ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​ពឹង​បរទេស​
27, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
(​បទ​ពាក្យ​៧)
​ព្រះបាទ​អង្គឌួង​ទ្រង់​ស្វែងយល់        ខ្លាច​សៀម​ធ្វើ​កល​យក​ទឹកដី​
​រួមទាំង​អណ្ណាម​យួន​អប្រិយ៍               ទើប​ទ្រង់​រំពៃ​ពឹង​បារាំង​។​


 
​ឲ្យ​មកជួយ​រៀបចំ​កម្ពុជា                     ការពារ​រក្សា​រាជ្យ​ប​ល្ល័​ង្គ​
​ព្រោះ​ពេលនោះ​ខ្មែរ​ខ្សោះ​កម្លាំង      ខ្វះ​ទ័ព​តតាំង​នឹង​ប​ច្ឆា​។​
 
​មួយ​ពាន់​ប្រាំបី​រយ​ហុកសិប​បី           កូន​ខ្មែរ​ប្រុស​ស្រី​ចាំ​សាវតា​
​បារាំង​ចូល​ជាន់ដី​ខេមរា                     នាម​ជា​អាណានិគម​សុទ្ធ​។
 
​ជំងឺ​ពឹង​គេ​ជា​ទម្លាប់                             មាន​ហូរហែ​ជាប់​មិនចេះ​ផុត​
​សង្គ្រាម​រាជវង្ស​ដណ្តើម​ម្កុដ              ស្តេច​ខ្មែរ​តែងរ​ត់ទៅ​ពឹង​គេ​។ 
 
​ពឹង​ម្តង​កាត់​សង​ដោយ​ទឹកដី            ជា​ប្រពៃណី​មិន​ខាន​ទេ​
​បើ​គ្មាន​ចំណេញ​អ្វី​ដល់​គេ                 គេ​មិន​ជួយ​ទេ ចាំ​ឲ្យ​ស្ទាត់​។ 
 
​ម្តង​យួន​ម្តង​សៀម​អង្គៀ​ម​ឆ្អឹង          ខ្មែរ​ស្គមរ​ឃឹ​ង​លែង​ធំធាត់​
​កម្ពុជា​ក្រោម​ដ៏​កំសត់                         បារាំង​ចែង​ចាត់​កាត់​ឲ្យ​យួន​។ 
 
​បារាំង​ចូលមក​ចំណេញ​ស្តេច          តែ​រាស្ត្រ​លង់​លិច​ខាត​ផ្ទួនៗ 
​ពន្ធដា​អាករ​នឹម​ជាប់​ខ្លួន                    បារាំង​ឲ្យ​យួន​ត្រួត​ខ្មែរ​ទៀត​។​
 
​បារាំ​នាំមក​នូវ​របប                             លុតក្រាប​អែបអប​លប​មាន​ស្នៀត 
​ស៊ក​ស្នៀត​ឆ្លៀត​ពង​ដូច​ត្រីងៀត   ខ្មែរ​រង​សម្ពាធ​វប្បធម៌​ថ្មី​។​
 
​ជំងឺ​ពឹង​គេ​មានតែ​ខាត ចូរ​ចាំ​កុំ​ឃ្លាត​ខ្មែរ​ប្រុស​ស្រី​
​ប្រវត្តិ​ប្រាប់ថា ខ្មែរ​អស់​ទឹកដី ព្រោះតែ​ទ្រឹស្តី​ពឹង​លើ​បរទេស​! ។ ១៥.០៦.០១  
​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន​(​កវី​ម្ចាស់​ស្ទឹង​សង្កែ​)    



Tag:
 កំណាព្យ
  គង្គ ប៊ុនឈឿន
© រក្សាសិទ្ធិដោយ thmeythmey.com