កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់ សៀវ​ម៉ី​, ពុទ្ធា​រី​ម និង​គ្រូបង្វឹក
27, Apr 2016 , 7:39 pm        
រូបភាព
ដោយ:
​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជិត​១០០​លាន​រៀល​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោយពី​ឈ្នះ​កៅអី​ពេញ​សិទ្ធ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​ឈ្នះ​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី​ឆ្នាំ​២០១៦ (Asian Taekwondo Championships 2016) នៅ​ប្រទេស​ហ្វីលីពីន​។​



​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជិត ១០០​លាន​រៀល​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​សាង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្រោយពី​រូបគេ​បានឈ្នះ​មេដាយមាស​នៃ​ការប្រកួត​ជម្រុះ​អូឡាំពិក និង​មេដាយប្រាក់​ជើងឯក​ទ្វីបអាស៊ី​កីឡា​តេ​ក្វាន់​ដូ នៅ​ប្រទេស​ហ្វីលីពីន​។ វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដោយ​មិនបាច់​ប្រើ WILD CARD ក្រោយពី​ឈ្នះ​មេដាយមាស​។ 

​សម្រាប់​ការ​ឈ្នះ​មេដាយមាស​នៃ​ការប្រកួត​ជម្រុះ​អូឡាំពិក ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់រង្វាន់ ៨០​លាន​រៀល ខណៈ​មេដាយប្រាក់​ជើងឯក​ទ្វីបអាស៊ី​ទទួលបាន ១៣​លាន​រៀល ពោលគឺ ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សរុប ៩៣​លាន​រៀល​។



​ជាមួយគ្នានេះ លោកគ្រូ​បង្វឹក ឆ​យ យ៉ុង​សុក ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ស្មើ​កីឡាការិនី ស៊ន សៀវ​ម៉ី ផងដែរ​។ ចំណែក​កីឡាការិនី ឈឿង ពុទ្ធា​រី​ម ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី​(Asian Taekwondo Championships 2016) នៅ​ប្រទេស​ហ្វីលីពីន ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ១១​លាន​រៀល​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែមេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​វត្តមាន​របស់លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមទាំង​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​៕


Tag:
 តេ​ក្វាន់​ដូ​
 ​ ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com