត់​ការដាក់​សាក​ចំនួន​២០​ម៉ឺន​ដង ខណៈ​ថ្ម​ទូរ​សព្ទ​ដែល​លក់​នៅ​ទីផ្សា​អាច​រង​នូវ​ការខូចខាត​បន្ទាប់ពី​សា​ក​អស់​ប្រមាណ​៧០០០​ដង​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់មាន​គម្រោង​ផ្លូវការ​ណាមួយ​ផលិត​ថ្ម​ប្រភេទ​នេះឡើយ ដោយសារតែ​វា​ជាការ​រកឃើញ​ដោយ​ចៃដន្យ ហើយ​គេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ផលិត​ថ្ម​ដែល​រឹងមាំ និង​មិនសូវ​បង្ក​គ្រោះថ្នាក់​។ គេ​រំពឹងថា គំហើញ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Tables, រថយន្ត កុំព្យូទ័រ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​៕
 
 

Tag:
 បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com