ពីនេះ ពីនោះ
តើ​មូល​ហេតុអ្វី​បានជា​បុរស​ប្រចណ្ឌ​លើ​នារី​?
28, Apr 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​ប្រចណ្ឌ​តែងតែ​កើតមាន​មិនថាតែ​បុរស ឬក៏​នារី​នោះទេ​។ ព្រោះថា​ឲ្យ​តែ​ជាម​នុស្ស​ដែលមាន​នូវ​ក្ដី​ស្រឡាញ់ មាន​មនោសញ្ចេតនា គឺ​សុទ្ធ​តែមាន​អារម្មណ៍​មួយ​ដែល​ខ្វល់ខ្វាយ នៅពេល​ឃើញ​ដៃគូ​ជីវិត​របស់ខ្លួន​មាន​ចំណុច​ណាមួយ​ដែល​ខ្លួនគេ​យល់ថា​មិន​ប្រក្រតី​។ ហេតុនេះហើយ ចំពោះ​បុរស​ក៏​ដូច្នេះ​ដែរ​។ ខាងក្រោម​ជាហេតុ​ផល​មួយចំនួន​ដែល​នាំ​ឲ្យ​បុរស​កើត​មានការ​ប្រចណ្ឌ​ចំពោះ​គូសង្សារ ឬក៏​ភរិយា​របស់ខ្លួន​៖



១/. នាង​មាន​រូបសម្បត្តិ​ស្អាត​ពេក​៖ ភាពស្រស់ស្អាត​របស់​នា​រី​គឺ​ជាទី​ចាប់អារម្មណ៍​រប​ស់បុរ​សៗ​ទូទៅ ហេតុនេះ​នៅពេលដែល​បុរស​ណា​ម្នា​ក់មាន​គូសង្សារ​ឬ ប្រពន្ធ​ដែលមាន​សម្ផស្ស​ស្រស់​សោភា​ច្បាស់​ណាស់​អារម្មណ៍​ប្រចណ្ឌ​គឺ​នៅ​ដក​ជាប់​ក្នុង​ចិត្ត​របស់គាត់​ជានិច្ច​។​

២/. បុរស​នោះ​ស្រឡាញ់​នារី​នោះ​ខ្លាំងពេក​៖ ការស្រឡាញ់​មិន​ប្រាកដថា ល្អ ឬក៏​អាក្រក់​ដាច់​ខាត់​នោះទេ​។ ហេតុនេះ​នៅពេលដែល​បុរស​ម្នាក់​គាត់​ស្រឡាញ់​ដៃគូ​ជីវិត​គាត់​ខ្លាំងពេក នោះ​នឹង​នាំទៅរក​អារម្មណ៍​ប្រចណ្ឌ​ជាក់​ជាមិនខាន​។​

៣/. នារី​ជាម​នុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ខ្លួន​៖ ភាព​ខ្ពង់ខ្ពស់​នៃ​សមត្ថភាព​របស់​នារី អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​បុរស​នៅ​មិន​ស្ងប ដោយសារ​ខ្លាច​នា​រិ​នោះ​បោះបង់​ខ្លួន​ទៅរក​អ្នកមាន​សមត្ថភាព​ផ្សេង​ក្រៅពី​ខ្លួន​។​

៤/.​នារី​មាន​កម្រិតវប្បធម៌​ខ្ពង់​ខ្ពស់ជាង​ខ្លួន​៖ ភាព​ខ្ពង់ខ្ពស់​នៃ​ចំណេះដឹង​របស់​នារី បានធ្វើ​ឲ្យ​នារី​នោះ​មិន​ខ្វះ​ទេ​ជម្រើស​ក្នុង​ជីវិត ជាពិសេស​ជីវិត​គូស្រករ​។ ប៉ុន្តែ​ប្រសិនជា​បុរស គាត់​នឹងមាន​អារម្មណ៍​មួយ​គឺ​ខ្លាច​បាត់បង់​។​

៥/. នារី​នោះ​មាន​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន​៖ ភាព​ស្និត​ស្នាល​ជាមួយ​អ្នកដទៃ និង​មាន​គេ​និយាយ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ធ្វើ​ឲ្យ​បុរស​ស្រឡាញ់​ដៃគូ​របស់ខ្លួន​កាន់តែខ្លាំង​។ ប៉ុន្តែ​ទន្ទឹមនឹង​ការស្រឡាញ់​នេះ បុរស​ក៏មាន​ចិត្ត​មួយ​នៅ​មិន​ស្ងៀមស្ងាត់​នោះដែរ​ព្រោះ​ខ្លាច​ថ្ងៃ​ណាមួយ​មាន​គេ​ឆក់​បាត់​។​

៦/. នារី​នោះ​មាន​គេ​ចោមរោម​សុំ​ស្រឡាញ់​ច្រើន​៖ ពេលខ្លះ​ទោះបីជា​នារី​ម្នាក់​បាន​ក្លាយជា​គូសង្សារ ជា​ប្រពន្ធ​របស់​បុរស​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​ដឹងថា ដៃគូ​របស់ខ្លួន​នោះ​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន សេចក្ដី​ខ្វលខ្វាយ​របស់​បុរស​គឺ​កើតមាន​គ្រប់ពេលវេលា​នៅពេលដែល​នៅ​ឆ្ងាយ​ពី​នាង​។​

៧/. បុរស​ដែល​ស្រឡាញ់​នារី​ជា​អ្នកមាន​៖ មនុស្ស​ប្រុស​ខ្លាច​បំផុត​គឺ​នៅពេល​ដឹងថា ប្រពន្ធ​របស់ខ្លួន សង្សារ​ខ្លួន​មាន​អ្នកមាន​ទ្រព្យធន មានអំណាច​តាម​ស្រឡាញ់​។ ព្រោះ​ជា​ទំនួល​ខុសត្រូវ​បុរស​គឺ​ធ្វើយ៉ាងណា​បំពេញតម្រូវការ​ដៃគូ​ជីវិត​ខ្លួន ប៉ុន្តែ​នៅពេល​ដឹងថា​មាន​អ្នក​អាច​ផ្ដល់​សេចក្ដីសុខ​ឲ្យ​នាង​បាន តែ​មិនមែន​ខ្លួនគេ​ប្រាកដជា​ហួងហែង ខ្លាច​បាត់បង​នាង​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ​លាភ​ស​ម្ប​ន្នោ សុន ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com