ជាតិ
ដល់ម៉ោង១០យប់នេះ ACU មិនទាន់បញ្ចប់ការសាកសួរ​មន្ត្រីអាដហុក
27, Apr 2016 , 10:01 pm        
រូបភាព
ដោយ:
អង្គភាព​ប្រឆាំងអំពើពុករលួយ​បាន​បន្ត​សួរមន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក​រហូត​ដល់​ម៉ោង​១០​យប់ថ្ងៃទី​២៧​មេសានេះ។ នេះបើតាម​ការ​បញ្ជាក់របស់​អ្នកសារព័ត៌មាន​ថ្មីៗ ដែលកំពុង​មានវត្តមាន និង​តាម​ដាន​សំណុំរឿងនេះ នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។



នៅពេលនេះ មិនត្រឹមតែ​មានអ្នកកាសែត​ប្រហែល​១០នាក់នោះទេ សមត្ថកិច្ច​ខណ្ឌដូនពេញ​រាប់សិបនាក់​ក៏កំពុង​មាន​វត្តមាន​នៅមុខ​អង្គភាព ដែលស្ថិតនៅលើ​មហាវិថី​ព្រះនរោត្តម​ដែរ។ 

ក្នុងសំណុំរឿងចោទប្រកាន់អំពី​ស្នេហា រវាង​លោក កឹម​ សុខា និង​កញ្ញា ស្រី​ មុំ កញ្ញា​ស្រី មុំ បាននិយាយចោទប្រកាន់ដល់​មនុស្សជាច្រើន។ ក្រៅពី​អ្នកស្រី មេធាវី ទ្រី ឈួន ដែល​បាន​ចាកចេញពី​អង្គភាព​ប្រឆាំងអំពើពុករលួយ បន្ទាប់ពីត្រូវបាន​សាកសួរ​ហើយនោះ គឺនៅសល់​លោក នី សុខា លោក​ ណៃ វ៉ង់ដា និង​លោក យី សុខសាន​ ដែល​កំពុង​ត្រូវ​សាកសួរ​រហូតដល់ម៉ោង​១០​យប់នេះ។​

អម្បិញមិញនេះ សកម្មជន​ដីធ្លីតំបន់បឹងកក់​៣​នាក់ បាន​ស្រែក​ឡូឡា ដាក់សំណួរ​ថា​ហេតុអ្វី​បាន​ជា​អង្គភាព​ប្រឆាំងអំពើពុករលួយ​សួរដេញដោល​មន្ត្រី​អាដហុក​យូរ​ដល់ម្លឹង? ប៉ុន្តែពួកគេ​ត្រូវបាន​សន្តិសុខ​ខណ្ឌ​ចាប់​លើក​ទៅដាក់កៀនផ្លូវ។


© រក្សាសិទ្ធិដោយ thmeythmey.com